Miss Petite Global 2021 ត្រូវបានអគ្គនាយិកាក្រុមហ៊ុនមួយ ទម្លាយពីអតីតកាល

0

លោកស្រី អេន សុខនី អគ្គនាយិកាក្រុមហ៊ុន ESNC Beauty Co.Ltd បានរៀបរាប់ពីអតីតកាលរបស់ Miss Petite Global Cambodia 2021 ថាមុនពេលក្លាយជាតារាម៉ូដែល និង ក្លាយជាបវរកញ្ញា តំណាងអោយកម្ពុជា កញ្ញា ពេជ្រ ម៉ៃណាវីតា គ្រាន់តែជាអ្នកដើរចែកខិត្តប័ណ្ណជួយលក់ដីឡូតិ៍នៅខេត្តកំពង់ចាម និង ត្បូងឃ្មុំ ដែលជាគម្រោងដីឡូតិ៍របស់ស្វាមីលោកស្រីតែប៉ុណ្ណោះ ដោយនាងតស៊ូចាកចេញពីស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង មករស់នៅជាមួយបងស្រី ដើម្បីរកចំណូល។ លោកស្រីថា នេះគ្រាន់តែជាផ្នែកមួយនៃការតស៊ូ ដែល ពេជ្រ ម៉ៃណាវីតា បានតស៊ូក្រោយពេលធំដឹងក្ដី និង រៀនចប់ថ្នាក់ទី១២ប៉ុណ្ណោះ ប៉ុន្តែក្នុងពេលនៅក្មេងនាងគ្រាន់តែជាអ្នកទូលខ្វិតដើរលក់តាមភូមិ និង ជាអ្នកស៊ីឈ្នួលធ្វើការអោយគេតាមហាងសាឡនតូចធំក្នុងភូមិនៅកំពង់ឆ្នាំងប៉ុណ្ណោះ ទម្រាំបានលុយរៀនបញ្ចប់ថ្នាក់ទី១២។

លោកស្រីថា ស្ថានភាពគ្រួសាររបស់ ពេជ្រ ម៉ៃណាវីតា នៅខេត្តកំពង់ឆ្នាំងមិនមែនជាអ្នកមាននោះទេ ប៉ុន្តែក្នុងពេលដែលក្មេងស្រីក្នុងភូមិជាច្រើនបង្ខំចិត្តបោះបង់ការសិក្សាហើយផ្សងព្រេងធ្វើការរោងចក្រ នាងបែរជាពុះពាររកលុយរៀនទាល់តែចប់វិទ្យាល័យ ដែលធ្វើអោយលោកស្រីដឹងហើយ ឮ ហើយកោតសរសើរពីការតស៊ូ។ នៅខេត្តកំពង់ឆ្នាំង នាងមិនគ្រាន់តែប្រឹងទូលនេះទូលនោះលក់យកលុយមកទិញសៀវភៅរៀន និង ទិញសំលៀកបំពាក់ទៅសាលាតែម្យ៉ាងនោះទេ តែក៏ត្រូវរកលុយមួយផ្នែកជួយគ្រួសារព្រោះតែគ្រួសារមិនមែនជាអ្នកធូរធារខ្លាំង។ នាងត្រូវបង្ខំចិត្តរៀនបណ្ដើរទូលខ្វិតលក់បណ្ដើរ ហើយក្រោយមកក៏ស៊ីឈ្នួលធ្វើការនៅហាងសាឡនមួយចំនួន ដើម្បីបានរៀនផ្នែកសាឡនផង និង បានលុយយកមករៀន នៅពេលខ្លួនកាន់តែធំដែលមិនអាចទូលខ្វិត ឬ ទូលរបស់នេះរបស់នោះដើរលក់ដូចមុនផង។ លោកស្រីបានដឹងពីរឿងរ៉ាវនេះច្រើន ដោយសារតែមុនក្លាយជាថៅកែស្រីដែលមានជំនួញដីឡូតិ៍ បុរី និង ជាម្ចាស់គ្រឿងសម្អាងនៅខេត្តកំពង់ចាម និង ត្បូងឃ្មុំ គឺលោកស្រីក៏រស់នៅក្នុងស្រុកជាមួយគ្នា នៅខេត្តកំពង់ឆ្នាំង។

លោកស្រីកាន់តែដឹងពីរឿងរ៉ាវនេះច្បាស់ ក្រោយពេលបងស្រីរបស់នាង បានមកធ្វើជាភ្នាក់ងារលក់ដី និង បុរីអោយលោកស្រី និង ស្វាមី នៅខេត្តកំពង់ចាម ហើយកញ្ញា ពេជ្រ ម៉ៃណាវីតា បានមកជួយលក់បងស្រី ដើម្បីបានលុយរៀនតមហាវិទ្យាល័យ។ ក្នុងការងារថ្មី ខាងផ្នែកដើរចែកខិតប័ណ្ណ និង រកទីផ្សារលក់ដី លោកស្រីថា កញ្ញា ណាវីតា មិនមែនាំអ្នកជំនាញ ហើយក៏មិនពូកែនោះដែរ តែកញ្ញា ខំហើយព្យាយាមគួរអោយសរសើរ ដោយសារតែចង់បានលុយរៀន។ ដូច្នេះហើយទើបលោកស្រី ចងចាំនូវការប្រឹងប្រែងរបស់ក្មេងស្រីរូបនេះ ហើយជួយនាងនូវកង្វះខាតផ្សេងៗ ក្រោយពេលនាងសម្រេចចិត្តឡើងមកសិក្សានៅសាកលវិទ្យាល័យ ហើយចូលប្រឡូកក្នុងវិស័យដើរម៉ូត។

ក្រៅពីជួយផ្ដល់ជាថវិកា ដើម្បីអោយនាងមានសំលៀកបំពាក់ក្នុងការបន្តដំណើរក្នុងវិស័យសិល្បៈនាពេលកន្លងមក លោកស្រីក៏តែងផ្ដល់កម្លាំងចិត្តអោយនាងគ្រប់ពេលពិភាក្សាផងដែរ ដោយលោកស្រីបានចាត់ទុកថានាងគឺជាប្អូនស្រីម្នាក់ ព្រោះតែស្រលាញ់ចំពោះការតស៊ូរបស់នាង។ លោកស្រីថា ចង់ឃើញក្ដីស្រម៉ៃរបស់ក្មេងស្រីម្នាក់ដែលចាកចេញពីស្រុកកំណើតក្លាយជាបវរកញ្ញាល្បីណាស់ ទើបលោកស្រីមិនខ្លាចរអារក្នុងការជួយផ្ដល់កម្លាំង និង ជួយជាថវិកាតាមតែលោកស្រីអាចជួយបានដើម្បីជួយសម្រេចគោលដៅ។ ជាក់ស្ដែងក្រោយពេលដែលនាង បានក្លាយជា Miss Petite Global Cambodia លោកស្រីក៏បានបរិច្ចាគជាសម្ភារៈ និង ជំនួយជាថវិកាផងដែរ ដើម្បីអោយនាងបានធ្វើសកម្មភាពមនុស្សធម៌ ពង្រីកប្រជាប្រិយភាពរបស់នាងមុនពេលចេញប្រលង។ លោកស្រី អេន សុខនី បន្តថា ការតស៊ូរបស់ ពេជ្រ ម៉ៃណាវីតា គឺជាអ្វីដែលលោកស្រីធ្លាប់ហែលឆ្លង។

គួរបញ្ជាក់ផងដែរ លោកស្រី អេន សុខនី គឺជាអ្នកជំនួញស្រីក្នុងវិស័យអនឡាញដែលបាននាំចូលផលិតផលគ្រឿងសម្អាងម៉ាក ESN យ៉ាងជោគជ័យនៅលើទីផ្សារ។ ស្វាមីរបស់លោកស្រីក៏ជាម្ចាស់គម្រោង Chana Lend នៅត្បូងឃ្មុំ នៅកំពង់ចាម និងជាភាគធំនៃគម្រោង CL Hanchey Resort ដ៏ល្បីនៅខេត្តកំពង់ចាមផងដែរ។ ដោយឡែក ញ្ញា ពេជ្រ ម៉ៃណាវីតា គឺជាបេក្ខនារីកម្ពុជា Miss Petite Global Cambodia ដែលគ្រោងចេញប្រកួត Miss Petite Global International នាខែកុម្ភៈ ក្នុងឆ្នាំ២០២២ខាងមុខនៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីគណកម្មការអន្តរជាតិសម្រេចលើកពេលប្រកួតដោយសារកូវីត១៩។ កញ្ញាកំពុងត្រូវបានបង្វឹកផ្នែកដើរម៉ូត ភាសា និង បច្ចេកទេសមួយចំនួនដើម្បីចូលប្រកួតអោយស្មើមុខស្មើមាត់ជាមួយបេក្ខនារីជាច្រើនផ្សេងទៀត នៅលើពិភពលោក។

LEAVE A REPLY

Please enter your comment!
Please enter your name here