ប្លែកទៀតហើយ កម្មវិធីតែងប្រែត ត្រូវបានប្រកាសធ្វើឡើងជាថ្មី

0

យោងតាមប្រកាសរបស់គ្រួសារតារាកម្ពុជា និងក្រុមហ៊ុនជាដៃគូ គឺនៅថ្ងៃទី៣ តុលានេះ តារាសិល្បៈមួយក្រុម ដែលត្រូវគេស្គាល់ថាជាសមាជិករបស់គ្រួសារតារាកម្ពុជា និងតារាមកពីក្រុម The Plus ម្ចាស់បទនឹក នឹងរួមគ្នារំលេចព្រឹត្តិការណ៍តែងប្រែតមួយឡើង នៅក្នុងកម្មវិធី«ភ្ជុំមហាគ្រួសារសិល្បៈខ្មែរ»ដែលធ្លាប់បានធ្វើម្ដងហើយ កាលពីឆ្នាំមុននៅផ្សារជេតកុងតឺណឺកោះពេជ្រ។ យ៉ាងណាមិញ ការរៀបចំឆ្នាំនេះ គឺមានទម្រង់ធំដុំជាងមុន ដោយសារតែមានការបង្ហាញពីជំនឿ និងទំនៀមទម្លាប់ច្រើនទម្រង់របស់ខ្មែរ ពាក់ព័ន្ធនឹងរដូវភ្ជុំ ព្រមជាមួយនឹងការផ្សព្វផ្សាយទូលំទូលាយជាងមុនទៅកាន់ស្រទាប់មហាជន។

តំណាងក្រុមហ៊ុនស៊ីអិលអាយភីអេស មេឌា ជាអ្នករៀបចំកម្មវិធី បានអះអាងថា ការរៀបចំព្រឹត្តិការណ៍«ភ្ជុំមហាគ្រួសារសិល្បករខ្មែរ»នៅថ្ងៃទី៣ តុលានេះ នឹងផ្ដោតជាសំខាន់លើការផ្សាយផ្ទាល់លើផេកជាច្រើនព្រមគ្នា ដើម្បីផ្សព្វផ្សាយជំនឿ និងទំនៀមទម្លាប់ខែភ្ជុំ ទៅកាន់មហាជន។ ក្នុងនោះតារាសិល្បៈដែលចូលរួមជាភ្ញៀវកិត្តិយស ក៏តម្រូវអោយតារាសិល្បៈដែលចូលរួម ស្លៀកពាក់បែបប្រពៃណី ដូចគ្នាជាឈុតសម្រាប់ប្រើក្នុងរដូវបុណ្យភ្ជុំ រួមមានខោអាចារ្យ ក្រម៉ា និងឈុតហូលផាមូងបែបខ្មែរផងដែរ។ តារាសិល្បៈក្រៅពីលើកមុខមាត់របស់ខ្លួន ក៏មានន័យថាបានចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ផងដែរ ក្នុងពេលដែលកម្មវិធីនេះ ត្រូវបានប្រកាសថានឹងប្រើប្រព័ន្ធផ្សាយផ្ទាល់លើផេក ដូចគ្នានឹងកម្មវិធីរបស់ទូរទស្សន៍ដែរ ហើយមានការផ្សាយព្រមគ្នាលើផេកជាច្រើន ព្រោះតែបានសហការជាមួយក្រុមហ៊ុនឯកទេសខាងផ្នែកផ្សាយបន្តផ្ទាល់។ ទម្រង់លេងរបស់កម្មវិធីនេះខុសប្លែកជាងមុន ដោយរួមមានការសម្ភាសន៍ពីវត្តមានចូលរួមរបស់តារាសិល្បៈគ្រប់រូប និងភ្ញៀវកិត្តិយសគ្រប់រូបដែលបានស្លៀកពាក់បែបខ្មែរចូលទៅកាន់កម្មវិធី និងមានការសម្ដែងលើឆាកជាច្រើនដូចជា ការសម្ដែងល្ខោនខោល ការបកស្រាយបទចម្រៀងទាក់ទងនឹងបុណ្យភ្ជុំពីសំណាក់តារាៗអមដោយការសម្ដែង ការដើរម៉ូដឈុតទៅវត្តបង្ហាញពីគ្រប់សម័យកាល និងការតែងតួជាប្រែត ជាខ្មោចប្លែកៗស្របតាមរឿងនិទានខ្មែរជាដើម។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានអះអាងថាការរៀបចំព្រឹត្តិការណ៍«ភ្ជុំមហាគ្រួសារសិល្បករខ្មែរ»ឆ្នាំនេះ គ្រួសារតារាកម្ពុជាបានសហការរៀបចំយ៉ាងពេញទំហឹង ដោយសារតែមើលឃើញថាទម្រង់កម្មវិធីទាំងមូល មានការលើកកម្ពស់ទាំងស្រុងលើពិធីបុណ្យភ្ជុំ។ លោកថាតារាសិល្បៈរបស់គ្រួសារតារាកម្ពុជា ក្រៅពីចូលរូមលើកកម្ពស់សំលៀកបំពាក់ខែភ្ជុំក្នុងនាមជាភ្ញៀវកិត្តិយស ដើម្បីអោយមហាជនបានឃើញតាមការផ្សាយផ្ទាល់ ក៏បានត្រៀមខ្លួនគ្រប់គ្រាន់ក្នុងការសម្ដែងវីដេអូឃ្លីបដែលឆ្លុះបញ្ចាំងពីជំនឿរបស់ខ្មែរសម្រាប់ចាក់ផ្សាយក្នុងពេលបន្តផ្ទាល់ ត្រៀមខ្លួនច្រៀង បង្ហាញម៉ូដ អោយត្រូវនឹងឱកាសភ្ជុំផងដែរ។ លោកថាព្រឹត្តិការណ៍នេះ នឹងផ្ដោតជាសំខាន់លើផ្សាយផ្ទាល់លើផេកធំៗរបស់ដៃគូសហការ ខណៈដែលក្រុមហ៊ុនប៊េសសាលូសិន ដែលជាអ្នកជំនាញខាងផ្សាយផ្ទាល់ ក៏បានត្រៀមខ្លួនគ្រប់គ្រាន់៕