មិនដឹងថាបេក្ខភាពតំណាងអោយប្រទេសកម្ពុជា គឺលោក Greg Gregg Dalde ត្រូវបានជ្រើសចេញពីប្រភពណានោះឡើយ ប៉ុន្តែវត្តមានរបស់លោកតំណាងអោយជាតិខ្មែរទាំងមូល នៅក្នុងកម្មវិធី Mister Grand International 2018 ដែលទើបបញ្ចប់មុននេះនៅក្នុងប្រទេសថៃ បានធ្វើអោយមានការរិះគន់។ អ្វីដែលមហាជនខ្មែររិះគន់ និងប្រតិកម្មធំបំផុត គឺពេលលោកគ្រងឈុតជាតិតំណាងអោយកម្ពុជា ដែលមិនដឹងថានោះជាឈុតក្នុងរចនាបទអ្វីអោយពិតប្រាកដ ទោះកែច្នៃក៏មិនត្រូវ។
អ្នកលេងហ្វេសប៊ុកជាច្រើន បានប្រតិកម្មចំពោះការចូលប្រកួតរបស់បេក្ខភាពតំណាងអោយប្រទេសកម្ពុជាខាងលើ ដោយអះអាងថា លោក Greg Gregg Dalde ដែលត្រូវបានគណកម្មការជ្រើសអោយឈរឈ្មោះជាតំណាងកម្ពុជា មិនទាំងចេះខ្មែរមួយម៉ាត់ ថែមទាំងស្លៀកឈុត ប្រពៃណីខ្មែរ មិនដឹងជាស្អីៗ ដែលមិនខុសពីយកមុខខ្មែរទៅបំបាក់លើឆាកអន្តរជាតិ។ ម្នាក់ៗបានចោទសួរថា តើឈុតតំណាងខ្មែររបស់លោក Greg Gregg Dalde ស្រង់ចេញពីណា បើក្បិនមិនដឹងក្បិន មកុដក៏មិនមកុដ ដែលមិនដឹងថានោះជាជនជាតិអ្វីអោយពិតប្រាកដ។ ម្នាក់ៗបានធ្វើថ្កោលទោសខ្លាំងបំផុត ចំពោះក្រសួងពាក់ព័ន្ធ ដែលនៅតែបណ្ដោយអោយក្រុមហ៊ុនឯកជន បន្តរំលងចំណាត់ការ ហើយប្រើឈ្មោះកម្ពុជាដោយយកបេក្ខជនប៉ាតណាប៉ាតណី ដោយថែមទាំងច្នៃឈុតអោយស្លៀកមិនត្រូវរចនាបទខ្មែរ ដែលនាំអោយកម្ពុជាបាក់មុខលើឆាកអន្តរជាតិ ជាពិសេសក្នុងពេលដែលឈុតតំណាងជាតិរបស់គេសុទ្ធតែមានរចនាបទឆ្លុះបញ្ចាំងពីជាតិគេ ប៉ុន្តែអ្នករៀបចំឈុតអោយបេក្ខភាពខ្មែរ គឺធ្វើឈុតអោយដូចបាយឡុកបាយឡ ដែលអ្នករិះគន់ចោទថា គឺបណ្ដាលមកពីក្រសួងពាក់ព័ន្ធខ្វះប្រសិទ្ធិភាពចាត់ការចំពោះក្រុមហ៊ុនដែលយកឈ្មោះកម្ពុជាទៅជាន់ឈ្លី។
អ្នកលេងហ្វេសប៊ុកច្រើនឡើង បានបន្តចែកចាយ និងរិះគន់ចំពោះឈុតតំណាងជាតិនោះ ដោយភាគច្រើននិយាយថាក្រៅពីមិនស្អាតពេលឈរចំណុមចំណោមបេក្ខភាពក្នុងប្រទេសផ្សេងទៀត ក៏មិនដឹងថាឈុតនោះតំណាងអោយសាសន៍អ្វី។ ពាក់ព័ន្ធនឹងបញ្ហានេះ មិនមានចម្លើយតបនោះទេ ប៉ុន្តែមានការបញ្ជាក់ថាទាំងបេក្ខជន និងការរៀបចំសំលៀកបំពាក់អោយបេក្ខភាពរបស់កម្ពុជា គឺក្រុមហ៊ុនឯកជនមួយជាអ្នករៀបចំ ខណៈដែលអ្នករិះគន់ បានស្នើអោយក្រសួងមានចំណាត់ការលើក្រុមហ៊ុនមួយនេះ ដើម្បីកុំអោយបន្តកើតមានករណីរឿងចេះតែប្រើឈ្មោះកម្ពុជា ហើយធ្វើអោយកម្ពុជារងការអាម៉ាស់បែបនេះ លើឆាកអន្តរជាតិ៕