អ្នកនាងកែវកល្យាណបានធ្វើអោយទស្សនិកជន ចង់ឃើញពីស្នាដៃសម្តែង តែច្រើនឆ្នាំមកហើយ មិនដែលឃើញ អ្នកនាងសម្តែងតាម ការស្នើសុំឡើយ។ នៅទីបំផុត គេបានឃើញកូនស្រីរបស់អ្នកនាងវិលមកអុកឡុក ហើយបានធ្វើអោយគេគិតថាកូនស្រី ជួយរក្សាកេរ្តី៍ឈ្មោះដូចម្តាយបានទេ។
អតីតតារាសម្ដែងអ្នកនាងកែវ កល្យាណ បានជម្រុញផងលើកទឹកចិត្តផងឲ្យកូនស្រីសំណព្វចិត្តរបស់នាងកញ្ញាកែវ ឡាវីញ ឲ្យបន្ដស្នងតំណែងជាតារាភាពយន្ដពីនាងក្រោយពីអ្នកនាងកល្យាណ បានផ្អាកពីអាជីពមួយនេះជាង១០ឆ្នាំមក។
ស្ថិតក្នុងវ័យ២២ឆ្នាំកញ្ញាកែវ ឡាវីញ ដែលមានរូបសម្រស់មិនចាញ់ម្ដាយកាលនៅវ័យក្មេងនោះបានហក់ចូលថតភាពយន្ដជាបន្ដបន្ទាប់ដូចជានាងធ្លាប់សម្ដែងរឿង”បេសកម្មស្នេហ៍”និងរឿង”រសជាតិអ្នកមាន”ជាដើម ខណៈដែលកូននាងក៍ធ្លាប់សាកល្បងជាអាជីពពិធីការិនី និងចង់ចាប់អាជីពMCនេះផងដែរ។ អ្នកនាងកែវ កល្យាណ ធ្លាប់ប្រាប់អ្នកយកព័តមានយើងនៅទូរទស្សន៍ថោន ថាកូនស្រីឡាវីញ រៀននៅមហាវិទ្យាល័យមួយផ្នែកខាងDesign ហើយកូនក្រមុំអាចនិយាយភាសារបរទេសបានដូចជាចិន,អង់គ្លេស និងថៃ បានទៀតផង។យ៉ាងណាកូនប្រុសកំលោះម្នាក់ទៀតនោះអ្នកនាងកល្យាណ មិនបានជម្រុញឲ្យចាប់អាជីពសិល្បៈដូចកូនស្រីច្បងឡើយ។
អ្នកនាងកែវ កល្យាណ ធ្លាប់ប្រាប់ថានាងត្រូវបានផលិតករមួយចំនួនហៅឲ្យថតសម្ដែងភាពយន្ដភាគថ្មីៗដែរក្នុងតួអង្គជាម្ដាយ។តែដោយសារតែខ្លាចគ្មានពេលគ្រប់គ្រាន់ទើបនាងមិនទទួល។ទោះជាយ៉ាងណានាងថាពិតជាបានគាំទ្រនិងលើកទឹកចិត្តកូនស្រីឲ្យបន្ដអាជីពសិល្បៈពីនាងមែន៕






