តារាសម្តែងរូបស្រស់នាង ឆុំ វត្តី បានបង្ហាញគោលជំហរត្រៀមនឹងវិលមកការសម្តែងរបស់នាងជាថ្មីឡើង ក្រោយពេលដែលនាងបានសម្រាលកូនស្រីម្នាក់ជាចំណងដៃសម្រាប់ជីវិតគ្រួសារ។ តារារូបនេះបានអះអាងថា មិនយូរទេ ពោលនៅពេលដែលនាងរាងរឹងដៃរឹងជើង និងមានសុខភាពល្អនោះ នាងនឹងទទួលថតឡើងវិញ ដោយនាងមិនមានបំណងបោះបង់ចូលអាជីពសិល្បះនាពេលនេះឡើយ បើទោះបីជានាងមានគ្រួសារ និងកូនហើយក្តី។
ឆុំ វត្តី បន្ថែមថា នៅក្នុងអំឡុងពេលនេះមានបណ្តាលផលិតមួយចំនួនបានទាក់ទងនាងអោយថតរួចហើយ ហើយនាងក៏ស្វាគមន៍និងបានត្រៀមខ្លួនសម្រាប់ការសម្តែងនាពេលដ៏ខ្លីខាងមុខនេះ។
នាងបញ្ជាក់ថា ការសម្តែងជាថ្មីនេះគឺស្វាមីរបស់នាងមិនមានការហាមឃាត់នោះឡើយ ព្រោះស្វាមីបានបើកសិទ្ធអោយនាងដែលនៅស្រឡាញ់ និងចូលចិត្តអាជីពសិល្បះនេះ។
យ៉ាងណា បើតាមនាង ឆុំ វត្តី ក្នុងពេលដែលនាងវិលចូលសម្តែងជាថ្មីឡើងវិញនាង ក៏នឹងពិចារណានៅក្នុងការទទួលថតនូវឈុតឆាកដែលមានការអោបថើបខ្លាំងនោះដែរ។
នាងថា បើទោះជាការថតនោះបានធ្វើអោយស្វាមីនាងមិនសូវពេញចិត្តឬក៏ប្រចណ្ឌ តែសម្រាប់នាងក៏មិនហ៊ានសម្តែងដូចគ្នា ពោលការសម្តែងឈុតបែបនេះគឺនាងបានត្រឹមទទួលយក៥០ភាគរយប៉ុណ្ណោះ។
មានការរំពឹងថា ការវិលមករកការសម្តែងជាថ្មីរបស់នាង ឆុំ វត្តី នាពេលនេះវាមិនពិបាកសម្រាប់ទីផ្សារសម្តែងរបស់នាងឡើយ ត្បិតនាងគឺជាកូនប្រសាថៅកែផលិតកម្មម្នាក់ផងដែរ។
ជាងនេះទៅទៀតនាង ក៏ជាតួសម្តែងមួយរូបដែលមានការនិយម និងគាំទ្រច្រើនពីសំណាក់ទស្សនិកជនផងនោះ។
គួបញ្ជាក់ថា តារាសម្ដែង ឆុំ វត្ដី បានសម្រាលកូនស្រីដំបូងរបស់ខ្លួនកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅមន្ទីរពហុព្យាបាល និងសម្ភព អរៀនដា។ ឆុំ វត្ដី បានដាក់ឈ្មោះឲ្យកូនស្រីរបស់នាងថា”រិទ្ធហួរ ជូលីតា” ហើយនាងបញ្ជាក់ថាបើទោះបីជានាងនៅបន្ដ ឬមិនបន្ដក្នុងអាជីពសិល្បៈ នាងក៏នឹងតែយកកូនបន្ថែមទៀតដែរ ប៉ុន្តែមិនទាន់កំណត់ថាយកឆ្នាំណាទៀត៕