ក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ គេកត់សម្គាល់ថា តារាចម្រៀងជើងចាស់ ដែលត្រូវគេស្គាល់ថាជាពិធីករវិទ្យុជាតិផង បានចំណាយថវិកាផ្ទាល់ខ្លួន និងកម្លាំងផលិតកម្មវិធីកម្សាន្តមួយ អោយទទួលបានការគាំទ្រនៅលើបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងខ្លាំង ដោយសារតែកម្មវិធីរបស់លោកត្រូវគេឃើញបង្ហាញខ្លួនសុទ្ធសឹងតែតារាល្បីៗស្ទើររៀងរាល់សប្ដាហ៍ ហើយក៏មានខ្លឹមសារផ្ដល់ចំណេះដឹងដល់អ្នកទស្សនា ក្រៅពីបានកម្សាន្តអារម្មណ៍។ លោកថាកម្មវិធីទាំងមូលចំណាយអស់ច្រើន ប៉ុន្តែលោកនឹងធ្វើអោយកាន់តែល្អ បើទោះជាត្រូវចំណាយដល់គ្មានកំណត់។
លោក កុយ ស៊ីឌឿន ម្ចាស់ផលិតកម្មឌីភី និយាយថា កម្មវិធីកម្សាន្តមួយដែលបានផ្សាយផ្ទាល់លើផេកក្លឹបសិល្បៈឌីភី រៀងរាល់ថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ ម៉ោង៧ដល់ម៉ោង៩យប់ ក្នុងប៉ុន្មានសប្ដាហ៍នេះ លោកបានរៀបចំ និងចំណាយថវិកាមិនតិចនោះទេ ដោយសារតែលោកចង់ធ្វើអោយកម្មវិធីមួយនេះ ក្លាយជាកម្មវិធីល្អមួយ ដូចគ្នានឹងការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ និងដើម្បផ្ដល់ឱកាសអោយតារាល្បីៗចាស់ថ្មីគ្រប់ផ្នែកបានបង្ហាញសមត្ថភាព។
លោកថាកម្មវិធីទាំងមូល លោកតែងអញ្ជើញតារាល្បីយុវវ័យមួយរូប និងតារាជើងចាស់មួយរូប ដោយមិនប្រកាន់ថាតារាសម្ដែង តារាចម្រៀង ឬតារាកំប្លែង អោយឡើងប៉ះគ្នា ដើម្បីផ្ដល់កិច្ចសម្ភាសន៍ខ្លីៗ និងអោយបកស្រាយបទចម្រៀងរួមគ្នា។ លោកថាបំណងកម្មវិធី គ្រាន់តែចង់គាស់កកាយតារាមួយចំនួន ដែលមហាជនចង់ភ្លេចមុខអោយបានបង្ហាញស្នាដៃថ្មី ឬរំលេចស្នាដៃជាថ្មីប៉ុណ្ណោះ ខណៈដែលលោកក៏ចង់ផលិតកម្មវិធីល្អមួយ ដើម្បីអោយអ្នកចូលចិត្តលេងហ្វេសប៊ុកបានកម្សាន្តជាពិសេស។ យ៉ាងណាមិញ លោកថាកម្មវិធីទាំងមូល លោកមិនផ្ដោតតែលើការច្រៀងរាំ និងការបង្ហាញសមត្ថភាពរបស់សិល្បករនោះទេ ប៉ុន្តែគឺផ្ដោតជាសំខាន់លើសំនួរឈ្នះរង្វាន់ ដែលសំនួរទាំងនោះសុទ្ធតែពាក់ព័ន្ធពីវប្បធម៌ និងច្បាប់ចរាចរណ៍ និងពីចំណេះដឹងប្រចាំថ្ងៃ ដែលមនុស្សមើលរំលង។
លោក កុយ ស៊ីឌឿន បញ្ជាក់ថាសប្បាយចិត្តដែលកម្មវិធីកម្សាន្តរដែលលោកបង្កើតឡើងទទួលបានគាំទ្រ ដោយលោកប្រកាសថានឹងធ្វើអោយកាន់តែល្អក្នុងពេលខាងមុខ តែនឹងកាត់បន្ថយចោលមួយថ្ងៃចោលវិញ ដើម្បីកុំអោយប៉ះពាល់ការងារ។ ចាប់តាំងពីលោកចំណាយទុនដំណើរការ លោកបានសម្រេចអោយកម្មវិធីនេះ រំលេចខ្លួនរៀងរាល់ថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ ប៉ុន្តែនៅអំឡុងខែប្រាំងដែលតារាសិល្បៈភាគច្រើនសុទ្ធតែមមាញឹក លោកនឹងបន្តផ្ទាល់ តែថ្ងៃព្រហស្បតិ៍ប៉ុណ្ណោះ តែនឹងធ្វើអោយកាន់តែល្អ៕