​គួរឲ្យសរសើរ តារាសម្ដែង ឡុង សុខហៀង ផលិតស៊ីឌីស្មូត ដើរចែកចាយ

0

ក្នុងរយៈពេលចុងក្រោយ គេកត់សម្គាល់ថាតារាសម្ដែង លោក ឡុង សុខហៀង ដែលត្រូវគេស្គាល់ថាជាម្ចាស់ក្លិបសិល្បៈឡុងសុខហៀង ផង បានបង្ហាញសកម្មភាពបែបសប្បុរសធម៌ជាច្រើន ដោយក្រៅពីរ៉ៃអង្គាសថវិកាជួយដល់ទុរគតជន និងចាស់ជរាខ្វះខាត លោក និងតារាសម្ដែងថ្មីៗប្រចាំក្លិបក៏បានគៀរគរជំនួយចុះចែកជាអំណោយផ្សេងផងដែរ។ អ្វីដែលគួរកោតសរសើរទៅទៀត គឺលោកទើបតែបានចំណាយកម្លាំង និងថវិកាផលិតស៊ីឌីស្មូត្រ ហើយចែកចាយនៅតាមទីអារ៉ាម ក្នុងឱកាសកាន់បិណ្ឌនេះផង។

លោក ឡុង សុខហៀង និយាយថា ដោយសារតែលោកធ្លាប់បានបួសរៀន ហើយមានជំនាញស្មូតតាំងនៅពីនៅជាព្រះសង្ឃ ទើបលោកចេះនិពន្ធ និងអាចស្មូត្របាន ដោយទឹកដមសំឡេងរបស់លោករមែងទទួលបានការសរសើរពីអ្នកបានស្ដាប់។ អ៊ីចឹងហើយលោក មានគំនិតនិពន្ធ និងស្មូត្របទស្មូត្រចំនួន១១បទ ដាក់បញ្ចូលក្នុងស៊ីឌី ដើម្បីចែកជូនចាស់ៗក្នុងឱកាសបុណ្យភ្ជុំ។
លោកថាក្នុងស៊ីឌីដែលលោកផលិតឡើងមានចំនួន១២បទ ដោយសារមួយបទ បទ«ទំនួញប្រែត»ជាបទម្ចាស់ដើមដែលមានស្រាប់ ខណៈដែលស៊ីឌីដែលលោកបានផលិតចំនួនជាង១១០០បន្ទះ គឺបានចែកចាយអស់ហើយ ទៅកាន់បណ្ដាខេត្តក្រុងចំនួន១១រួមមាន ភ្នំពេញ កណ្ដាល សៀមរាប ប៉ៃលិន កណ្ដាល បន្ទាយមានជ័យ កំពត ពោធិសាត់ កំពង់ធំ កំពង់ចាម និង មណ្ឌលគីរី បានទទួល។ ក្នុងនោះស៊ីឌីខ្លះ
លោកបានចុះចែកតាមវត្តផ្ទាល់ដៃ ហើយស៊ីឌីភាគច្រើនគឺលោកបានផ្ញើតាមរថយន្ត ទៅកាន់សាច់ញាតិ មិត្តភ័ក្រ និងអ្នករាប់អានអោយយកទៅចែកបន្តនៅតាមខេត្តក្រុងដែលបានរៀបរាប់ខាងលើ។

លោក ឡុង សុខហៀង និយាយថា ស៊ីឌីដែលលោកផលិតឡើង ប្រសិនបើលោកមានថវិកាច្រើន គឺលោកនឹងផលិតអោយច្រើនជាងនេះ ដើម្បីចែកចាយអោយកាន់តែទូលំទូលាយ ដើម្បីជាកាដូដល់ពុទ្ធបរិស័ទដែលមានជំនឿលើព្រះពុទ្ធសាសនា។ លោកថាបទស្មូត្រដែលខ្លួនបាននិពន្ធ និងស្មូត្រទាំង១១ លើកឡើងពីបាបបុណ្យ គុណទោស និងភាពកត្តញូរបស់កូនៗចំពោះឪពុក និងសាសនា ដែលគួរតែត្រូវធ្វើឡើងនៅក្នុងអំឡុងបុណ្យទាន។ ក្នុងនោះ លោកក៏ទើបដឹកនាំកូនសិស្សក្នុងក្លិបឡុងសុខហៀងមួយចំនួន ទៅធ្វើបុណ្យជុំគ្នានៅវត្ត កាលពី២៤ កញ្ញា ចំថ្ងៃពេញបរមី មុនកាន់បិណ្ឌ១ផងដែរ ដើម្បីបង្រៀនអោយតារាក្មេងៗទាំងនោះ ចេះធ្វើបុណ្យធ្វើទាន ក្នុងឱកាសខែភ្ជុំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here