ផ្ទុយពីតារាល្បីៗភាគច្រើន ដែលអាចសណ្ដោងបានតែម្នាក់ ឬ២នាក់ ក្នុងដំណើរចេញទៅសម្ដែងនៅក្នុងប្រទេសកូរ៉េ កាលពីយប់ថ្ងៃទី២២ កញ្ញា សម្រាប់តារាចម្រៀងលោក ព្រាប សុវត្ថិ គឺសណ្ដោងគ្នីគ្នាយ៉ាងលើសលប់តែម្ដង ដែលអាចចាត់ទុកថាជាប្រវត្តិសាស្រ្តលើកដំបូង ដែលមានអ្នកហ៊ានធានាយកចំនួនមនុស្សតាមការស្នើរបស់តារាចម្រៀងរូបនេះ អោយចេញទៅសម្ដែងនៅប្រទេសឆ្ងាយ ហើយចំណាយខ្ពស់មិនធ្លាប់មាន។
អ្នកដឹងពីចំនួនដែលព្រាប សុវត្ថិ យកទៅកូរ៉េជាមួយ នឹងមានការភ្ញាក់ផ្អើល ប៉ុន្តែក៏ដើម្បីធ្វើអោយការសម្ដែងរបស់លោក និងកូនប្រុសទាំង៣ ទាក់ទាញខ្លាំងក្លានៅលើប្រទេសកូរ៉េផងដែរ។
ដំណើរចាកចេញរបស់ លោក ព្រាប សុវត្ថិ នៅក្នុងថ្ងៃនោះ រួមមាន កូនប្រុសទាំង៣របស់លោក ភរិយារបស់លោក ក្រុមរាំរបស់លោក អ្នកផាត់មុខរបស់លោក និងអ្នករៀបចំសំលៀកបំពាក់របស់លោកសរុបរហូតដល់ជាង១០នាក់។ ការចេញសម្ដែងរបស់លោកលើកនេះ ត្រូវបានគេមើលឃើញថាការចេញសម្ដែងជាទ្រង់ទ្រាយធំតែម្ដង ដោយសារតែពេលកន្លងមក បើទោះជាលោកចង់ស្នើក្រុមរាំអោយទៅជាមួយក៏បានត្រឹមតែ២បីនាក់ប៉ុណ្ណោះ គឺមិនអាចគ្រាន់តែក្រុមរាំរហូតដល់៧នាក់ ហើយមិនទាន់រាប់បញ្ចូលអ្នកផាត់មុខ អ្នករៀបចំសំលៀកបំពាក់ និងប្រពន្ធកូនបែបនេះឡើយ។ លោកព្រាប សុវត្ថិ បង្ហាញក្ដីរំពឹងថានឹងជោគជ័យយ៉ាងខ្លាំង ដោយសារតែលោកចេញសម្ដែងនៅក្នុងប្រទេសកូរ៉េលើកដំបូងក៏ពិតមែន ប៉ុន្តែជាការចេញសម្ដែងមួយឈុតធំ ដោយក្រុមរាំក៏ទៅពេញខ្នាត ហើយថែមទាំងអាចសម្ដែងជាមួយនឹងកូនប្រុសទាំង៣ នៅលើទឹកដីប្រទេសកូរ៉េ ដែលការជាសម្ដែងជុំគ្នានៅក្រៅប្រទេសដ៏កម្រនោះទៅទៀត។
លោក ព្រាប សុវត្ថិ និយាយថា លោកនឹងមានការសម្ដែងច្រើនបទ ជាមួយកូនប្រុសទាំង៣ តែលោកមិនទាន់ប្រាកដថានឹងច្រៀងរួមគ្នាប៉ុន្មានបទ ហើយច្រៀងម្នាក់ឯងប៉ុន្មានបទនោះទេ ដោយសារតែភាពជាក់ស្ដែង គឺអាស្រ័យលើស្ថានការណ៍។ យ៉ាងណាមិញ លោកថាខ្លួន និងកូនប្រុស ពិតជាមានការរៀបរយច្បាស់លាស់ ដោយសូម្បីតែក្រុមរាំក៏រៀបជើងព្រួលអស់ដែរ ដើម្បីក្រសោបយកភាពជោគជ័យអោយបានខ្លាំង។ ក្នុងនោះដែរ កូនប្រុសសង្ហាររបស់លោកទាំង៣ ក៏បានត្រៀមខ្លួនបញ្ចេញស្ទីលជាមួយឪពុក អោយកក្រើកលើឆាកតន្ត្រីនៅក្នុងប្រទេសកូរ៉េនោះដែរ។
គួរបញ្ជាក់ថា ដំណើរចេញសម្ដែងរបស់លោក ព្រាប សុវត្ថិ គឺជាធានាចេញរបស់លោក ឡេង ណាវ៉ាត្រា ដើម្បីអោយលោកចេញសម្ដែងរួមជាមួយនឹងតារាល្បីផ្សេងទៀតរួមមាន នាយពែកមី លោកប៉ែន ចំរ៉ុង កញ្ញារ៉ាប៊ី ជាដើម នៅទីក្រុងស៊េអូល និងទីក្រុងខ្វាងជូ នៅថ្ងៃទី២៤ និង២៥ កញ្ញា អមដោយបទឧទ្ទេសនាមពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យនៅកម្ពុជា៕