ក្នុងពិធីសម្ពោធរឿង«ណូលីណូឡា» គេបានត្រឹមតែប៉ាន់ស្មានថាផលិតករល្បីឈ្មោះ លោក អ៊ិន សុភិន ញញឹមបិទមាត់មិនជិត និងសប្បាយចិត្តព្រោះតែភាពយន្តដែលលោកសម្ងំផលិតត្រូវបានប្រកាសថ្ងៃដាក់បញ្ចាំងប៉ុណ្ណោះ ដោយគេមិនបានគិតថាតើនៅពីក្រោយស្នាមញញឹម និងការរាក់ទាក់ភ្ញៀវនៅក្នុងពិធីនោះ តើលោកមានទុក្ខអ្វីនោះឡើយ។ លោកត្រូវគេឃើញភ្លាមចេញពីរោងកុនស្ទើរតែកុនបញ្ចាំងមិនទាន់បញ្ចប់អោយស្រួលបួលផង ដើម្បីប្រញាប់ឡើងយន្តហោះចាកចេញទៅអាមេរិក ដោយលោកបង្ហើបថាដោយសារតែមានទុក្ខមិនអាចមិនទៅកើត។
លោក អ៊ិន សុភិន បានថ្លែងប្រាប់ថាបើកុំតែលោកបានដាក់ថ្ងៃសម្ពោធរឿង«ណូលីណូឡា»រួចបាត់ទៅហើយ កុំអីលោកប្រហែលជាត្រូវចាកចេញទៅកាន់សហរដ្ឋអាមេរិកតាំងពីថ្ងៃសុក្រមកម្លេះ ដោយសារតែម្ដាយមីងបង្កើតរបស់លោកដែលរស់នៅអាមេរិកប្រមាណជា២០ឆ្នាំមកហើយ បានទទួលមរណភាព ស្របពេលដែលអ្នករាប់អានលោកម្នាក់ដែលរស់នៅអាមេរិកម្នាក់ក៏បានទទួលមរណភាពដែរ ដែលលោកចាំបាច់ត្រូវតែទៅចូលរួមពិធីបុណ្យ។
លោកថាខ្លួនសម្រេចចិត្តឡើងទៅអាមេរិកក្រោយសម្ពោធរឿងចប់ភ្លាមៗ ដើម្បីអោយបានទៅដល់ថ្ងៃបូជាសពម្ដាយមីង ដែលបន្តតម្កល់ព្រោះតែរង់ចាំកូនចៅទៅចូលរួមអោយទាន់។ យ៉ាងណាមិញ លោកថាខ្លួនទៅបុណ្យម្ដាយមីងនៅអាមេរិកតែម្នាក់ឯងប៉ុណ្ណោះ ដោយសារតែសាច់ញាតិផ្សេងទៀត សុទ្ធតែពិបាកទៅជាមួយ។ បើនិយាយពីស្ថានភាពការងារលោកសឹងតែមួយថ្ងៃលើទឹកដីអាមេរិកក៏មិនអាចទៅបានដែរ ប៉ុន្តែដោយសារតែលោកមិនអាចខកខាន និងត្រូវតែទៅអោយទាន់ចំថ្ងៃបូជាម្ដាយមីង បើទោះជាត្រូវទម្លាក់ចោលការងារស្រុកខ្មែរនៅក្នុងរយៈពេលនេះ។
លោកសម្រេចិត្តមកវិញនៅថ្ងៃច័ន្ទ ទី២៤ កញ្ញា គឺក្រោយពីបញ្ចប់ពិធីបូជាសព និងបុណ្យ៧ថ្ងៃនៅលើទឹកដីអាមេរិក ដើម្បីត្រលប់មកបំពេញការងារ ដែលមិនអាចចោលយូរ ជាពិសេសគឺការងារផលិតកុនរបស់ផលិតកម្មមហាហង្ស។
លោក អ៊ិន សុភិន បញ្ជាក់ថា ម្ដាយមីងរបស់លោកដែលបានទទួលមរណភាព គឺជាម្ដាយកម្សត់កម្រ ហើយបើកុំតែមរណភាពនោះត្រូវចំភាពយន្តរឿង«ណូឡីណូឡា» ដាក់សម្ពោធដើម្បីលក់សំបុត្រនៅថ្ងៃទី២០ កញ្ញា គឺលោក និងក្រុមគ្រួសារ នឹងអាចមកច្រើននាក់ ដើម្បីចូលរួមរំលែកទុក្ខ។ លោកត្រូវគេឃើញចាកចេញពីរោងកុន ហើយប្រញាប់ប្រញាលមកកាន់ព្រលានយន្តហោះទាំងយប់នាថ្ងៃនោះ ដោយបានជិះជើងទៅកូរ៉េ ហើយបង្ហួសទៅកាន់សហរដ្ឋអាមេរិក៕