ទាក់ភ្នែក! រូបថត ស្និទ្ធស្នាល ភរិយាឧកញ៉ា ហុង ពីវ និងតារាសម្ដែង អៀម សុខា

0

គ្មានអ្នកណាមិនដឹងនោះទេ ថាភរិយាលោកឧកញ៉ា ហុង ពីវ ដែលជាអ្នកម្ចាស់បុរីពិភពថ្មី គឺជាអតីតតារាបង្ហាញម៉ូដ ប៉ុន្តែមានមនុស្សតិចណាស់ដែលមានទំនាក់ទំនងជិតស្និទ្ធិនឹងអតីតតារាស្រីរូបនេះ ដោយសារតែនាងហក់ចូលសិល្បៈ មិនទាន់ទាំងមានកេរ្តិ៍ឈ្មោះបោះសំឡេងផង ក៏បាត់មុខឈឹងហើយត្រូវគេឃើញលេចមុខធ្វើជំទាវពេញសិទ្ធិរបស់លោក ឧកញ៉ា ហុង ពីវ។ យ៉ាងណាក៏ដោយ ក្នុងចំណោមតារាសិល្បៈដែលមានទីផ្សារនាពេលចុងក្រោយ តារាភេទទី៣ លោក អៀម សុខា ត្រូវគេឃើញថាមានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹងជំទាវរូបនេះ ដោយគេឃើញបែកធ្លាយរូប២សន្លឹក ដែលបង្ហាញពីភាពជិតស្និទ្ធិនោះផង។

ក្រោយការបែកធ្លាយរូបថត២សន្លឹក ដែលមានរូបថតលោក អៀម សុខា នៅថតកៀកកិតនោះ លោក អៀម សុខា និយាយថា នោះគឺជាអនុស្សាវរីយ៍ដែលលោក និងលោកជំទាវ លី យ៉ាណា ធ្លាប់បានជិតស្និទ្ធិជាមួយគ្នា ក្នុងពេលដែលអ្នកនាងចូលប្រលងក្នុងកម្មវិធី Cambodia Super Model ជំនាន់ទី២ ដោយអ្នកនាងបានទទួលចំណាត់ថ្នាក់លេខ២នៅក្រោយបញ្ចប់ការប្រកួត។ លោកថាហេតុផលដែលលោក និងអ្នកនាងជិតស្និទ្ធិគ្នានៅក្នុងពេលនោះ គឺដោយសារតែលោកគឺជាអ្នកផាត់មុខអោយអតីតារាស្រីរូបនេះ ដោយលោកគឺជាអ្នកកាន់មុខអ្នកនាងផ្ទាល់ដៃតែម្ដង ទាំងការធ្វើសក់ និងផាត់មុខ។
លោកអះអាងថាមកទល់ពេលនេះ បើទោះជាអ្នកនាង លី យ៉ាណា បានក្លាយជាជំទាវ ប៉ុន្តែរាល់ពេលឃើញគ្នា អ្នកនាងនៅតែហៅរកលោក និងបាននិយាយលេងដោយមិនឆ្មើងនោះទេ ទើបលោកយល់ថាអ្នកនាងមិនបានប្រែប្រួលនោះឡើយ ដ្បិតថាក្នុងពេលនេះ អ្នកនាងបានក្លាយជាមនុស្សឋានៈខ្ពស់ ដែលមានទាំងទ្រព្យ និងយសសក្ដិ គួរអោយសរសើរ។

គួរបញ្ជាក់ផងដែរថា អ្នកនាង លី យ៉ាណា មិនត្រូវបានគេស្គាល់ប៉ុន្មានឡើយក្នុងពេលដែលអ្នកនាងនៅជាតារាសិល្បៈ អ៊ីចឹងហើយទើបអ្នកនាងមិនសូវត្រូវបានអ្នកសិល្បៈដូចគ្នាបង្ហាញភាពជិតស្និទ្ធិប៉ុន្មានទេ ដែលអាចថាមកពីអ្នកនាងនៅក្នុងពេលនោះ នៅមិនទាន់មានឈ្មោះបោះសំឡេងខ្លាំងក្លា បើទោះជាបានប្រលងជាប់ចំណាត់ថ្នាក់លេខ២។ អ្នកនាងទើបតែត្រូវបានគេគាស់កកាយអាជីពសិល្បៈ ក្រោយពេលបានក្លាយជាជំទាវរបស់លោកឧកញ៉ា ហុង ពីវ ប៉ុណ្ណោះ ជាពិសេសនៅពេលដែលបណ្ដាញសារព័ត៌មានបានប្រៀបធៀបរវាងអ្នកនាង និងជំទាវ ស្រីតូច ចំណាន ថាជាអតីតតារាសិល្បៈ ដែលបានក្លាយជាភរិយាឧកញ៉ាល្បីដូចគ្នា។ រូបភាព២សន្លឹករបស់អ្នកនាង និងលោកអៀម សុខា ធ្វើអោយគេចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែអ្នកនាង លី យ៉ាណា មិនសូវប្រឡូកច្រើនក្នុងសិល្បៈពីមុនឡើយ តែមានតារាសិល្បៈមួយរូប គឺលោក អៀម សុខា ធ្លាប់មានទំនាក់ទំនងជិតស្និទ្ធិមុនពេលអ្នកនាងក្លាយជាជំទាវទ្រព្យស្ដុក៕