មិនសរសើរមិនបានទឹកចិត្តឈឺឆ្អាលរបស់អ្នកនាង លុយ សារីណា ដែលមិនភ្លេចសុខទុក្ខពលរដ្ឋរួមជាតិនៅស្រុកខ្មែរ ក្នុងកំឡុងកូវីដវាយលុកខ្លាំង

0

បន្ទាប់ពីមានការផ្ទុះឡើងនូវជម្ងឺរកូវីដ១៩ ខ្លាំងក្លា រហូតបណ្ដាលឲ្យរាជធានីភ្នំពេញបិទខ្ទប់បានធ្វើឲ្យពលរដ្ឋកាន់តែច្រើនប្រឈមនឹងការប៉ះពាល់ផ្នែកជីវភាព។ ជាមួយនឹងការមើលឃើញទុក្ខលំបាកនេះអ្នកនាង លុយ សារីណា ដែលជាភរិយាអតីតតារាសម្ដែងលោក ស៊ុក សុភា ដែលជាអនិកជនខ្មែររស់នៅប្រទេសអូស្ត្រាលី បានបរិច្ចាគជំនួយមួយចំនួនដែលក្នុងនោះរួមមានអង្ករ15kg ចំនួន50កញ្ចប់, មីចំនួន60កេស និង ត្រីខចំនួន50យួរ ប្រគល់ជូនដល់ ស្ថាបនិកគ្រួសារតារាកម្ពុជា ដើម្បីឱ្យលោកយកមកប្រគល់ជូនដល់គ្រួសារដែលខ្សត់ខ្សោយ។

ជាការឆ្លើយតបលោក ផាត់ តារារ័ត្ន ស្ថាបនិកគ្រួសារតារាកម្ពុជា និងក្រុមការងារក៏បានពាំនាំយកនូវជំនួយទាំងនេះទៅប្រគល់ជូនក្រុមគ្រួសារសន្តិសុខ នៅទីតាំងបុរីពិភពថ្មីឈូកវ៉ា3 ក្រុមបុគ្គលិកអនាម័យ និង ប្រជាពលរដ្ឋទីទ័លក្ររស់នៅក្នុងភូមិ ព្រៃសាលា សង្កាត់កាកាប2 ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី20 មេសា ឆ្នាំ 2021 មុននេះ។ លោក ផាត់ តារារ័ត្ន បានថ្លែងបញ្ជាក់ថា ជំនួយដែលបានយកមកប្រគល់ជូននេះ គឺជាទឹកចិត្តសប្បុរសធម៌របស់អ្នកនាង លុយ សារីណា ដែលតែងតែឈឺឆ្អាលនូវសុខទុក្ខរបស់បងប្អូនអ្នកខ្វះខាតនាពេលកន្លងមក។ លោកថាអ្នកនាងធ្លាប់បានបរិច្ចាគជំនួយជាច្រើនលើកមកហើយតាមរយៈគ្រួសារតារាកម្ពុជា ដោយការបរិច្ចាគលើកនេះគឺចំពេលពលរដ្ឋខ្មែរមានការប្រឈមផ្នែកម្ហូបអារហារ។

ជាក់ស្ដែងដូចជាគ្រួសាររបស់ពលរដ្ឋដែលទទួលបាននូវជំនួយទាំងនេះសុទ្ធសឹងតែទីទ័លខ្លាំង គ្មានការងារ គ្មានប្រាក់ចំណូល ហើយភាគច្រើនរស់នៅលើទឹក នៅក្នុងសហគមន៍ក្រីក្រខ្លាំង។ ម្យ៉ាងមកពីកាលៈទេសៈនេះមិនអាចឆ្លងខណ្ឌ ឆ្លងតំបន់ ទៅជួយដល់អ្នកខ្វះខាតដ៏ទៃផង ទើបលោកសម្រេចជ្រើសយកសហគមន៍មួយនេះជាទីតាំងបរិច្ចាគ ព្រោះស្ថិតនៅក្នុងតំបន់ដែលលោក និង ក្រុមការងារបម្រើការប្រចាំថ្ងៃផង។ ទាំង50 គ្រួសារលោកថា ទទួលបានអង្ករ15គីឡូ មីមួយកេស ត្រីខមួយយួរ ដោយការប្រគល់អំណោយក៏ត្រូវបានធ្វើឡើងយ៉ាងស្ងប់ស្ងាត់ ដោយមិនមានការប្រមូលផ្ដុំនោះទេ ដើម្បីជៀសវាងនូវការរីករាលដាលនៃជម្ងឺរកូវីដ19ដោយតំណាងគ្រួសារនីមួយៗត្រូវបានអញ្ជើញឱ្យមកទទួលអំណោយម្ដងម្នាក់ៗ។ លោកក៏ថ្លែងអំណរគុណចំពោះអ្នកនាង លុយ សារីណា និងបងប្អូនខ្មែរដែលរស់នៅប្រទេសអូស្ត្រាលី ដែលជួយឈឺឆ្អាលសុខទុក្ខបងប្អូនខ្មែរក្នុងប្រទេសកំណើត។

LEAVE A REPLY

Please enter your comment!
Please enter your name here