លោក ចាន់ មករា ដែលត្រូវគេស្គាល់ថាគឺជាផលិតករផលិតស្ពតល្បីឈ្មោះមួយរូប និង ជាគូស្នេហ៍របស់តារាហ្វេសប៊ុក កញ្ញា ដេនី ក្វាន់ បានលើកឡើងថា លោកមិនច្បាស់ថា ក្រោយពេលពិនិត្យឃើញថា ខ្លួនមានមេរោគកូវីត១៩ គឺលោកត្រូវបានមកទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែអាការៈក្រោយពេលប្រើថ្នាំ គឺមិនខុសពីស្លាប់ពាក់កណ្ដាលជីវិតនោះទេ។ លោកថាអាការៈមុនប្រើថ្នាំ ឬ មុនទទួលការព្យាបាល គឺគ្រាន់តែក្អកខ្លាំង និង ធ្វើទុក្ខបំពង់កខ្លាំងតែប៉ុណ្ណោះ ប៉ុន្តែក្រោយពេលប្រើថ្នាំ គឺសភាពក្នុងខ្លួន គឺស្ទើរតែពិបាករស់តែម្ដង។ បើទោះជាអ្នកជម្ងឺផ្សេងមិនដឹងថាគេមានសភាពបែបណា ប៉ុន្តែលោកអោយតែក្រោយលេបថ្នាំព្យាបាលកូវីត១៩គឺមានសភាពរាគផង ក្អួតផង ហើយហូបអ្វីក៏មិនចូល គឺឃើញម្ហូបចង់ក្អួត ហើយបើអោយតែបានញាំអ្វីចូលពោះ គឺដឹងតែក្អួតវិញ និងរាគដល់ថ្នាក់ទន់ខ្លួនរាល់ថ្ងៃ។ អ្នកជម្ងឺមួយនេះ លោកថា គឺងាយនឹងចាញ់មេរោគនេះបំផុត បើខ្វះការតស៊ូ ព្រោះក្នុងដំណាក់កាលដែលថ្នាំព្យាបាលទៅបង្ក្រាបមេរោគកូវីត១៩បាន គឺស្មើនឹងយកជីវិតទៅប្ដូរ។
មិនខុសគ្នាដែរ លោក បញ្ញា សិទ្ធិ ដែលជាតារាចម្រៀង និង ជាតារាសម្ដែង មួយរូប ក៏បានរៀបរាប់ដែរថា ជម្ងឺមួយនេះ មិនត្រឹមតែពិបាកទ្រាំ ក្នុងពេលប្រើថ្នាំ នៅប៉ុន្មានថ្ងៃដំបូងប៉ុណ្ណោះទេ ពោលគឺថែមទាំងមានបញ្ហា សតិអារម្មណ៍ពិបាកទ្រាំផងដែរ ព្រោះត្រូវគេឯងរើសអើង។ លោកមានអាការៈរាគខ្លាំង ក្អួតខ្លាំង និង ល្ហិតល្ហៃជាច្រើនថ្ងៃបន្ទាប់ពីបញ្ជូនទៅព្យាបាល ដែលសភាពក្នុងប៉ុន្មានថ្ងៃដំបូងនោះ គឺបើអោយជ្រើសរវាងស្លាប់ និង រស់ គឺមនុស្សតុចណាស់នឹងជ្រើសរស់ ដោយសារតែនោះគឺជាតស៊ូមួយដ៏លំបាក។ លោកថា ថ្ងៃណាក៏រាគ ថ្ងៃណាក៏ក្អួត ដេកមិនបាន កម្លាំងក្នុងខ្លួនគ្មាន ហូបអ្វីក៏មិនចូល សាកស្រម៉ៃតែអ្វីដែលបានកើតឡើង ក៏ដឹងថា មេរោគកួវីត១៩កាចសាហាវយ៉ាងណា ក្នុងការឆក់យកអាយុជីវិតនោះដែរ។ នៅក្នុងបន្ទប់មួយម្នាក់ឯង ហើយសភាពរាងកាយស្ទើរតែចង់ដាច់ខ្យល់ម្ដងៗ រាគផង ក្អួតផង រាល់ពេលប្រើថ្នាំ បើមនុស្សដែលគ្មានការតស៊ូ ឬ មានកម្លាំងមិនដល់ជម្ងឺមួយនេះ គឺពិតជាទ្រាំមិនបាន។