ចាត់ទុកថាជាលើកទី១ ដែលផលិតកម្មភាពយន្តLD ហ៊ានចំណាយរហូតដល់ជិត៣០ម៉ឺន ដើម្បីផលិតភាពយន្ត៣រឿងព្រមគ្នាតែម្ដង ក្នុងពេលដែលផលិតករមួយចំនួនចាប់ផ្ដើមផ្អាកផលិតរឿងជាហូរហែរនាពេលចុងក្រោយ ព្រោះតែថ្ងូរថាមិនសូវបានចំណេញ។ ភាពយន្តទាំង៣ ដែលចាប់ផ្ដើមប្រើពេលផលិតស្របគ្នារបស់ផលិតកម្មនេះ គឺជាចំណាយមួយខ្ពស់ស្របគ្នាដែលក្រុមផលិតករ ក៏ប្រកាសថានឹងថតអោយចប់ប្រហាក់ប្រហែលគ្នា ដើម្បីអាចដាក់បញ្ចាំងក្នុងរោងបន្តបន្ទាប់គ្នា។
លោក លៀក លីដា ម្ចាស់ផលិតកម្ម LD បានថ្លែងបញ្ជាក់ថា ដើម្បីអោយចំណេញពេលវេលា ផលិតកម្មរបស់លោកបានសម្រេចចិត្តរៀបចំក្រុមការងារអោយផលិតភាពយន្តដល់ទៅ៣រឿងក្នុងពេលតែមួយតែម្ដង ដែលយុទ្ធសាស្រ្តនេះ លោកបានហៅថា ដ្បិតថាបានចំណាយច្រើនមិនក្រោមជាង២០ម៉ឺនក្រាស់ក្នុងពេលតែមួយ តែគឺបានសមិទ្ធផលច្រើនមិនសូវចំណាយពេល។
ភាពយន្តទាំង៣ដែលលោកប្រកាសក្រុងពាលីក្នុងពេលតែមួយនោះ រួមមាន រឿង«ជួបស៊យវគ្គ២» រឿង«អង្រឹង» និងរឿង«ប្រមាញ់ប្ដី» ដែលសុទ្ធតែជារឿងដែលមានលក្ខណៈកំប្លុកកំប្លែង និងភ័យរន្ធត់ ខណៈដែលរឿងទាំង៣ ត្រូវបានលោកបញ្ជាក់ថា មិនមានបញ្ហាលើការផលិតនោះទេ ដោយសារតែលោកបានបំពាក់ឧបករណ៍ចេញថតដោយឡែកពីគ្នា មានការក្រុមអ្នកផលិតផ្សេងគ្នា ហើយ អ្នកដឹកនាំសម្ដែងទៀតសោត ក៏មានរៀងខ្លួន ដែលពិតជាមិនធ្វើអោយលោកពិបាកចាត់ចែង។
លោកថាខ្លួនសុខចិត្តផ្ដល់ឱកាសអោយអ្នកមានសមត្ថភាពធ្វើជាអ្នកផលិតរឿងវិញម្ដង ដោយលោកសុំចំណាយតែរឿងបំពាក់ឧបករណ៍ថត និងថវិកាចាត់ចែងប៉ុណ្ណោះ ដែលតាមការប៉ាន់ស្មានគឺថា ការចំណាយសរុបលើភាពយន្តទាំង៣ គឺប្រហាក់ប្រហែលនឹងក្រោម៣០ម៉ឺនដុល្លារតិចតួច។ លោកថាភាពយន្តទាំង៣នេះ លោកគ្រោងផលិតអោយចប់នៅអំឡុងចុងឆ្នាំ២០១៨ ដើម្បីអាចដាក់បញ្ចាំងនៅដើមខែមករា ឬខែកុម្ភៈ ដោយដាក់បញ្ចាំងក្នុងរោងបន្តបន្ទាប់គ្នា កុំអោយពិបាករឿងផលិតម្ដង១ៗ ហើយចំណាយពេលច្រើន។
លោកមិនខ្វល់ពីរឿងធ្លាក់ចុះអ្នកទស្សនាភាពយន្តនៅតាមរោងកុនសម្រាប់ភាពយន្តខ្មែរនោះទេ ដោយលោកប្រកាសថាភាពយន្តទាំងអស់ដែលបានផលិតដោយLD រមែងមានអ្នកទស្សនាច្រើនៗ ហើយបានចំណេញជានិច្ច បើទោះជាបានតិចជាងមុន។
លោកថាខ្លួននឹងវាយលុកការផលិតភាពយន្តដាក់តាមរោងកុនអោយបានច្រើនក្នុងមួយឆ្នាំៗ ដើម្បីជំនួសអោយអវត្តមានរបស់ផលិតករមួយចំនួន ការពារកុំអោយភាពយន្តខ្មែរកាន់តែរយាលពីរោងកុនឆ្ងាយគ្នា ហើយបណ្ដាលអោយធ្លាក់ការគាំទ្រ។ យ៉ាងណាមិញ លោកនៅតែទទូចអោយក្រុមអ្នកគាំទ្រភាពយន្តខ្មែរ រួមគ្នាលើកស្ទួយស្នាដៃរបស់ផលិតករជាតិអោយបានច្រើន ដើម្បីជំរុញអោយវិស័យភាពយន្តរបស់ខ្មែរ ជាក់ស្ដែងដូចជារឿងទាំង៣របស់លោក ដែលទើបប្រកាសក្រុងពាលីចេញថត អោយមានសន្ទុះគាំទ្រខ្ពស់។
ក្នុងពិធីក្រុងពាលីចេញថតភាពយន្តរឿង«ជួបស៊យវគ្គ២» រឿង«អង្រឹង» និងរឿង«ប្រមាញ់ប្ដី»កាលពីថ្ងៃទី១៣ កញ្ញា នោះគេឃើញមានវត្តមានតួអង្គសំខាន់ៗជាច្រើនចូលរួម ដូចជាលោក ទេព រិន្ទដារ៉ូ, អ្នកនាង ស្វែង សុជាតា, តារាចម្រៀង លោកកូម៉ា, កញ្ញា គៀត សុវណ្ណាឡាង, អ្នកស្រី ចាន់ សោភ័ណ្ឌ ហៅរ៉េដរ៉ូស, នាយពែកមី, នាយគ្រឿន, អ្នកនាងខ្ញុង, នាយសុបិន្ត, លោកសារ៉ួន និងតារាសម្ដែងចាស់ក្មេងជាច្រើនរូបទៀត៕