ប្រធានអង្គការខ្ញុំខ្មែរ ប្រាប់មូលហេតុរយាលការងារសង្គម

0

មួយរយៈចុងក្រោយ គេកត់សម្គាល់ថា សកម្មភាពសប្បុរសធម៌របស់អង្គការខ្ញុំខ្មែរ ចាប់ផ្ដើមស្ងប់ស្ងាត់យ៉ាងខ្លាំង ដោយសូម្បីតែសកម្មភាពផលិតភាពយន្ត និងផលិតចម្រៀងជាដើម ក៏ស្ងប់ស្ងាត់ផងដែរ បើធៀបនឹងរយៈពេលមុន ដែលអង្គការមួយនេះ លេចមុខលេចមាត់ទាំងការងារក្នុងសកម្មភាពសិល្បៈ ទាំងការប្រគំតន្ត្រីរ៉ៃអង្គាសផ្សេងៗក្នុងទម្រង់សប្បុរសធម៌។ ពាក់ព័ន្ធនឹងមូលហេតុនេះ ប្រធានស្ថាប័នមួយនេះ បានរៀបរាប់ពីមូលហេតុ អមដោយការអះអាងថាទោះជារយាលមែន តែមិនបោះបង់គម្រោងឡើយ។

លោក អេថេន ជានិច្ច ម្ចាស់អង្គការខ្ញុំខ្មែរ ដែលមានមូលដ្ឋាននៅក្នុងប្រទេសអូស្រ្តាលី បានថ្លែងបញ្ជាក់ថា លោកមិនបានបោះបង់សកម្មភាពសំខាន់ៗរបស់អង្គការ ដែលធ្លាប់បានធ្វើនោះទេ ប៉ុន្តែបណ្ដាលមកពីលោកមានហេតុផលមួយចំនួនទើបសកម្មភាពទាំងនោះត្រូវបានរយាលឆ្ងាយ។ លោកសារភាពថា សកម្មភាពសប្បុរសធម៌ រួមមានការធានាយកតារាក្នុងស្រុកអោយទៅច្រៀងរ៉ៃអង្គាស ដើម្បីរកលុយជួយដល់បណ្ដាអង្គការក្នុងស្រុក និងជួយដល់ជនក្រីក្រនៅកម្ពុជា ពិតជាស្ទើរតែមិនមានសកម្មភាពក្នុងប៉ុន្មានខែចុងក្រោយមែន ដោយសារតែលោក និងភរិយា ដែលជាស្ថាបនិករបស់អង្គការ សុទ្ធតែរវល់ដកឃ្លាមិនរួច នឹងកិច្ចការមុខជំនួញ ដល់ថ្នាក់រកពេលគិតគូរពីសកម្មភាពរបស់អង្គការលែងបាន។ លោកត្រូវគេឃើញឡើងចុះប្រទេសថៃ កូរ៉េ និងអូស្រ្តាលី ដូចឡើងចុះខេត្តកំំពង់ចាម ដោយលោកប្រកាសថាដំណើរចេញទៅកាន់ទឹកដីទាំងនោះ គឺសុទ្ធតែស្ថិតក្នុងគម្រោងវិនិយោគ ដែលលោកមិនអាចបន្ធូរដៃ ក្នុងពេលដែលការងារទាំំងនោះ មិនអាចអត់រូបលោកបាន។

លោកថាខ្លួនរវល់នឹងគម្រោងវិនិយោគសង់ខុនដូនៅក្នុងប្រទេសថៃ និងគម្រោងវិនិយោគច្រើនទៀត ទើបលោកសម្រេចចិត្តទុកចោលផលិតកម្មដែលបានបង្កើតឡើង និងលើកទាំងគម្រោងធានាយកតារាចម្រៀងក្នុងស្រុក ទៅច្រៀងនៅក្រៅស្រុក ដើម្បីយកពេលចាត់ចែងគម្រោងវិនិយោគអោយស្រួលបួលសិន។ លោកប្រកាសថាលេចមុខក្នុងសកម្មភាពសង្គមជាថ្មីក្នុងពេលឆាប់ៗ ដោយបានទាំងប្រកាសថានឹងចំណាយលើការផលិតភាពយន្ត ផលិតបទចម្រៀងអោយខ្លាំង ជូនដល់តារាចម្រៀងដែលបានកុងត្រា និងរំលេចគម្រោងធានាតារាទៅច្រៀងរ៉ៃអង្គាសក្រៅស្រុក ដើម្បីអោយសកម្មភាពសប្បុរសធម៌លេចធ្លោជាថ្មីនោះផង៕