ក្រោយប្រកាសបង្ហើបថា តារាចម្រៀងល្បីល្បាញ លោក ព្រាប សុវត្ថិ នឹងមានគម្រោងចេញសម្ដែងផ្លូវការនៅក្នុងប្រទេសកូរ៉េខាងត្បូង ម្នាក់ៗបានត្រឹមតែដកកចំហរមាត់ចង់ដឹងពីពេលវេលាពិតប្រាកដប៉ុណ្ណោះ។ យ៉ាងណាមិញ ការទម្លាយជាក់លាក់ត្រូវបានបញ្ចេញហើយថាលោកនឹងចេញសម្ដែងក្នុងវេទិកា២ នៅចុងខែកញ្ញានេះ។
លោក ឡេង ណាវ៉ាត្រា ម្ចាស់បុរីឡេងណាវ៉ាត់ត្រា និងជាអ្នកធានាក្នុងគម្រោងចេញសម្ដែងបានអះអាងថា កាលបរិច្ឆេទដែល លោកព្រាប សុវត្ថិ នឹងសម្ដែងនៅក្នុងប្រទេសកូរ៉េខាងត្បូង គឺនៅថ្ងៃទី២៤ និង២៥ កញ្ញា នេះហើយ ដោយលោកបានចេញមុខជួលទីតាំងបើកការប្រគំតន្ត្រីចំនួន២កន្លែងជាប់ថ្ងៃគ្នាតែម្ដង។ លោកថា លោកព្រាប សុវត្ថិ នឹងបកស្រាយបទចម្រៀងកាលពីជំនាន់ដើម ដើម្បីអោយបងប្អូនខ្មែរដែលមានអារម្មណ៍នឹកស្រុក បានស្ដាប់ហើយធូរចិត្ត។ ជាគម្រោង លោកព្រាប សុវត្ថិ ត្រូវច្រៀង២កន្លែង គឺក្នុងទីក្រុងសេអូលមួយកន្លែង និងនៅទីក្រុងខ្វាងជូរមួយកន្លែង ដោយក្នុងពិធីនោះ ក៏មានវេទិកាឧទ្ទេសនាមពីសំណាក់លោកផ្ទាល់ ចែករំលែកពីគម្រោងអាជីវកម្ម និងពីរបៀបប្រើប្រាស់លុយរាយទៅយកលុយដុំ ជាពិសេសដើម្បីអោយបងប្អូនខ្មែរ ឬពលរដ្ឋកូរ៉េ ដែលចង់វិនិយោគនៅក្នុងប្រទេសកម្ពុជា។
លោក ឡេង ណាវ៉ាត្រា បន្តថាគម្រោងស្ពុនស័រយកលោក ព្រាប សុវត្តិ អោយចេញសម្ដែង គម្រោងចំណាយមិនតិចម៉ឺនដុល្លារនោះទេ ដោយសារតែកន្លែងដែលលោករៀបចំអោយមានការប្រគំតន្ត្រីនោះ សុទ្ធតែចំតំបន់ទីក្រុងធំ សំបូរខ្មែររស់នៅ នឹងត្រូវចំណាយខ្ពស់។
លោកប្រកាសថាខ្លួននឹងបើកការប្រគំតន្ត្រី នៅក្នុងប្រទេសកូរ៉េខាងត្បូងអោយបានញឹកញាប់ ដោយគម្រោងនឹងយកតារាល្បីៗទៅច្រៀងរាំទីនោះ ភ្ជាប់នឹងការឧទ្ទេសនាមពីចំណេះដឹងក្នុងការវិនិយោគលើគម្រោងដីធ្លី។ លោករំពឹងយ៉ាងខ្លាំង ថាវត្តមានរបស់លោក ព្រាប សុវត្ថិ នឹងគក្រើកនៅថ្ងៃទី២៤ និង២៥ កញ្ញា នៅក្នុងប្រទេសកូរ៉េខាងត្បូង ស្របគ្នាដែលទីតាំងដែលលោកគម្រោងដាក់ភ្ញៀវអោយស្ដាប់បទឧទ្ទេសនាមរបស់លោក ក៏មានអ្នកទិញសំបុត្រ និងកក់ទុកកៅអីអស់ច្រើនទៅច្រើន៕