ក្រៅពីសកម្មក្នុងការថតរឿង និងច្រៀងអាហ្វែ តារាសម្ដែងកូនមួយអ្នកនាង ឆ័យលី ដាឡែន ក៍ត្រូវគេឃើញចេញធ្វើសកម្មភាពមនុស្សធម៍ស្របគ្នាផងដែរ ដោយនាងបញ្ជាក់ថា ខ្លួននឹងធ្វើសកម្មភាពចុះចែកបាយទឹកនំចំណី ដែលជាធ្វើទានអោយបានខ្លាំងក្លា ដើម្បីចែករំលែកក្ដីស្រលាញ់។ អ្នកនាងប្រកាសថាខ្លួននឹងធ្វើមូលនិធិដែលបានលេចឡើង មានរូបរាងធំ ជាប្រយោជន៍ដល់អ្នកក្រីក្រនោះផង។
អ្នកនាងឆ័យលី ដាឡែន និយាយថា នាងទើបតែបានបង្កើតគ្រុបមួយ ដោយក្នុងគ្រុបនោះ នាងបានប្រមូលមិត្តភ័ក្ត្រ មិនថាអ្នកសិល្បៈ និងអ្នកមិនមែនសិល្បៈ រ៉ៃគ្នាពីការធ្វើទានយ៉ាងសកម្ម ដោយថវិការដែលនាងរ៉ៃបាន ក៍ត្រូវបែងចែកជាការទិញនំចំណី អាស្រ័យទៅតាមការយល់ស្រប។ ជាក់ស្ដែងកាលពីយប់ថ្ងៃ៩ កញ្ញា កន្លងទៅ នាងទើបតែបានដឹកនាំមិត្តភ័ក្ត្រ ក្រោយរៃលុយគ្នា ដើម្បីចែកបាយចែកទឹក ជូនដល់ក្រុមអ្នកសម្រាកតាមចិញ្ចើមថ្នល់ និងចាស់ៗកម្សត់ៗ ដែលក្រុមនាងឃើញពេលចុះទៅដល់ប៉ុណ្ណោះ ដើម្បីចែករំលែកនូវក្ដីស្រលាញ់។ បើទោះជាអ្វីដែលក្រុមនាងធ្វើ ធ្លាប់មានតារាច្រើននាក់រួចមកហើយ បានធ្វើដូចគ្នា តែនាងបញ្ជាក់ថា នឹងធ្វើអោយខ្លាំង ដោយក្នុងពេលខាងមុខនាង និងក្រុមទាំងមូលនឹងប្រមូលគ្នាដើរចែកបាយទឹកជូនដល់បងប្អូនអ្នកសុំទាន និងអ្នករស់នៅតាមចិញ្ចើមថ្នល់បន្តបន្ទាប់ទៀតហើយ ក្នុងពេលដែលក្រុមនាងទាំងមូលក៍កាន់តែមានការចែករំលែករៃគ្នានៅក្នុងពេលនេះ។ ក្នុងនោះក្រុមមូលនិធិរបស់នាង ក៍ប្រកាសទទួលជំនួយពីសប្បុរសជន ដើម្បីជួយដល់បុគ្គលណាមួយ ដែលមានធុរៈធ្ងន់ធ្ងរ តាមតែនាងអាចធ្វើទៅបានផងដែរ។
ឆ័យលី ដាឡែន បញ្ជាក់ថា ឈានដល់វ័យកាន់តែជ្រេសព្វថ្ងៃ នាងចង់ធ្វើទានច្រើនជាងសង្វាតការងារ ទើបនាងសម្រេចចិត្តចែករំលែកការងារ ហើយណាត់គ្នាតែរឿងធ្វើបុណ្យ ដែលមួយរយៈចុងក្រោយ គឺរវល់ចុះចែកបាយទឹកជូនដល់អ្នកក្រីក្រនៅតាមសំយ៉ាបផ្សារ ដូចដែលឃើញនេះតែម្ដង៕