ខណ:ដែលតារាចម្រៀងលោកសេម ត្រូវគេសម្គាល់ថាស្ងប់ស្ងាត់ពីការខ្ទរខ្ទារក្នុងការបញ្ចេញបទចម្រៀងច្រើនឡើងនាពេលចុងក្រោយ លោកបែរជាកាន់តែលេចធ្លោរក្នុងការសម្ដែងភាពយន្តជាជំនួសទៅវិញ។ លោកត្រូវគេឃើញបានតំណែងតួឯកក្នុងភាពយន្តរឿង«០០៩»យ៉ាងកាលីប ដោយលោកបានបង្ហាញអារម្មណ៍ជឿជាក់ថាស្នាដៃថ្មីរបស់ខ្លួននឹងទទួលបានជោគជ័យភ្លូកទឹកភ្លូកដី ក្នុងពេលដាក់បញ្ចាំងជាផ្លូវការនៅចុងខែមេសាខាងមុខនោះផង ខណ:តួសម្ដែង៣រូបផ្សេងទៀត ក៏បានបង្ហាញពីក្ដីរំពឹងបែបនេះដូចគ្នា។
លោក សេម និយាយថា នៅក្នុងភាពយន្តរឿង«០០៩»លោកមិនត្រឹមតែសម្ដែងជាតួក្រមិចក្រម៉ើម និងបង្ហាញពីស្នេហារ៉ូមេទិកជាមួយតួស្តីប៉ុណ្ណោះទេ តែលោកក៏បានសម្ដែងជាតួវាយទាត់ធាក់ ដោយសារតែលោកគឺជាអ្នកការពារសំណាញ់ច្បាប់មួយរូបក្នុងរឿងផងដែរ។ លោកថាមួយរឿងនេះគ្រាន់តែចំណាយពេលថត និងហ្វឹកហាត់ក្បាច់គុនគឺជិតមួយឆ្នាំ ដោយការសម្ដែងក្នុងរឿងទាំងមូលក៏ពិបាកណាស់ដែរ ទម្រាំបានបញ្ចប់ អ៊ីចឹងហើយទើបលោកចាត់ទុកថានេះជាភាពយន្តបើកឆាកដែលលោកបានសម្ដែងជាប្រភេទAction ដែលលោកត្រូវវាយតប់ផង និងរៀនតាំងពីកាន់កាំភ្លើងផង ដែលមិនមែនជារឿងងាយស្រួល។
លោករំពឹងយ៉ាងខ្លាំងថានឹងទទួលបានជោគជ័យ ដោយប្រកាសថាក្រោយពីភាពយន្តនេះដាក់បញ្ចាំងរឿងនេះចប់សព្វគ្រប់ គឺលោកនឹងងារកមកគិតគូររឿងផលិតបទចម្រៀងវិញម្ដង។
កញ្ញា អៀ ម៉ីលិក តារាស្រីដែលបានសម្ដែងរឿងនេះដូចគ្នាបានសម្ដែងពីផលវិបាកក្នុងរឿង«០០៩» ដោយនៅក្នុងរឿងនេះ នាងត្រូវថតឈុតវាយផង និងកាន់កាំភ្លើងផង តែនាងតែតស៊ូសម្ដែងរហូតទទួលបានជោគជ័យគ្រប់ឈុតដោយមិនឲ្យផលិតករខកចិត្តនោះទេ។ កញ្ញាថា សប្បាយចិត្តដែលបានរួមសម្ដែងជាមួយតារាចម្រៀងសេម ហើយអ្វីដែលនាងពេញចិត្តគឺពេលសម្ដែងជាមួយលោកគឺលោកមានការយោគយល់ខ្លាំង ដោយមិនប្រកាន់ថានាងគឺជាតួថ្មីនោះឡើយ។
លោកគ្រូវិរ: វត្តថាន់ បានអះអាងថានៅក្នុងរឿងនេះ លោកសម្ដែងវាយតប់សុទ្ធតែជាមួយគ្នាច្រើនតែម្ដង ទើបលោករំពឹងថានឹងមានការចាប់អារម្មណ៍ក្នុងពេលភាពយន្តមួយនេះនឹងដាក់បញ្ចាំងនៅចុងខែមេសាក្រោយចូលឆ្នាំ។
លោក ស៊ុម ភារិន ចាងហ្វាងផលិតកម្មបដិហារ្យភាពយន្ត និងជាតួសម្ដែងមួយរូបក្នុងរឿង«០០៩»បានអះអាងថា នេះជារឿងទី៤របស់ផលិតកម្ម តែជារឿងទី១បានធ្វើជាប្រភេទបាញ់ប្រហារ ដោយភាពយន្តនេះគឺលោកនិពន្ធដោយផ្ទាល់ ហើយសាច់រឿងទាំងមូលក៏ថ្មី និងប្លែកពីរឿងផ្សេងដោយមិនមានប្លង់ចម្លងពីភាពយន្តណាឡើយ។ ភាពយន្តនេះត្រូវបានផលិតឡើងរយ:ពេល១ឆ្នាំ ហើយចំពោះដើមទុនក៏ចំណាយច្រើនដែរ ដោយសារសំបូរឈុតបាញ់ប្រហារ និងថតច្រើនខេត្តក្រុងនោះ៕