ស្ដាប់សម្ដី នូ សុផេន ទើបដឹងករណីល្ខោនខោល ស្ថាប័នធំ២ មិនអាចព្រងើយកន្តើយ

0

​បន្ទាប់ពីករណីល្ខោនខោលបានក្លាយជាប្រធានបទឡើងកំដៅ រហូតប្រែក្លាយជាជម្លោះពាក្យសម្ដីរវាងក្រុមអ្នកគាំទ្រល្ខោនថៃ និងអ្នកគាំទ្រល្ខោនខោលកម្ពុជានោះ លោក នូ សុផេន ដែលត្រូវគេស្គាល់ថាបានរួមចំណែកបំផុសល្ខោនខោល នៅក្នុងកម្មវិធីរបស់ទូរទស្សន៍អប្សរានាពេលកន្លងមក និងជាអ្នកស្រាវជ្រាវសិល្បៈបុរាណខ្មែរមួយរូបដែរ បានចេញមុខឆ្លើយឆ្លង។ លោកបានទាំងបានធ្វើការរិះគន់ចំពោះភាពពុះកញ្ជ្រោលតែមួយពេល និងបានទទូចអោយបណ្ដាស្ថាប័នពាក់ព័ន្ធគិតគូរលើសិល្បៈទម្រង់បុរាណឡើងវិញ។

លោក នូ សុផេន អនុប្រធាននាយកដ្ឋានផលិតកម្មវិធីប្រចាំទូរទស្សន៍អប្សរា បានអះអាងថា លោកពិតជាមានអារម្មណ៍រំភើបចំពោះភាពកញ្ជ្រោលរបស់ស្រទាប់មហាជន និងអ្នកលេងហ្វេសប៊ុកច្រើនឡើង ដែលបានរួមគ្នាបំផុស និងចែកចាយអោយជាតិ និងអន្តរជាតិបានស្គាល់កាន់តែច្បាស់ពីល្ខោនខោលរបស់ខ្មែរ ក្នុងពេលមានដំណឹងថាសិល្បៈមួយនេះ ភាគីប្រទេសថៃ កំពុងស្វះស្វែងដាក់បញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក ដែលក្នុងពេលដ៏ខ្លីគឺអង្គការយូនីស្កូ នឹងធ្វើការសម្រេចឲ្យថៃ ឬឲ្យខ្មែរ។ នេះជាទង្វើដ៏ប្រពៃ ដែលលោកថានឹងធ្វើអោយក្មេងជំនាន់ក្រោយ និង អ្នកមិនធ្លាប់ចង់ដឹងចង់ស្គាល់ពីសិល្បៈមួយនេះ មានការចាប់អារម្មណ៍ឡើងវិញ។ យ៉ាងណាមិញ អ្វីដែលបានធ្វើឡើងក្នុងប៉ុន្មានថ្ងៃនេះ នៅមិនទាន់គ្រប់គ្រាន់សម្រាប់ការការពារ និងអភិរក្សចំពោះល្ខោនខោល និងសិល្បៈបុរាណខ្មែរផ្សេងទៀតនៅឡើយទេ ប្រសិនបើខ្វះការគាំទ្រ និងទៅទស្សនាដោយផ្ទាល់ដើម្បីជាការលើកកម្លាំងចិត្តដល់ក្រុមសិល្បករសិល្បការិនីនៅពេលមានការសម្ដែង។ លោកថាជារឿងសង្វេគណាស់ ដែលក្រុមសិល្បៈល្ខោនខោលមិនថារបស់ក្រុមវិចិត្រសិល្បៈ និងមិនថារបស់សមាគមណាមួយនោះទេ ឲ្យតែធ្វើការសម្ដែង គឺស្ទើរមិនមានអ្នកទៅទស្សនាតែម្ដង ដោយលុះត្រាតែមានគណអធិបតីធំៗ ឬតំណាងព្រះមហាក្សតទៅធ្វើជាគណអធិបតី ទើបមានអ្នកអង្គុយទស្សនា ដែលហាក់មិនអោយតម្លៃសិល្បៈបុរាណមួយនេះទាល់តែសោះ។ លោកថាបញ្ហាមិនឲ្យតម្លៃរបស់មហាជន វាពាក់ព័ន្ធកត្តាច្រើនឡើងដែលបញ្ហាសំខាន់ គឺការមិនយកចិត្តទុកដាក់ពីសំណាក់ស្ថាប័នពាក់ព័ន្ធតែម្ដង។

លោក នូ សុផេន បន្តថា ដើម្បីចូលរួមអភិរក្សសិល្បៈបុរាណរបស់ខ្មែរកុំអោយប្រទេសជិតខាងយកជារបស់ខ្លួនបាន ក្រសួងពាក់ព័ន្ធរួមមានក្រសួងវប្បធម៌ និងក្រសួងព័ត៌មាន គួរតែមានម៉ោងកំណត់មួយឲ្យដូចៗគ្នា តម្រូវអោយបណ្ដាទូរទស្សន៍ទាំងអស់ត្រូវតែមានកម្មវិធីពាក់ព័ន្ធនឹងទម្រង់សិល្បៈបុរាណឲ្យដូចគ្នានៅក្នុងម៉ោងណាមួយជាក់លាក់ ពោលគឺធ្វើដូចការកំណត់ឲ្យមានភាពយន្តខ្មែរដាក់ផ្សាយក្នុងម៉ោងស្របគ្នា នៅចន្លោះពីម៉ោង៧ ដល់ម៉ោង៩ដូច្នោះដែរ ដើម្បីអោយក្រុមសិល្បៈបែបបុរាណក៏មានការងារ និងជាការបំផុសអោយស្រទាប់មហាជនត្រូវតែឃើញ ត្រូវតែយល់ និងងាកមកគាំទ្រឲ្យបានច្រើនផង ដោយមិនមែនគ្រាន់តែស្នើៗហើយបណ្ដាទូរទស្សន៍ធ្វើ មិនធ្វើស្រេចតែចិត្តនោះទេ។

លោកថាវាមិនអាចទៅរួចបានទេ ប្រសិនមានតែប៉ុស្ដិ៍ទូរទស្សន៍មួយ ឬ២ ប្រឹងធ្វើកម្មវិធីលើកស្ទួយទម្រង់បុរាណ ខណៈដែលប៉ុស្ដិ៍ទូរទស្សន៍ស្ទើរទាំងអស់ខ្វល់តែរឿងផលិតកម្មវិធីយកលុយ ដោយមិនខ្វល់ពីការជួយបំផុសទម្រង់បុរាណ។ ក្រសួងពាក់ព័ន្ធរួមមានក្រសួងវប្បធម៌ និងក្រសួងព័ត៌មាន គឺដល់ពេលហើយ ដែលគួរតែធ្វើកិច្ចអន្តរាគមន៍ដល់បណ្ដាទូរទស្សន៏លើករណីនេះ ដើម្បីកំណត់អោយបណ្ដាទូរទស្សន៍ត្រូវតែទុកម៉ោងមួយឲ្យដូចៗគ្នា ផ្សាយតែសិល្បៈទម្រង់សិល្បៈបុរាណ ហើយលោកពិតជាសង្វេគចិត្តខ្លាំង នៅពេលដែលប៉ុស្ដិ៍ទូរទស្សន៍ក្នុងស្រុកមិនមានការរួមចំណែកអោយបានផុសផុលលើការផលិតកម្មវិធីវប្បធម៌ ឲ្យដូចគ្នានឹងប្រទេសជិតខាង។ លោកថាបរិបទបែបនេះ បើរង់ចាំអោយបណ្ដាទូរទស្សន៍ធ្វើការភ្ញាក់រលឹកដើម្បីប្រជែងគ្នាផលិតកម្មវិធីបុរាណៗ គឺមិនអាចនោះទេ គឺលុះត្រាតែមានការកំណត់ឲ្យដូចគ្នានឹងការតម្រូវអោយដាក់ផ្សាយភាពយន្តខ្មែរ ទើបសិល្បៈបុរាណទាំងឡាយ អាចរស់ឡើងវិញ៕