នៅដើមឆ្នាំ២០២១ តារាចម្រៀង លោក គីម ថាណា ដែលមានឈ្មោះពិតថា យ៉ាន រតនា បានបង្អួតបទចម្រៀងមួយបទក្រោមចំណងថា “ចិត្តឡប់” យ៉ាងថ្មីសន្លាង ដែលបទមួយនេះ គឺទាំងច្រៀង ទាំងនិពន្ធទំនុកច្រៀង និង បទភ្លេង គឺជាស្នាដៃរបស់លោកទាំងស្រុង។ នេះក៏ចាត់ទុកថាគឺជាស្នាដៃដំបូង ដែលលោកបានច្រៀងបទជាសមិទ្ធផលរបស់ខ្លួន ចាប់តាំងពីក្លាយជាតារាចម្រៀងផងដែរ។
លោក គីម ថាណា ឬ លោក យ៉ាន រតនា បានថ្លែងបញ្ជាក់ថា បើទោះជាលោកគឺជាតារាចម្រៀងប្រចាំផលិតកម្ម BN ដែលមានបទចម្រៀងរាប់មិនអស់ ប៉ុន្តែគឺជាលើកទី១ប៉ុណ្ណោះ ដែលលោកបាននិពន្ធខ្លួនឯង ច្រៀងខ្លួនឯង។ ស្នាដៃដែលលោកផលិតឡើងនេះ គ្រាន់តែជាការសាកល្បង តែបើទទួលការគាំទ្រ នោះលោកនឹងបន្តនិពន្ធទំនុកចម្រៀង និង បទភ្លេងថ្មីៗបន្តទៀត ដើម្បីបង្កើតស្នាដៃជារបស់ខ្លួន។ ជាមួយនឹងស្នាដៃទាំងប៉ារ៉ូល ទាំងភ្លេង និង ច្រៀងក៏ពីរោះដោយផ្ទាល់ខ្លួននេះ បានធ្វើអោយគេមើលឃើញថា លោក គីម ថាណា កំពុងតែវិវត្តន៍ផ្នែកសមត្ថភាព ខណៈដែលលោក ក៏មានសមត្ថភាពផ្នែកដឹកនាំសម្ដែង និពន្ធសាច់រឿង និង ជំនាញផ្នែកបច្ចេកទេសស្រាប់។
ចង់ដឹងថាស្នាដៃរបស់លោក គួរអោយចាប់អារម្មណ៍កម្រិតណា សូមរីករាយស្ដាប់កម្សាន្ត៖