ខុសពីសិល្បករខ្លះដែលទាល់តែមុខរបរសមរម្យបានហ៊ានចេញមុខប្រកបអាជីវកម្ម តារាចម្រៀងសំលេង២ លោក ឌួង តារាផាឌីន បែរជាបើកតូបលក់បុកល្ហុងនៅតាមចិញ្ចើមផ្លូវយ៉ាងសាមញ្ញ នៅលើផ្លូវសឡា នៅក្បែរហ្គារ៉ាស់សាំងមួយ។ អ្នកគាំទ្រលោកមិនតិចទេ បានបង្ហាញការសរសើរ ដែលលោកសាមញ្ញក្នុងការបើកអាជីវកម្ម ដោយមិនខ្វល់ពីការសើចយំរបស់អ្នកជុំវិញខ្លួនមួយចំនួន ស្របពេលដែលអាជីវកម្មនេះ មើលទៅតូចតាចមែន តែកើបលុយយ៉ាងស្រួលដល់ថ្នាក់ធ្វើមិនទាន់ និង ត្រៀមទាំងបើកសាខាបន្តបន្ទាប់ផង។ អាជីវកម្មនេះ គឺបានកើតឡើងដោយសារតែគម្រោងចេញទៅច្រៀងនៅអូស្រ្តាលីរបស់លោកដែលគ្រោងទៅជាមួយតារាចម្រៀងលោក បញ្ញា សិទ្ធិ ជាដើមត្រូវបានលុបចោល និងបន្ទាប់ពីការងារសិល្បៈក្នុងស្រុកត្រូវបានរំខានដោយកូវីត១៩។
លោក ឌួង តារាផាឌីន បានថ្លែងបញ្ជាក់ថា អ្នកខ្លះសើចយំថាលោកគឺជាតារាមួយរូបដែរ មកលក់បុកល្ហុងនៅតាមចិញ្ចើមផ្លូវ គ្មានហាងត្រឹមត្រូវ ប៉ុន្តែលោកថាអាជីវកម្មមួយនេះ ធ្វើអោយភ្ញៀវមិនទាន់នោះទេ ដោយសារតែមានអ្នកអង្គុយញាំដោយផ្ទាល់ផង និង កុម្ម៉ង់អោយដឹកទៅដល់ផ្ទះបង។ សព្វថ្ងៃបុកល្ហុងត្បាល់យក្សរបស់លោកកាន់តែទទួលបាននូវការគាំទ្រ ដោយសារតែលោកកាន់តែបន្ថែមរូបមន្ត និង ស្វែងយល់ពីបច្ចេកទេសច្នៃបុកល្ហុងអោយកាន់តែមានរសជាតិប្លែង ឆ្ងាញ់ និង មិនអោយអ្នកទទួលទានយល់ថាដដែល។ មុខរបរនេះ គេឃើញមានសុទ្ធតែតារាល្បីៗកុម្ម៉ង់ទិញ និង ទៅទទួលទានដោយផ្ទាល់ផង។ ក្រៅពីបន្ថែមមុខអាហារ លោកក៏គម្រោងលក់ Brand Chise អោយអ្នកចង់បើកលក់ ឬ បើកសាខាបន្ថែមពីរបីកន្លែងទៀត ក្នុងពេលខាងមុខផងដែរ ដោយសារតែកំណើននៃការគាំទ្រ។
លោក ឌួង តារាផាឌីន បញ្ជាក់ថា កូវីត១៩ មិនត្រឹមតែបំផ្លាញគម្រោងចេញច្រៀងរបស់លោកនៅក្នុងប្រទេសអូស្ត្រាលីប៉ុណ្ណោះទេ តែក៏បំផ្លាញការងារសិល្បៈរបស់លោក ធ្វើអោយចំណាយដែលធ្លាប់ទទួលបានស្ទើរធ្លាក់ដល់សូន្យផងដែរ ទើបលោកសម្រេចចិត្តធ្វើជ្រក់ជើងមាន់លក់ និង លក់ក្ដាមប្រៃជាដើមដើម្បីជីវភាព។ ដោយឡែកនៅក្នុងពេលនេះ លោកបានបោះជំហានមួយជំហានទៀត គឺបានបើកតូបលក់បុកល្ហុងត្បាល់យក្ស បន្ទាប់ពីលោកមានបទពិសោធន៍ខាងផ្នែកចុងភៅបែបនេះជាច្រើនឆ្នាំ។ ដ្បិតថាអ្នកខ្លះមើលមកមិនល្អមើល តែមុខជំនួញដែលលោកកំពុងដំណើរការនេះ គឺល្អស៊ីយ៉ាងខ្លាំង ទើបលោកប្រកាសថា បើទោះជាក្រោយកូវីត១៩ស្ងប់ អាជីពសិល្បៈអាចកម្រើកឡើងវិញ ក៏លោកទទួលតែការងារប្រើពេលខ្លីៗ និង មិនប៉ះពាល់មុខរបរប៉ុណ្ណោះ តែបើអោយសង្វាតដូចមុនគឺអត់ទេ ដោយសារលោករវល់បុកល្ហុងជូនភ្ញៀវប្រមូលលុយច្រើនជាង។