ជុំវិញរឿងបាត់មុខ បវរកញ្ញាលេខ3 ឌី សារៈក្ខិតា ចេញសារព្រមាន

0

មានការចាប់អារម្មណ៍ មិនតិចនោះទេដែល បវរកញ្ញាចក្រវាឡ២០២០ លេខ៣ ឌី សារៈក្ខិតា ស្រាប់តែបាត់វត្តមាន មិនឃើញចេញធ្វើសកម្មភាពដូចកញ្ញាឯក៤រូបផ្សេងទៀត។ យ៉ាងណាពេលនេះដើម្បីរំសាយការ លេចឭពេញបណ្តាញសង្គម សារៈក្ខិតា បានឆ្លៀតពេលបង្ហោះសារជាសាធារណៈ ជុំវិញហេតុផលដែលនាងបន្តការផ្អាកចេញសកម្មភាព។
នៅលើបណ្តាញសង្គមរបស់ ឌី សារៈក្ខិតា បានចេញសារសរសេរ បង្ហោះពាក្យមួយចំនួនថា «សួស្តីបងប្អូន ពូមីងទាំងអស់គ្នា នាងខ្ញុំសូមជម្រាបជូនថា រហូតមកដល់ថ្ងៃនេះ នាងខ្ញុំនៅមិនទាន់បានឆ្លើយតបទៅនឹងរាល់មតិយោបល់ដែលមិនល្អចំពោះនាងខ្ញុំ ដែលតែងតែបានចុះផ្សាយជារឿយៗនៅលើបណ្តាញសង្គម ហេតុផលព្រោះតែនាងខ្ញុំមានជំងឺ ហើយត្រូវការពេលវេលា សំរាប់ព្យាបាលខ្លួន។ នាងខ្ញុំសង្ឃឹមថាអ្នកទាំងនោះនឹងបញ្ឈប់ទង្វើនេះអោយបានលឿនតាមតែអាចទៅរួច តែបើសិនជាពួកគាត់ទាំងនោះមិនឈប់ទេ នាងខ្ញុំនឹងសុំធ្វើការតាមផ្លូវច្បាប់ ព្រោះថាទង្វើនេះពិតជាខុសនឹងច្បាប់នៅក្នុងប្រទេសកម្ពុជា។ ដូចនេះ សូមមេត្តាបញ្ឈប់ចាប់ពីពេលនេះតទៅ ហើយនាងខ្ញុំក៏សុំអរគុណទុកជាមុន។ »

បន្ទាប់ពីមានព័ត៌មានដ៏រសើបមួយ ពាក់ព័ន្ធជាមួយនឹងបវរកញ្ញាឯកចក្រវាឡ ជយលាភីលេខ៣ ឆ្នាំ២០២០ គឺកញ្ញា ឌី សារៈក្ខិតា ត្រូវបានដកតំណែង និងបញ្ចប់កិច្ចសន្យាទាំងពាក់កណ្តាលទី ក្រោយកម្មវិធីប្រកួតប្រជែងបានបញ្ចប់ទៅហើយនោះ លោក ម៉ែន និមលរ័ត្ន ដែលជាអ្នកគ្រប់គ្រង និងរៀបចំកម្មវិធីខាងលើ បានចេញមុខបដិសេធភ្លាមៗ ថាព័ត៌មានខាងលើនេះ ពុំមែនជាការពិតនោះឡើយ។លោក ម៉ែន និមលរ័ត្ន បានថ្លែងប្រាប់ឲ្យដឹងថា សម្រាប់បេក្ខនារីជយលាភីលេខ៣ កញ្ញា ឌី សារៈក្ខិតា ពុំត្រូវបានដកចេញពីតំណែង ឬបញ្ចប់កិច្ចសន្យាអ្វីនោះឡើយ ពោលគឺដោយសារតែនាងមានជំងឺគ្រុនឈីកកម្រិតធ្ងន់ ដែលធ្វើឲ្យរូបលោកត្រូវតាមដាន និងសួរនាំពីដំណឹងនេះជាបន្តបន្ទាប់ ខណៈដែលនៅក្រោយថ្ងៃប្រឡងផ្តាច់ព្រ័ត្រមួយថ្ងៃ នាងមានអការៈធ្វើទុក្ខខ្លាំង ស្ទើរតែសន្លប់បាត់ស្មារតីទៅហើយ និងបានទៅមន្ទីរពេទ្យភ្លាមៗ។