ឈុតបុរាណល្បីៗរបស់បុគ្គល៣រូប ក្លាយជាវេទិកាធំក្នុងភាពយន្ត

0

គ្មានអ្នកណាមិនដឹងនោះទេថាការប្រកួតឈុតបុរាណរបស់គ្រួសារតារាកម្ពុជាកាលពីពេលកន្លងទៅ បានក្លាយជាព្រឹត្តិការណ៍ដក់ជាប់ក្នុងអារម្មណ៍មហាជនភាគច្រើន ដោយសារតែឈុតបុរាណកែច្នៃច្រើនឈុតត្រូវបានប្រមូលផ្ដុំជាទ្រង់ទ្រាយធំមុននឹងការលើកពាន។ ក្នុងនោះឈុតអប្សរារបស់កញ្ញា រំដួលលិចទឹក និងឈុតមួយចំនួនរបស់លោក នូ សុផេន អ្នកច្នៃឈុតបុរាណដ៏កម្រ សុទ្ធតែធ្វើអោយស្រទាប់មហាជនទទួលស្គាល់ក្រោយការលើកពាន។ យ៉ាងណាមិញ កាលពីថ្ងៃទី៣១ សីហា ឈុតទាំងអស់នេះត្រូវបានគេយកមករំលេចយ៉ាងកក្រើកឡើងវិញក្នុងប្លង់ថតរឿង«ភរិយាឥតខាន់ស្លា»របស់អ្នកនាង ព្រំ រដ្ឋា ដែលគ្រោងដាក់ផ្សាយនៅទូរទស្សន៍ប៉ុស្ដិ៍បាយ័ន។

អ្នកនាងព្រំ រដ្ឋា ម្ចាស់ផលិតកម្មPR បានថ្លែងបញ្ជាក់ថា ដោយសារតែស្ដាយឈុតបុរាណល្អៗរបស់ លោក នូ សុផេន អនុប្រធាននាយកដ្ឋានផលិតកម្មរបស់ទូរទស្សន៍អប្សរា ឈុតរបស់កញ្ញា រំដួលលិចទឹក និងឈុតកែច្នៃរបស់ លោក ឯម រៀម ដែលបានស្លៀកបង្ហាញនៅក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងរបស់«គ្រួសារតារាកម្ពុជា» ដោយមានឈុតខ្លះបានទាំងក្លាយជាម្ចាស់ពានផង ទើបអ្នកនាងសម្រេចចិត្តសហការជាមួយ«គ្រួសារតារាកម្ពុជា»នឹងម្ចាស់ឈុត៣រូប ដែលសុទ្ធតែមានស្នាដៃ ដើម្បីរំលេចជាប្លង់បង្ហាញឈុតបុរាណទាំងនោះម្ដងទៀត ដើម្បីផលិតទុកជាវីដេអូឯកសារផង។ អ្នកនាងប្លង់ដែលខ្លួនសម្រេចចិត្តចំណាយការផលិតនេះ គឺដើម្បីដាក់បញ្ចូលទម្រង់បង្ហាញសំលៀកបុរាណក្រោមការរៀបចំរបស់«គ្រួសារតារាកម្ពុជា»នៅក្នុងភាពយន្តរបស់ខ្លួនរឿង«ភរិយាឥតខាន់ស្លា»ក្នុងបំណងអោយឈុតដែលបានឈ្នះពាន និងមានការច្នៃប្រឌិតយ៉ាងល្អទាំងនោះ ដក់ក្នុងអារម្មណ៍មហាជន។

អ្នកនាងថាមួយប្លង់ដែលខ្លួនសម្រេចចិត្តបោះទុនធ្វើការបង្ហាញឈុតបុរាណនោះ ត្រូវបានធ្វើឡើងដោយសារតែស្ដាយព្រឹត្តិការណ៍របស់គ្រួសារតារាកម្ពុជាប៉ុណ្ណោះ ដោយអ្វីដែលសំខាន់ជាងគេ គឺអ្នកនាងចង់អោយឈុតដែលបានលើកពាន និងម្ចាស់ឈុតដែលមានស្នាដៃទាំងនោះ បានបន្សល់នូវអនុស្សាវរីយ៍ទុកថាអ្វីដែលអ្នកទាំង៣ប្រឹងប្រែង គួរតែត្រូវបានរក្សាទុកនៅក្នុងឈុតឆាកក្នុងរឿង។

អ្នកនាងព្រំ រដ្ឋា បញ្ជាក់ថាខ្លួនពិតជាមានអារម្មណ៍រីករាយយ៉ាងខ្លាំង ដែលក្រោយទំនាក់ទំនងទៅកាន់គ្រួសារតារាកម្ពុជា និងម្ចាស់ឈុត ភាគីទាំង២ក្រុមបានចូលរួមសហការដើម្បីអោយមានឈុតឆាកស្រដៀងគ្នានឹងព្រឹត្តិការណ៍របស់គ្រួសារតារាកម្ពុជាក្នុងពេលប្រកួតនោះឡើងវិញ ដោយបណ្ដាឈុតដែលបានលើកពានភាគច្រើនក៏ត្រូវបានយកបង្ហាញនៅក្នុងឈុតឆាកដែលបានផលិតនោះផង។ អ្វីដែលអ្នកនាងកាន់តែសប្បាយចិត្តបន្ថែមទៀត គឺបានទាំងសមីខ្លួន ដែលជាម្ចាស់ឈុតដោយផ្ទាល់ បូករួមទាំងតារាសម្ដែង២រូប កញ្ញា រំដួលលិចទឹក និង លោក រុន ណាកូ ដែលត្រូវគេស្គាល់ថាគឺជាអ្នកគ្រងពាន មកចូលរួមសម្ដែងនាថ្ងៃនោះ។ អ្នកនាងបញ្ជាក់ថាមួយឈុតនេះ គឺសំដៅអោយតួអង្គសំខាន់ៗក្នុងរឿងគ្រងឈុតបុរាណបង្អួតគ្នា ដើម្បីរំលេចស្នាដៃអស្ចារ្យរបស់លោក នូ សុភេន របស់កញ្ញា រំដួលលិចទឹក និងរបស់លោកឯម រៀម ប៉ុន្តែបើគ្មានការចូលរួមសម្ដែងដោយផ្ទាល់ពីតារាសិល្បៈរបស់គ្រួសារតារាកម្ពុជាទេ ក៏ប្រហែលមិនគគ្រឹកគគ្រេង និងជោគជ័យនោះដែរ។

អ្នកនាងថាការផលិតមួយឈុតនេះ នឹងធ្វើអោយភាពយន្តរឿង«ភរិយាឥតខាន់ស្លា»របស់ខ្លួនទទួលបានការចាប់អារម្មណ៍ ហើយក៏ជាឯកសារនៃស្នាដៃឈុតបុរាណដែលសុទ្ធតែឈុតលើកពានទាំងនោះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here