ទោះជារយៈពេលចុងក្រោយតារាចម្រៀងប្រចាំផលិតកម្ម BN និងជាតារាសម្ដែងលេចធ្លោ កញ្ញា វណ្ណា វត្តី ត្រូវគេកត់សម្គាល់ថាមិនសូវមានបទផ្ទុះឡើងនៅក្នុងស្រទាប់មហាជន ប៉ុន្តែតារាស្រីរូបនេះ នៅតែមានការងារសិល្បៈជាហូរហែរ ជាពិសេសគឺការងារសម្ដែង ដោយនាងទើបតែបានបញ្ចប់ការថតភាពយន្តខ្នាតធំមួយកាលពីពេលថ្មីៗនោះផង។
ជាមួយនាងការប្រកាសអោយដឹងថានាងនឹងមិនទាន់ទទួលយកបុរសណាម្នាក់ដើម្បីរៀបការបញ្ចៀសការប៉ះពាល់ការងារសិល្បៈ នាងក៏បានប្រកាសថានឹងត្រៀមខ្លួនក្នុងការផ្សព្វផ្សាយវប្បធម៌ ក្នុងកម្មវិធីប្រកួតប្រជែងធំមួយគឺកម្មវិធី Star Award រដូវកាលទី១ ដែលនឹងផ្សាយបន្តផ្ទាល់នៅទូរទស្សន៍អប្សរា នៅដើមខែ១១ខាងមុខនោះផង។
កញ្ញា វណ្ណា វត្តី និយាយថា កញ្ញា សប្បាយចិត្តខ្លាំងណាស់ ដែលបានចូលខ្លួនប្រកួតប្រជែងក្នុងកម្មវិធីមួយនេះ ដោយសារតែហេតុផលនេះគឺបានទាំងធ្វើអោយនាងបិទចោលគម្រោងជ្រើសរើសបុរសប្រចាំជីវិត ដើម្បីរៀបការបិទបញ្ចប់ទំព័រសិល្បៈនោះផង។
នាងថាការងារសិល្បៈ នៅតែបន្តផ្ដល់ឱកាសអោយខ្លួន បានសម្ដែង បានច្រៀង និងមានការងារជាហូរហែរ ទើបធ្វើអោយនាងមានកម្លាំងចិត្តខ្លាំងឡើងនៅក្នុងវិថីមួយនេះ។ នាងថារាល់ថ្ងៃមិនខ្វះបុរសៗលែបខាយនោះទេ ដោយក្នុងចំណោមនោះ បុរសទ្រព្យស្ដុកខ្លះបានទាំងសុំនាងរៀបការ សន្យាលើកស្ទួយរូបនាង ជាថ្នូរនឹងការបោះបង់សិល្បៈផង។
នាងថាមិនទាន់ដល់ពេលដែលនាងសម្រេចចិត្តបោះបង់សិល្បៈនៅឡើយទេ ទើបនាងសុខចិត្តមិនទាន់ទទួលយកលក្ខណ្ឌរៀបការជាមួយបុរសណាម្នាក់ ហើយប្រកាន់ជំហរបន្តការងារមួយនេះ ទាំងការសម្ដែង និងចម្រៀងអោយនៅតែខ្លាំង។ នាងថាខ្លួនស្រឡាញ់សិល្បៈខ្លាំងណាស់ ដូច្នេះបើអោយបោះបង់សិល្បៈដើម្បីរៀបការសើយសុខគឺមិនទាន់ចង់ទេ អ៊ីចឹងហើយទើបបានត្រៀមខ្លួនប្រកួតប្រជែងក្នុងកម្មវិធី Star Award ដោយ នាងគឺជាបេក្ខនារីក្នុងចំណោម២៥រូប តំណាងអោយខេត្តក្រុងមួយទាំង២៥ ហើយដើរតួជាអ្នកផ្សព្វផ្សាយវប្បធម៌ សិល្បៈ និងតំបន់ទេសចរណ៍ តាមរយៈការបង្ហាញសមត្ថភាពសិល្បៈយកបង្ហាញលើកញ្ចក់ទូរទស្សន៍។
វណ្ណា វត្តី បានអះអាងថា ក្រៅពីត្រៀមបង្ហាញសមត្ថភាពប្រជែងជំនាញសិល្បៈក្នុងន័យផ្សព្វផ្សាយខេត្តក្រុងមួយ ដែលកម្មវិធីតម្រូវអោយនាងធ្វើជាតំណាងនេះ នាងក៏បានត្រៀមខ្លួន បង្ហាញនូវស្នាដៃថ្មីនៅក្នុងសិល្បៈផ្នែកចម្រៀង ដោយគ្រោងចេញបទល្អក្នុងពេលខាងមុខផងដែរ។
នាងថាសប្បាយចិត្តបំផុតនៅពេលដែលកម្មវិធីដែលនាងចូលរួមប្រកួតប្រជែង បានផ្ដល់ឱកាសអោយនាងស្វែងយល់ពីសិល្បៈវប្បធម៌ និងសក្កានុពលនៃខេត្តក្រុងដែលនាងធ្វើជាតំណាង ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក ដែលនាងប្រកាសថានាងធ្វើអោយអស់ពីលទ្ធភាព ដើម្បីធ្វើអោយទីតាំងដែលនាងធ្វើតំណាងលេចធ្លោ៕