ទម្លាយបណ្ដឹងលើ ហង្ស សម្បើមស័ក្ដ ស្របគ្នា ហេង នរៈកក្កដា លូកដៃក្នុងជម្លោះ

0

មកទល់ពេលនេះ តារាសម្ដែង លោក ហង្ស សម្បើមស័ក្ដ បានធ្វើអោយមានការភ្ញាក់ផ្អើលនៅក្នុងស្រទាប់មហាជនយ៉ាងខ្លាំង ដោយសារតែលោកបានបង្ហោះសារយ៉ាងរសើបចោទថាផលិតកម្មមហាហង្សមិនព្រមបើកលុយអោយលោកដូចគ្នានឹងតារាសម្ដែងកញ្ញា ណាក់ ស្រីណា ដែលធ្លាប់វាយប្រហារផលិតកម្មមហាហង្សកន្លងមក។ យ៉ាងណាមិញ ការបង្ហោះរបស់លោកបានធ្វើអោយលោក អ៊ិន សុភិន បង្ហោះជាចំហរនូវបណ្ដឹងដែលចេញដោយមេធាវី ដោយក្នុងបណ្ដឹងនោះ បានអះអាងថាលោក ហង្ស សម្បើមស័ក្ដ មិនមកបំពេញការងារថតរឿង«សង្គ្រាមមរតក»ធ្វើអោយភាពយន្តមួយនេះត្រូវកាត់ឈុតចោល ស្របគ្នាដែលលោកហេង នរៈកក្កដា ក៏បានបង្ហោះសារលូកមាត់ក្ដៅៗ។

លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស បានអះអាងថា ហេតុផលដែលខាងមហាហង្សមិនព្រមបើកលុយ៥០ភាគរយអោយលោក ហង្ស សម្បើមស័ក្ដ គឺបណ្ដាលមកពីលោកមិនបានមកថតភាពយន្តរឿង«សង្គ្រាមមរតក»អោយចប់សព្វគ្រប់តាមអ្វីដែលបានព្រមព្រៀងនោះទេ ដោយភាពយន្តទាំងមូលមានចំនួន៥០ភាគ តែភាពយឺតយ៉ាវ ដែលបណ្ដាលមកពីលោក ហង្ស សម្បើមស័ក្ដ មិនមានពេលថតអោយគ្រប់គ្រាន់ ទើបធ្វើអោយក្រុមហ៊ុនសម្រេចចិត្តកាត់ប្លង់មួយចំនួនចោល ហើយថតបានតែ៣៨ភាគអោយខាងទូរទស្សន៍។ លោកបានបញ្ចេញឯកសារបណ្ដឹងមួយ ដែលមេធាវីតំណាងអោយ ក្រុមហ៊ុន បានជូនដំណឹងអោយលោក ហង្ស សម្បើមស័ក្ដ មកបំពេញការងារអោយចប់សព្វគ្រប់ ដើម្បីកុំអោយមានការសងថ្លៃខូចខាតរបស់ផលិតកម្ម ឬត្រូវបង្កកប្រាក់កម្រៃមិនទាន់បើក។ យ៉ាងណាមិញ លោកថាខ្លួនសុខចិត្តដំកល់បណ្ដឹងនោះ ដោយនៅតែប្រកាន់ជំហរបើកលុយអោយគ្រប់ដដែល ដោយគ្រាន់តែសម្រេចចិត្តបង្កកអោយយូរបន្ដិតប៉ុណ្ណោះ ដើម្បីអោយបានដឹងថាបើពេលថតរឿងធ្វើបាបផលិតករ គឺផលិតករត្រូវអោយធ្វើបាបវិញពេលសុំបើកលុយ។ ប៉ុន្តែផ្អែកតាមការបង្ហោះធ្វើអោយប៉ះពាល់ដល់កិត្តយសរបស់លោក និងក្រុមហ៊ុនរបស់លោកនេះ គឺលោកនឹងធ្វើតាមច្បាប់ ដោយសារតែអះអាងថា លោកហង្ស សម្បើមស័ក្ដ ក៏ធ្វើអោយភាពយន្តរឿង«សង្គ្រាមមរតក»របស់លោកខាតបង់ជាច្រើនព្រោះតែការរវល់មិនថតបានទៀងទាត់។ លោកថាតួដែលក្រុមហ៊ុនពិបាកលុយ គឺសំដៅតែតួដែលធ្វើអោយក្រុមផលិតករពិបាកប៉ុណ្ណោះ ដោយលោកបានអះអាងថា បើតួដែលមកថតទៀងទាត់ក៏ខាងផលិតកម្មពិបាកលុយដែរ ប្រហែលជាខាងផលិតកម្មត្រូវបិទទ្វារហើយ។

ស្រដៀង នឹងការលើកឡើងខាងលើ លោក ហេង នរៈកក្កដា បានបង្ហោះនៅលើហ្វេសប៊ុកថា«ខ្ញុំសូមបញ្ចេញយោបល់បន្តិច សំរាប់ខ្ញុំថតអោយផលិតកម្ម (មហាហង្ស) ខ្ញុំដូចជាអត់ដែលមានបញ្ហាកើតឡើងចឹងសោះ ចុះមិចគេគ្រប់ៗគ្នាមានបញ្ហារហូតចឹង? ដូចរាល់ថ្ងៃនេះចឹង ខ្ញុំកំពុងបំពេញការងារអោយផលិតកម្ម (មហាហង្ស) គឺខ្ញុំកំពុងតែថតរឿង(ព្រលឹង) ខ្ញុំនិយាយដោយស្មោះត្រង់ ខ្ញុំថតអោយគាត់ខ្ញុំស៊ីថ្ងៃ ហើយកុងត្រាបាននិយាយថា ថតចប់បានមួយអាទិត្យបើកលុយ មែន! ខ្ញុំថតចប់បានមួយអាទិត្យខ្ញុំបានបើកលុយទាំងអស់មែន ហើយស្រួលធ្វើការជាមួយខាងពួកគាត់ទៀត.! តែមិចបានពួកគាត់តែងតែមានបញ្ហារហូតចឹង? តែសំរាប់ខ្ញុំគឺវាមិនដែលមានរឿងអីកើតឡើងសោះ អ្វីដែលសំខាន់បំផុត គឺយើងត្រូវមកថតអោយទាន់ពេលវេលា គោរពតាមលក្ខខណ្ឌក្នុងកុងត្រានឹងតាមនៅអ្វីដែលយើងនិយាយគ្នា..! ខ្ញុំសង្ឃឹមថាភាគីទាំងសងខាងនឹងដោះស្រាយបញ្ហានេះបានឆាប់ៗនេះ?»។

គេមិនទាន់ដឹងថាតើ តារាសម្ដែង លោក ហង្ស សម្បើមស័ក្ដ នឹងមានប្រតិកម្មចំពោះការវាយបកខាងលើយ៉ាងណានោះទេ ក្រោយពីសារដែលលោកប្រកាសទារលុយផលិតកម្មមហាហង្ស បានក្លាយជាប្រធានបទដ៏រសើបនៅក្នុងពេលនេះ៕