ក្ដុកក្ដួល ម្ដាយបង្កើតតារាចម្រៀង អ៊ិន ចាន់រតនា ទទួលមរណភាព

0

នៅព្រឹកថ្ងៃទី២៩ សីហា តារាចម្រៀងលោក អ៊ិន ចាន់រតនា បានបង្ហោះអោយឃើញពីភាពក្ដុកក្ដួលចិត្តយ៉ាងខ្លាំង ដោយសារតែម្ដាយរបស់លោកដែលកើតជំងឺមហារីកដើមទ្រូងអស់រយៈពេលច្រើនខែមកហើយ បានទទួលមរណភាពកាល ខណៈដែលគេដឹងថាលោកក៏ជាតារាកំព្រាឪពុកប្រមាណជា១០ឆ្នាំមកហើយ។

លោក អ៊ិន ចាន់រតនា និយាយថាម្ដាយរបស់លោកបានទទួលមរណភាពក្នុងវ័យ៦១ឆ្នាំ ដោយមុនទទួលមរណភាព លោក និងគ្រួសារបានប្រើអស់ពីលទ្ធភាពហើយ ដើម្បីបញ្ជូនម្ដាយទៅព្យាបាលនៅតាមមន្ទីរពេទ្យមហារីកនានាក្នុងស្រុក ជាពិសេសគឺក្នុងមន្ទីរពេទ្យឯកជន។ លោកថាម្ដាយលោកកើតមានជំងឺនេះជាយូរមកហើយ ប៉ុន្តែដោយសារតែអ្នកស្រីចេះតែបន្តលាក់បាំង ទើបដល់ដំណាក់កាលធ្ងន់ធ្ងរមកហើយ ទើបបានព្យាបាល។

អ្វីដែលលោករន្ធត់ចិត្តចំពោះការបាត់បង់ម្ដាយនេះខ្លាំងបំផុត គឺម្ដាយរបស់លោកជាបង្អែករបស់គ្រួសារ និងជាស្រ្តីដែលមើលថែកូនៗយ៉ាងលំបាកបំផុត មុនពេលធ្លាក់ខ្លួនឈឺខ្លាំង។ លោកថាមុនពេលម្ដាយទទួលអនិច្ចកម្ម លោកបានបោះបង់ការងារសិល្បៈគ្រប់ផ្នែកនៅមើលថែម្ដាយ ដោយសូម្បីតែកម្មវិធី Star Award ដែលលោកត្រូវមានឈ្មោះចូលប្រកួត ក៏លោកសម្រេចចិត្តបោះបង់ដែរ ព្រោះតែស្ថានភាពគ្រួសារមានទុក្ខបែបនេះ៕