មរណភាពរបស់តារាចម្រៀង លោក អេង ប៉ូ ដែលប្រើហ្វេសប៊ុកឈ្មោះ ទេវបុត្រព្រះពាយ បានធ្វើអោយម្នាក់ៗជាពិសេសតារាចម្រៀងនៅក្នុងពិភពសិល្បៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែលោកមិនធ្លាប់ប្រកាសអោយដឹងថាមានជំងឺធ្ងន់ធ្ងរណាមួយទាល់តែសោះ ប៉ុន្តែដល់ឈឺមួយភ្លែតក៏ទទួលមរណភាពទាំងវ័យក្មេង។
លោកត្រូវគេប្រកាសថាបានស្លាប់ក្នុងវ័យជាង៤០ឆ្នាំ កាលពីថ្ងៃទី២៧ សីហា បន្ទាប់ពីត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ជំងឺដាច់សរសៃឈាមបានតែប៉ុន្មានម៉ោង។
មកទល់ម៉ោងនេះ សពរបស់លោកត្រូវបានធ្វើបុណ្យនៅវត្តឫស្សីកែវ ស្ថិតនៅទល់មុខក្រុមហ៊ុនកូកាកូឡា ខណៈដែលនៅលើហ្វេសប៊ុក គេឃើញមានការបង្ហោះរំលែកទុក្ខយ៉ាងច្រើនពីសំណាក់តារាចាស់ថ្មី ដែលធ្លាប់ច្រៀងរាំជាមួយលោក ក្នុងរយៈពេល២០ឆ្នាំកន្លងមក។
លោកគឺជាតារាចម្រៀងដែលបានប្រឡូកក្នុងអាជីពមួយនេះ ដោយការបកស្រាយបទភាសាខ្មែរ និងអង់គ្លេស របស់លោក ត្រូវបានអ្នកសិល្បៈ និងអ្នកគាំទ្រកោតសរសើរពីទឹកដមសំឡេងយ៉ាងខ្លាំង។ ក្នុងនោះលោកក៏ធ្លាប់បានបង្ហាញមុខលើឆាកទូរទស្សន៍ និងឆាកតន្ត្រីធំៗម្ដងម្កាលផងដែរ ក្រៅតែពីឃើញមិនសូវបាត់មុខក្នុងអាហ្វែមង្គលការ ក្នុងក្រុមតារាចម្រៀងមួយចំនួ។ នៅមិនទាន់ដឹងថាតារាចម្រៀងរូបនេះ នឹងមានអ្នកសិល្បៈចូលរួមបុណ្យសពកុះករ ឬមួយយ៉ាងណានោះទេ បើទោះជាមានការចាប់អារម្មណ៍ថាមរណភាពរបស់លោកមានទាំងតារាក្រៅស្រុក និងតារាចាស់ក្មេងបង្ហោះសាររំលែកទុក្ខយ៉ាងផុសផុលនាពេលនេះ៕