វង្ស ថាណាន់ ប្រឹងក្ដោបគោលដៅ

0

បើទោះជាគេមើលឃើញគ្រប់គ្នាថា អតីតបេក្ខភាព Cambodian Idol រដូវកាលទី៣ លោក វង្ស ថាណាន់ ប្រមួលបានទីផ្សារសិល្បៈ និងឡើងសន្ទុះគួរអោយកត់សម្គាល់ជាងគេក្នុងចំណោមអតីតអ្នកប្រលងដូចគ្នានៅក្នុងពេលនេះ ក៏លោកនៅតែអះអាងថាខ្លួនមិនទាន់ដល់គោលដៅ។

លោកប្រកាសពីការប្រឹងប្រែងនៅច្រើនបន្ថែមទៀត ដោយគ្រោងកញ្ឆក់យកអោយបាននូវប្រជាប្រិយភាពលើសអ្វីដែលមានចុងក្រោយច្រើនដង ទើបលោកយល់ថាគោលដៅខ្លួនរៀងកៀកបន្ថិច។

ឆ្លើយតបនឹង ការយល់ឃើញថា លោក គឺជាតារាចម្រៀង ដែលមានការវិវត្តន៍បានល្អ ទាំងស្ទីល និងទឹកដមសំឡេង ហើយមានកេរ្តិ៍ឈ្មោះឈានឡើងនៅក្នុងវិថីសិល្បៈលប់លើអតីតបេក្ខភាពដែលប្រលងជាមួយគ្នា លោក វង្ស ថាណាន់ បានអះអាងថា ខ្លួនទើបតែបានទទួលជោគជ័យលើមួយជំហានប៉ុណ្ណោះ ដរាបណាលោកនៅមិនទាន់មានផលិតកម្មធំណាមួយជ្រកកោណ និងមិនទាន់មានលទ្ធភាពនៅឡើយ ដូចជាមានផ្ទះផ្ទាល់ខ្លួន និងរថយន្តទំនើបអោយសមរម្យ។ លោកថាខ្លួនប្រឹងរាល់ថ្ងៃ មិនចង់បានអ្វីក្រៅពីចង់ពង្រីកកេរ្តិ៍ឈ្មោះអោយខ្លាំង ហើយក្ដោបក្ដាប់ការងារប្រគំតន្ត្រីធំៗអោយបានច្រើននោះទេ បន្ទាប់ពីខាងទូរទស្សន៍ហង្សមាសក៏ប្រឹងលើកស្ទួយតាំងពីការប្រលងត្រូវបញ្ចប់។

កាលពីមុនលោកគិតត្រឹមតែថាអោយតែច្រៀងបានល្អ ហើយមានកេរ្តិ៍ឈ្មោះបានបន្តិច នឹង អាចប្រឡូកការងារសិល្បៈបានដោយជោគជ័យប៉ុណ្ណោះ ប៉ុន្តែពេលនេះលោកកាន់តែច្បាស់ថា បើមិនខ្លាំងខាងបត់បែនស្ទីល និងត្រូវចំណាយអោយខ្ពស់លើការតែងខ្លួន លើការផលិតបទចម្រៀង និងលើផ្នែកផ្សេងៗ គឺពិតជាពិបាកប្រកួតប្រជែង។ អ៊ីចឹងហើយ ទើបលោកត្រូវចំណាយពេលច្រើនលើការរៀបចំស្ទីល និងហ្វឹកហាត់ក្បាច់រាំ បើទោះជាលោកគឺជាតារាចម្រៀងដែលចូលចិត្តភាពស្រគត់ស្រគំម្នាក់។ យ៉ាងណាមិញ លោកយល់ស្របហើយថាខ្លួនជោគជ័យច្រើនភាគរយជាងមុនហើយ បើធៀបនឹងពេលមិនទាន់ចូលប្រលង និងធៀបជាមួយដំណាក់កាលកាលមិនទាន់សម្រុកចេញបទចម្រៀងវាយលុកទីផ្សារ។

លោក វង្ស ថាណាន់ គ្រោងនឹងបញ្ចេញបទចម្រៀងថ្មីៗច្រើនបទបន្ថែមទៀត បន្ទាប់ពីបទដែលបានចេញប៉ុន្មានបទចុងក្រោយ ទទួលបានការគាំទ្រ ដល់ថ្នាក់អោយលោកឡើងឆាកប្រមូលប្រជាប្រិយភាព ឡើងចង់សុះឆាកអស់ទៅហើយ។ លោករំពឹងយ៉ាងខ្លាំងថា ថាអ្វីដែលខ្លួនខំប្រឹងនឹងជួយអោយលោកបានដល់គោលដៅក្នុងពេលឆាប់ៗ ជាពិសេសគឺការគាំទ្រ ដែលអាចអោយលោកបានក្លាយជាតារាល្បីម្នាក់ ដែលអាចក្រសោបការងារសិល្បៈបានខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here