ឡេង ណាវ៉ាត្រា ទទួលកាដូក្នុងជីវិត

0

នៅទីបំផុត ក្ដីស្រម៉ៃ របស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវគេស្គាល់ថា ជាម្ចាស់ផលិតកម្ម Galaxy និងជាតារាចម្រៀងផងនោះ បានលេចឡើងហើយ បន្ទាប់ពីលោកចង់មានកូនប្រុសទុកជាអ្នកដំណក់ឈាមក្នុងការបន្តត្រកូល ហើយភរិយារបស់លោក ក៍សម្រាលបុត្រាប្រកបដោយភាពជោគជ័យ កាលពីថ្ងៃទី២៤ សីហា។ មិនត្រឹមតែលោកខ្លួនឯងនោះទេ សូម្បីតែតារាសិល្បៈច្រើននាក់ ក៍ចូលរួមអបអរផងដែរ ជាមួយនឹងកាដូដ៍ធំមួយនេះ របស់លោក។

លោក ឡេង ណាវ៉ាត្រា ធ្លាប់បានបញ្ជាក់ថា លោកស្រលាញ់កូនប្រុស និង ចង់បានកូនប្រុសបំផុត ដោយលោករំពឹងថា កូនប្រុសដែលជាដំណក់ឈាមរបស់លោក នឹងបន្តការងារពីលោកបានច្រើមនៅថ្ងៃអនាគតនោះផង។ លោកថាកូនប្រុសគឺជាក្ដីស្រម៉ៃដែលលោកចង់បាន ខណៈដែលលោកធ្លាប់បញ្ជាក់ថា បើមានកូនច្រើនក៍ល្អសម្រាប់ជីវិត។ ជាមួយនឹងការអះអាងនេះ គេឃើញលោកកាន់តែក្លាយជាស្វាមីល្អចំពោះភរិយាគួរអោយសរសើរ ចាប់តាំងពីអ្នកនាង ឈឿន ស្រីដែន ជាភរិយាមានទម្ងន់កូនទី២ ហើយដឹងថាជាកូនប្រុស។

លោកបានបញ្ជាក់ថា កំណើតកូនប្រុសបានជួយអោយលោកទទួលបានជោគជ័យហួសពីការស្មានក្នុងជីវិត បូករួមទាំងមុខជំនួញ ដោយលោកបានទាំងចាត់ទុកថា កំណើតកូនប្រុសគឺជាកូននាំលាភដ៏ធំក្នុងជីវិតផង។អ៊ីចឹងហើយ ទើបគេឃើញលោកញញឹមបិទមាត់មិនជិត នៅពេលភរិយាសម្រាលកូនប្រុសបានជោគជ័យ ហើយប្រសូត្របានកូនប្រុសទ្រលុកទ្រលន់គួរអោយស្រឡាញ់។

ជាមួយនឹងដំណឹងដ៏រីករាយនេះ គេកត់សម្គាល់ លោក ឡេង ណាវ៉ាត្រា កំពុងក្លាយខ្លួនជាអតីតតារាសិល្បៈមួយរូប ដែលជោគជ័យខ្លាំងទាំងរឿងមុខជំនួញ កេរ្តិ៍ឈ្មោះ និងសុភមង្គលស្នេហា ខណៈដែលលោកក៍ត្រូវគេដឹងថា បើទោះជាបានក្លាយខ្លួនមនុស្សល្បីល្បាញ និងសម្បូរទ្រព្យ ប៉ុន្តែក៍នៅស្រឡាញ់ភរិយា និងកូនៗ ដែលធ្វើអោយជីវិតស្នេហារបស់លោកពោរពេញដោយភាពផ្អែមល្ហែម។ អ្វីដែលលោកសប្បាយចិត្តបំផុត គឺលោកទទួលបានកូនប្រុសម្នាក់តាមក្ដីប្រាថ្នា ហើយភរិយារបស់លោក ក៏មានសុខភាពល្អប្រសើរ ក្រោយពេលសម្រាល៕