នាយគ្រឿន ដាក់សម្ពោធស្នាដៃថ្មី រឿង«វិញ្ញាណទីងមោង»

0

កាលពីល្ងាចថ្ងៃទី២២ សីហា តារាកំប្លែងនាយគ្រឿន ដែលត្រូវគេស្គាល់ថាជាផលិតករប្រចាំនៅក្នុងផលិតកម្មLD បានប្រកាសសម្ពោធស្នាដៃទី៤របស់ខ្លួនយ៉ាងអឹកអធឹក ក្រោមចំណងជើងថា«វិញ្ញាណទីងមោង» ដោយរំពឹងថាភាពយន្តនេះ នឹងទទួលជោគជ័យមិនចាញ់ស្នាដៃមុនៗនោះឡើយ បើទោះជាភាពយន្តបរទេសត្រូវបានគេដឹងថាកំពុងវាយសន្ធាប់តាមរោងកុន ពិបាកអោយភាពយន្តក្នុងស្រុកអាចដើរទៅមុខ។ លោកទេព រិន្ទដារ៉ូ ត្រូវបាននាយគ្រឿន ដែលជាអ្នកនិពន្ធ និងជាអ្នកដឹកនាំសម្ដែងដោយផ្ទាល់ តម្រូវអោយសម្ដែងក្នុងទម្រង់កំប្លុកកំប្លែងផង និងជាអាចារ្យស្ទាវ យ៉ាងប្លែកភ្នែក ក្នុងភាពយន្តនេះ។

ភាពយន្តដែលប្រកាសដាក់បញ្ចាំងគ្រប់រោង បន្ទាប់ពីមួយថ្ងៃធ្វើពិធីសម្ពោធនេះ បានអះអាងថាប្រើទុនអស់ច្រើនម៉ឺនដុល្លារ ដោយនេះជាស្នាដៃទី៤ដែលនាយគ្រឿន បាននិពន្ធ និងផលិតអោយផលិតកម្មLD។ នៅមិនទាន់ដឹងថានឹងមានទំហ៊ំជោគជ័យ ក្នុងកម្រិតណាមួយសម្រាប់ការដាក់លក់សំបុត្រនៅឡើយទេ ប៉ុន្តែយោងតាមក្ដីសង្ឃឹម គឺនាយគ្រឿនយល់ថា នឹងកើបចំណូលបានច្រើន មិនចាញ់រឿង «ជួបស៊យ» ដែលធ្លាប់កើបលុយនោះទេ ដោយយោងថារាល់ស្នាដៃរបស់ផលិតកម្មLD គឺមានទំនុកចិត្តពីអ្នកទស្សនា និងជារឿងដែលសម្ដែងដោយលោក ទេព រិន្ទដារ៉ូ ដែលជារៀមច្បងល្បីល្បាញ។

លោកថាមួយរឿងនេះមានរសជាតិច្រើន ដែលអ្នកទស្សនាពិតជាលាន់មាត់សរសើរពីដើមដល់ចប់ ខណៈដែលវត្តមានតួឯករបស់លោក ទេព រិន្ទដារ៉ូ គឺជាទីផ្សាររំពឹងខ្លាំង។ លោកថាក្នុងរឿង«វិញ្ញាណទីងមោង» គឺជាស្នាដៃដែលលោកនិពន្ធដោយផ្ទាល់ ហើយសម្រាប់សាច់រឿងក៏ប្លែក និងប្រទាក់ក្រឡានោះដែរ សូម្បីតែ ប្លង់ និងបច្ចេកទេសក៏មានទម្រង់ប្រកួតប្រជែង។

លោក ទេព រិន្ទដារ៉ូ ដែលបានសម្ដែងជាតួឯកនៅក្នុងភាពយន្តនេះ បានទទូចអោយអ្នកចូលចិត្តភាពយន្តតាមរោងកុន គាំទ្រភាពយន្តរឿង«វិញ្ញាណទីងមោង» ដើម្បីកុំអោយវិស័យភាពយន្តក្នុងស្រុកបន្តធ្លាក់ចុះ។ លោកថាខ្លួនបានឮច្រើនពីការថមថយរបស់ភាពយន្តខ្មែរ ដោយសារតែភាពយន្តបរទេសវាយលុកខ្លាំងពេក។

យ៉ាងណាមិញ លោកថាអ្នកគាំទ្រភាគច្រើនក៏នៅតែរង់ចាំគាំទ្រស្នាដៃរបស់ខ្លួននោះដែរ ប្រសិនបើភាពយន្តនោះមានគុណភាព និងសាច់រឿងល្អ ខណៈដែលលោកបានសរសើរនូវការផលិតរបស់ផលិតកម្មLD ទាំងប្លង់ បច្ចេកទេស និងសាច់រឿងតែម្ដង ដែលលោកបញ្ជាក់ថាគឺអាចរំពឹងខ្ពស់៕