ចែមុំមីកាសា ដូរឡិចស៊ីស៥៧០ ក្រោយត្រលប់មកពង្រីកកេរ្តិ៍ឈ្មោះក្នុងសិល្បៈ

0

ក្រោយពីមានរឿងអាស្រូវជាប់ពន្ធនាគារ អ្នកស្រី ចាន់ ស្រីនុច ហៅចែមុំមីកាសា មិនត្រឹមតែមិនបាត់មុខ ឬចេញឆ្ងាយពីពិភពសិល្បៈ ដើម្បីអោយកប់រឿងរ៉ាវដែលបានកើតឡើងនោះទេ អ្នកស្រីជាត្រលប់មកវិញ មកបង្កើតមុខជំនួញដូចមុន ដោយបានទាំងគៀរគរប្រជាប្រិយភាពក្នុងរង្វង់សិល្បៈបានកាន់តែខ្លាំងមិនចាញ់មុន ចាប់តាំងពីអ្នកស្រីប្រកាសថាប្រឈមុខ និងសម្រេចកប់ចោលរឿងអាស្រូវ។ ក្រៅពីបានត្រលប់មកបើកជំនួញសាឡន ដោយពង្រីកកេរ្តិ៍ឈ្មោះអោយភ្ជាប់នឹងតារាសិល្បៈជាថ្មី អ្នកស្រីត្រូវគេឃើញសកម្មក្នុងសកម្មភាពសប្បុរសធម៌ និងទើបតែដូររថតយន្តឡិចស៊ីស៥៧០តម្លៃកប់ក្ដោងយ៉ាងថ្មីសន្លាង ដែលកាន់តែធ្វើអោយអ្នកស្រីលុបបាត់នូវការប៉ាន់ស្មានថាអ្នកស្រីត្រលប់មកលើកនេះ គឺធ្លាក់កូដមិនដូចមុននោះ។

យ៉ាងហោច៩០ភាគរយក្នុងរង្វង់អ្នកសិល្បៈ សុទ្ធតែបានស្គាល់ឈ្មោះ អ្នកស្រីចាន់ ស្រីនុច ម្ចាស់ហាងមីកាសា ដោយសារតែអ្នកស្រីធ្លាប់ឥទ្ធិពលខ្លាំងក្លាក្នុងមុខជំនួញ ដោយមានទាំងតារាសិល្បៈស្ទើរមិនសល់ម្នាក់ ចេញចូលហាងអ្នកស្រី។ ការដួលរលំហាងធ្វើសក់មីកាសា ក្នុងពេលអ្នកស្រីមានរឿងរ៉ាវជាប់ពន្ធនាគារ បានធ្វើអោយបណ្ដាហាងផ្សេងៗចាប់ផ្ដើមពង្រីកយកឥទ្ធិពលជាជំនួស ប៉ុន្តែគេនៅតែមើលឃើញថាបណ្ដាហាងសាឡនដែលមានទាំងចាស់ និងហាងថ្មីៗ បានត្រឹមតែហែកទីផ្សាររបស់ហាងអ្នកស្រីដើម្បីបានបន្តឈរជើងប៉ុណ្ណោះ ដោយមិនអាចប្រមូលយកបានទាំងមូល ដូចកាលជំនាន់ហាងមីកាសាឡើងខ្លាំងនោះទេ។ ស្របពេលដែលបណ្ដាហាងទាំងនោះកាន់តែរឹងមាំក្នុងអាជីពផង ទើបធ្វើអោយវត្តមានត្រលប់មកវិញរបស់អ្នកស្រី ចាន់ ស្រីនុច ព្រមជាមួយនឹងការបើកហាងសាឡនមួយថ្មីឈ្មោះ NT Salon នៅខាងក្រោយផ្សារទួលគោកជាប់អតីតហាងស៊ុបតារាសម្ដែង សារាយ សក្ខណា ហាក់មិនធ្វើអោយអ្នកមានមុខជំនួញស្រដៀងអ្នកស្រីព្រឺខ្នង។ យ៉ាងណាមិញ អ្វីដែលម្នាក់ៗប៉ាន់ស្មាន ចាប់ផ្ដើមលេចឡើងនូវចំណុចផ្ទុយស្រឡះ ដោយសារតែគេកត់សម្គាល់ថាហាងសាឡនថ្មីរបស់អ្នកស្រី មានតារាល្បីៗសម្រុកចេញចូលខុសពីការគិតថាទុកថាតារាសិល្បៈនឹងខ្លាចរអារអ្នកស្រី ដោយតារាទាំងនោះក៏ដើរតួជាអ្នកឃោសនាយ៉ាងសកម្ម ធ្វើអោយអាជីវកម្មរបស់អ្នកស្រី មានឈ្មោះបោះសំឡេងនោះផង។ អ្នកស្រីចាន់ ស្រីនុច កាន់តែទទួលបាននូវការសរសើរថែមមួយកម្រិតទៀត បន្ទាប់ពីអ្នកស្រីទើបតែបានកុម្ម៉ង់រថយន្តឡិចស៊ីស ៥៧០ ឆ្នាំ២០១៦ យ៉ាងសន្លាងជិះបង្អួតអ្នកសិល្បៈ ដែលផ្ទុយពីការប៉ាន់ស្មានថាអ្នកស្រីត្រលប់មកក្នុងពិភពជំនួញ និងក្នុងពិភពសិល្បៈលើកនេះ ក៏ធ្លាក់ខ្លួនមិនដូចមុននោះ។

អ្នកស្រី ចាន់ ស្រីនុច បានអះអាងថា ក្នុងពេលដ៏ខ្លីអ្នកស្រីនឹងបោះទុនពង្រីកហាង អ៊ិនធីសាឡន អោយធំ អោយចំប្លង់ និងផ្សព្វផ្សាយអោយខ្លាំងដើម្បីវាយលុកចង្កោមអ្នកសិល្បៈ ដោយគ្រោងទាំងផលិតសៀវភៅម៉ូដសក់ដើម្បីវាយលុកទីផ្សារអោយបានដូចមុននោះផង ទើបគេនៅតែមើលឃើញថាវត្តមានលុកលុយរបស់អ្នកជំនួញរូបនេះ ច្បាស់ណាស់នឹងមានឥទ្ធិពលម្ដងទៀតដោយមិនលំបាកក្នុងរង្វង់តារាសិល្បៈ។ យ៉ាងណាមិញ អ្នកស្រីថាខ្លួននឹងភ្ជាប់ទំនាក់ទំនងអោយខ្លាំងឡើងវិញ ដើម្បីអោយរីកក្នុងគម្រោងមុខចំនួញប៉ុណ្ណោះ ដោយមិនអោយដានចាស់មកប៉ះទង្កិចកេរ្តិ៍ឈ្មោះរបស់អ្នកស្រីជាថ្មីម្ដងទៀតទេ៕