ប្រមូលផ្តុំដោយតារាល្បីៗនៅក្នុងខ្សែភាពយន្តថ្មី « ព្រហ្មលិខិតលំអៀង » របស់ស្ថានីយទូរទស្សន៍PNN

0

កាលពីព្រឹកថ្ងៃទី 12 តុលា ២០២០ទូរទស្សន៍ PNN បានធ្វើពិធីក្រុងពាលីយកលាភជ័យដើម្បីត្រៀមចេញថតនូវសាច់រឿងថ្មី ដែលមានចំណងជើងថា « ព្រហ្មលិខិតលំអៀង » ដែលចូលរួមសម្ដែងដោយតារាប្រុសស្រីល្បីឈ្មោះទាំងជើងចាស់និងថ្មីដែលសុទ្ធសឹងជាតារាវ័យក្មេងហើយពេញនិមយសម្រាប់យុវ័យសម័យថ្មីដែលចូលចិត្តតាមដានទស្សនាខ្សែភាពយន្តភាគខ្មែរ។

« ព្រហ្មលិខិតលំអៀង » គឺជាវណ្ណកម្មបែបថ្មីស្រឡាងមួយរបស់ផលិតកម្ម PR ដែលជាសាច់រឿងបែបឆ្លុះបញ្ចាំងពីជីវិតកូនភ្លោះ2នាក់ ដែលមិនត្រឹមតែមានវាសនាខុសគ្នាស្រឡះនោះទេ ថែមទាំងមានចិត្តផ្ទុយគ្នាដូចមេឃនិងដីថែមទៀតផងទោះបីជាកើតមកក្នុងតំណក់ឈាមរួមគ្នាយ៉ាងណាក្ដី។ រឿងនេះផងដែរគឺចង់ចែករំលែកនូវរសជាតិជីវិតទៅតាមកម្មផល និងបុណ្យវាសនាដែលមនុស្សម្នាក់ៗកើតមកទទួលបាន។ រឿងនេះផងដែរអ្នកដឹកនាំបានសម្រិតសម្រាំងមិនត្រឹមតែគុណភាពនៃការថតប៉ុណ្ណោះទេ គឺបើនិយាយពីតួអង្គវិញសុទ្ធសឹងតែជាតារាដែលកំពុងមានឈ្មោះបោះសម្លេងនៅក្នុងវិស័យភាពយន្ត ជាពិសេសនៅក្នុងស្រទាប់យុវវ័យដែលនិយមគាំទ្រ ក្នុងនោះរួមមាន កញ្ញា ស៊ីន យូប៊ីន ( ដែលសម្ដែងជាតួអង្គ2 កូនភ្លោះ ), លោក ក្រិច ណាខុន( តួឯកប្រុស), អ្នកនាង លីម៉ារីណា, លោក យ៉ែម សំអូន, លោក សុខ សាននី, កញ្ញា លឹម មួយហ្គេច, កុម៉ារី ម៉ានីកា, អ្នកនាង កែវ ស្រីណាក់, អ្នកនាង ពេជ្រ ឆដា, កញ្ញា Pei Pei និង តារាកិត្តិយសប្រុសស្រីល្បីៗជាច្រើនរូបទៀត។

នៅក្នុងសាច់រឿងថ្មីនេះដែរ ប្រធានគ្រប់គ្រងកម្មវិធីផ្សាយកញ្ញា ទូច បុប្ផា បានមានប្រសាន៍ថា នេះជាចំណងដៃថ្មីមួយទៀតដែល PNN និងផលិតកម្មជាដៃគូបានប្រឹងប្រែងធ្វើយ៉ាងណាឱ្យទទួលបានការគាំទ្រកាន់តែខ្លាំងពីបងប្អូនទស្សនិកជន ដោយផ្ដោតលើអត្ថន័យសាច់រឿង នងគុណភាពកម្រិតរូបភាពសមស្របតាមបច្ចេកវិទ្យាសម័យទំនើប។ ភាពយន្តនេះផងដែរក្រុមការងារនឹងត្រៀមចេញថតបន្ទាប់ពីពិធីក្រុងពាលីនេះចប់ ហើយនឹងមានដាក់បញ្ចាំលើកញ្ចក់ទូរទស្សន៍ PNN ជាបន្តបន្ទាប់នាពេលឆាប់ៗខាងមុខនេះ។

អ្នកនាង ព្រំ រដ្ឋា ផលិតករ PR Production បានថ្លែងអំណរគុណដល់អ្នកស្នេហាវិស័យភាពយន្តខ្មែរទាំងអស់ដែលតែងតែគាំទ្រនូវស្នាដៃដឹកនាំរឿងរបស់ PR និង PNN កន្លងមក។ អ្នកនាងក៏រំពឹងយ៉ាងមុតមាំថា ខ្សែរភាពយន្តថ្មីមួយនេះ នឹងជាទីចាប់អារម្មណ៍របស់មហាជន ហើយសង្ឃឹមថានឹងទទួលបានការគាំទ្រកាន់តែខ្លាំងថែមទៀតដើម្បីជាកម្លាំងជម្រុញចិត្តដ់ផលិតករ ក្នុងការផលិតរឿងភាគក្រោយៗឱ្យកាន់តែមានភាពវិសេសវិសាល និងព្យាយាមរិះរកនូវសាច់រឿងថ្មីៗបន្ថែមទៀត។