ឡុង សុខហៀង ប្រឹងបណ្ដុះគ្រាប់ពូជ តារារះថ្មី ហ៊ុយ ពីលីពីន

0

ក្នុងចំណោមតារាវ័យក្មេងទាំងអស់ ដែលទទួលការបណ្ដុះបណ្ដាល និងជ្រោមជ្រែងដោយក្លិបសិល្បៈឡុង សុខហៀង គេកត់សម្គាល់ថាតារារះថ្មីលោក ហ៊ុយ ពីលីពីន ត្រូវបានម្ចាស់ក្លិបមួយនេះ ដុះខាត់ និងជំរុញយ៉ាងយកចិត្តទុកដាក់ ដោយគេឃើញតារាវ័យក្មេងរូបនេះទទួលបានទីផ្សារសិល្បៈច្រើនគួរសមនាពេលចុងក្រោយ។ ម្ចាស់ក្លិបនេះ បានទាំងអះអាងថាខ្លួននឹងបណ្ដុះអោយលោក ហ៊ុយ ពីលីពីន បានក្លាយជាតារាឡើងកូដ។

លោក ឡុង សុខហៀង និយាយថា ក្នុងចំណោមកូនសិស្សរបស់លោកទាំងអស់ លោកថាលោក ហ៊ុយ ពីលីពីន គឺជាតារាវ័យក្មេងដែលមានទេពកោលស្យសិល្បៈគួរអោយសរសើរ ទើបរាល់តែពេលដែលលោកបញ្ជូនតារាក្មេងៗអោយចេញទៅថតស្ពត និងថតភាពយន្តនៅតាមក្រុមហ៊ុន ឬតាមផលិតកម្មនានា គឺបណ្ដាផលិតករពេញចិត្តលោកហ៊ុយ ពីលីពីន ជាងគេ។

លោកថាតារាវ័យក្មេងរូបនេះ លោកដឹកនាំអោយសម្ដែងតែពីដំបូងៗប៉ុណ្ណោះ ប៉ុន្តែបន្តបន្ទាប់មកលោកថាលោក ហ៊ុយ ពីលីពីន ត្រូវបានផលិតករពេញចិត្តទាក់ទងអោយសម្ដែងដោយខ្លួនឯងប៉ុណ្ណោះ។ អ៊ីចឹងហើយទើបតារារូបនេះទទួលបានឱកាសការងារចេញថតរាល់ថ្ងៃ ដោយមិនគ្មានការជំរុញពីលោកដូចមុន ដោយទាំងការងារថតស្ពត និងសម្ដែងរឿង គឺលោកហ៊ុយ ពីលីពីន ស្ទើរតែមិនមានពេលទំនេរ។ យ៉ាងណាមិញលោកថា តម្លៃខ្លួនដែលបានទទួលពីការសម្ដែងនៅមិនទាន់ច្រើននោះទេ បើទោះជាទីផ្សាររបស់លោក ហ៊ុយ ពីលីពីនចាប់ផ្ដើមឈានឡើង។

លោកថាខ្លួននឹងបណ្ដុះតារារូបនេះ អោយបានឈានឡើងក្នុងសិល្បៈ ដើម្បីអោយកូនសិស្សរបស់ក្លិបឡុងសុខហៀងទាំំងមូល មានទំពាំងស្នងប្ញស្សីលេចធ្លោម្នាក់នៅក្នុងសិល្បៈ បើទោះជាលោកមិនទាន់ដឹងថាតើទីផ្សារ លោក ហ៊ុយ ពីលីពីន នឹងបានឈានឡើងរហូតដល់កម្រិតណា។ លោកថាតារារូបនេះគឺជាកូនសិស្សដែលលោកស្រឡាញ់ពេញចិត្តចិត្ត និងមិនខុសពីប្អូនបង្កើត ទើបលោកលះបង់មិនស្ដាយក្នុងការជំរុញអោយគេបានក្លាយជាតារាសិល្បៈដែលមានទីផ្សារម្នាក់នៅក្នុងអាជីពសម្ដែង៕