មកទល់ពេលនេះ គេកត់សម្គាល់ថាភាពយន្តភាគPNN រឿង«ម្ចាស់បំណុល»ទទួលបានការគាំទ្រយ៉ាងខ្លាំង បន្ទាប់ពីខ្សែភាពយន្តភាគនេះត្រូវបានចាក់ផ្សាយជាសាធារណៈ។ អ៊ីចឹងហើយទើបធ្វើអោយតួឯកប្រុស និងតួឯកស្រី គឺលោក ភឹម តារាវិបុល និងអ្នកនាងភិន សុដាលីស ដែលបានជាប់តំណែងជាតួឯកឆ្មើមប្រចាំឆ្នាំ ដែលលេចធ្លោក្នុងសកម្មភាពសប្បុរសធម៌របស់«គ្រួសារតារាកម្ពុជា» កាលពីថ្ងៃទី៩ ខែកក្កដា ទាំងគូផងនោះ ទទួលបានភាពលេចធ្លោ។
ប្រភពពីPNN បានអះអាងថាភាពយន្តរឿង«ម្ចាស់បំណុល»បានឈរលំដាប់ខ្ពស់ក្នុងចំណោមភាពយន្តដែលបានចាក់ផ្សាយក្នុងរយៈពេលនេះ ខណៈដែលភាពឌឺដង និងកាច់កុងរវាងតួឯកប្រុស និងតួឯកស្រី គឺជាចំណុចទាក់ចិត្តមហាជនអោយគាំទ្រភាយន្តចាប់តាំងពីបានចាក់ផ្សាយ។ ក្នុងមួយរឿងនេះ ទាំំងតួឯកប្រុស និងតួឯកស្រី មិនមានឈុតណាមិនកាច់កុងគ្នានោះទេ ទើបធ្វើអោយគ្រប់ឈុតដែលលោក ភឹម តារាវិបុល និងអ្នកនាង ភិន សុដាលីស បានសម្ដែងទទួលការគាំទ្រតាំងដើមភាគ មកទល់នឹងសាច់រឿងកាន់តែប្រទាក់ក្រឡានាពេលនេះ។ យ៉ាងណាមិញ នេះមិនមែនជាលើកទី១ បានសម្ដែងរួមគ្នា និងកាច់កុងគ្នានោះទេ ដោយគ្រាន់តែក្នុងភាពយន្តនេះ លោក ភឹម តារាវិបុល និង អ្នកនាង ភិន សុដាលីស ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារតែរស់ជាតិនៃភាពយន្តរឿង«ម្ចាស់បំណង»មានសាច់រឿងទាក់ភ្នែក។
លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្សបានអះអាងថា ការជម្រើសយកតួឯកទាំងពីរអោយសម្ដែងនៅក្នុងរឿងនេះ មិនមែនដោយសារតែតួឯកស្រីគឺជាកូនបង្កើត ហើយតួឯកប្រុសជាក្រុមការងារនោះទេ ប៉ុន្តែមកពីសាច់រឿងនេះតម្រូវអោយសមអ្នកទាំងពីរ ហើយមានឯកភាពពីទូរទស្សន៍PNN ទើបលោកជម្រើសយក។ អ្វីដែលលោកសប្បាយចិត្ត គឺនៅពេលដែលតួឯកទាំងពីរបានរំលេចឈុតឆាកក្នុងរឿង ហើយធ្វើអោយភាពយន្ត«ម្ចាស់បំណុល»ទទួលបានការសសរសើរ។ មិនលោកដឹងថាភាពយន្តមួយនេះ ទទួលបានការគាំទ្រកម្រិតណានៅឡើយទេ ប៉ុន្តែអ្វីដែលលោកបានដឹងគឺរឿងមួយនេះ តាំងពីបានដាក់ផ្សាយគឺមានមហាជនស្គាល់ច្រើន ខណៈខាងក្រុមហ៊ុនដែលជាអ្នកវាយតម្លៃភាពយន្តនៅលើកញ្ចក់ទូរទស្សន៍ ក៏បានបញ្ជាក់ថាម៉ោងដែលបញ្ចាំងរឿងនេះ មានអ្នកស្សនាមើលច្រើនជាងរឿងផ្សេងៗ៕