ច្បាស់ការហើយ! រឿង”កុមារី ២៥ ឆ្នាំវគ្គ៣” ប្រកាសបញ្ចាំងចំថ្ងៃភ្ជុំបិណ្ឌធំ

0

បន្ទាប់ពីរង់ចាំយ៉ាងអន្ទះសារអស់ពេលជាយូរមកហើយ ពេលនេះភាពយន្តខ្នាតធំបែប កំប្លែងរឿង “កុមារី២៥ ឆ្នាំវគ្គ៣” បានប្រកាសថ្ងៃចាក់បញ្ចាំងជាផ្លួវការហើយគឺនៅថ្ងៃទី 17 កញ្ញា 2020​ ខាងមុខនេះ ដែលចំនឹងថ្ងៃភ្ជុំបិណ្ឌធំតែម្តង។ ការប្រកាសនេះ កំពុងធ្វើអោយកញ្ជ្រោលអ្នកគាំទ្រយ៉ាងខ្លាំង ជាពិសេសអ្នករង់ចាំចំពោះស្នាដៃនេះ។

ប្រភពដែលបានទម្លាយពីក្រុមផលិតករ បានបញ្ជាក់ថា ភាពយន្តនេះត្រូវបានសម្រិតសម្រាំង លើគុណភាពជាពិសេស ទាំងរូបភាព សំលេង និង សាច់រឿងសម្រាប់ទស្សនិកជន ដែលធ្លាប់គាំទ្រស្នាដៃរបស់អ្នកស្រីពាន់ ភួងបុប្ផា ក៏ដូចជាហ្វេនរបស់ភាពយន្តរឿងកុមារី ២៥ ឆ្នាំវគ្គមួយ និង វគ្គ២កន្លងមក។

ចំពោះវគ្គថ្មីនេះគឺប្រជុំសុទ្ធតែតារាល្បីៗរួមមាន អ្នកនាង នី មុល្លិកា លោក ញ៉ែម សុគន្ធ នាយក្រូច នាយជីវ័ន្ត និង តារាជាច្រើនរូបទៀត ដែលគ្រាន់តែទស្សនាការសម្ដែងក្នុង Trailers ធ្វើអោយផ្ទៃរឿងទាំងមូលពោរពេញ ដោយសំណើច លាយឡំនឹងឈុតកំសត់ ព្រមទាំងបានបង្កប់នូវសារអប់រំល្អៗក្នុង​សាច់រឿងផងដែរ។ មិនតែប៉ុណ្ណោះភាពយន្តនេះក៏បានបញ្ចូលនូវបទចម្រៀងពិរោះៗ របស់តារាចម្រៀង នុត ដែលត្រូវជាប្អូនប្រុសបង្កើតរបស់តារាចម្រៀងម៉ានិត ទៀតផង។

ចំពោះសាច់រឿងវិញ គឺនិយាយអំពីតួអង្គស្រីឈ្មោះថាដាលីស ដែលមានទំងន់កូនក្នុងផ្ទៃ ហើយបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបាត់ការចងចាំ និង មានសតិប្រែ ជាកូនក្មេងអាយុ៧ឆ្នាំ។ ដោយសារភ្លើងប្រច័ណ្ឌលើសុគន្ធដែលជាប្តី នាងក៏រត់ចេញពីផ្ទះ ហើយក៏បានជួបនឹងបុរសចិត្តធម៌២រូបគឺ នាយក្រញាញ់ និង នាយស្វិតដែលម្នាក់ពិការភ្នែក និង ម្នាក់ទៀតពិការដៃជើង។ អ្នកទាំងបីបានរស់នៅកំសត់កម្រជាមួយគ្នា និង ពោរពេញ ដោយសំណើចក្នុងពេលតែមួយ។

គួរបញ្ជាក់ផងដែរថា ភាពយន្តនេះ ត្រូវបានសហការផលិតរួមគ្នារវាងផលិតកម្ម កងចក្រ ភីកឈ័រ និង ផលិតកម្ម អិមស៊ីអិនវីភីកឈ័រ។ ដូច្នេះកុំភ្លេចហៅមិត្តភក្តិទៅមើលជុំគ្នាអោយសោះ ណា ធានាថានឹងសើចសប្បាយ រំសាយអស់ទុក្ខកង្វល់ក្នុងរោងភាពយន្តតែម្តង។

LEAVE A REPLY

Please enter your comment!
Please enter your name here