លោកស្រី គង់ សុត្រាវី រំភើបចិត្តនឹងស្នាដៃរបស់ខ្លួន ត្រូវគ្រងលើខ្លួន Miss Grand Cambodia

0

ការប្រកួតឈុតប្រពៃណីរបស់ Miss Grand Cambodia កាលពីថ្ងៃទី 4 កញ្ញា ឆ្នាំ 2020 ដែលជាការរៀបចំរបស់ក្រុមហ៊ុនមហាហង្ស លោកស្រី គង់ សុត្រាវី ដែលជាម្ចាស់សម្អាងការម្កុដមាសខ្មែរ គឺជាអ្នក Sponsor ទាំងស្រុងក្នុងការផ្ដល់ឈុតសម្លៀកបំពាក់ប្រពៃណីដល់បេក្ខនារីទាំង28រូប។ លោកស្រីក៏បានបង្ហាញមោទនភាព ដែលមានឱកាសបានបញ្ចេញស្នាដៃសម្អាងការរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះផងដែរ។

ការប្រកួតដែលមានការផ្សាយបន្តផ្ទាល់នោះ លោកស្រី គង់ សុត្រាវី ម្ចាស់សម្អាងការ ម្កុដមាសខ្មែរ ក៏ត្រូវបានកម្មវិធីប្រកាសអញ្ជើញអោយឡើងថតរូបជាមួយ Miss Grand Cambodia នៅលើវេទិកាផងដែរ។ លោកស្រីបានថ្លែងបញ្ជាក់ថា ជាលើកទីមួយដែលសម្អាងការរបស់អ្នកស្រីបានចូលរួមឧបត្ថមនៅក្នុងព្រឹត្តិការណ៍ដ៏ធំបែបនេះខណៈដែលអ្នកស្រីអះអាងថា ភាគច្រើនឈុតដែលបវរកញ្ញាបានស្លៀកបង្ហាញនេះគឺជាឈុតដែលបានផលិតថ្មី នឹងត្រូវបានធ្វើឡើងយ៉ាងដុតដៃដុតជើងពីសំណាក់ក្រុមការងារទាំងយប់ទាំងថ្ងៃ។ លោកស្រីថា គឺជាមោទនភាពណាស់ដែលស្នាដៃសម្អាងការរបស់អ្នកស្រីត្រូវបានបង្ហាញឡើងជាលក្ខណៈថ្នាក់ជាតិ ខណៈដែលឈុតបែបប្រពៃណីខ្មែរក៏មើលទៅស្រស់ស្អាតបែបថ្លៃថ្នូរផងដែរ នៅពេលបេក្ខនារីម្នាក់ៗបង្ហាញឡើង។ លោកស្រី ក៏បានប្រកាសថានឹងស្វាគមន៍សម្រាប់ការចូលរួមនៅក្នុងឱកាសក្រោយប្រសិនបើមានការអញ្ជើញជាថ្មីនោះផងដែរ ខណៈដែលអ្នកស្រីយល់ថា ការចូលរួមបែបនេះគឺជាការរួមចំណែកដ៏មានតម្លៃដើម្បីលើកស្ទួយសម្រស់នារីខ្មែរ។ អ្នកស្រីក៏គម្រោងនឹងផលិតឈុតតំណាងជាតិ ដើម្បីឱ្យបេក្ខនារីតំណាងប្រទេសណាមួយបានស្លៀកលើឆាកអន្តរជាតិផងដែរ។

អ្នកស្រី គង់ សុត្រាវី បញ្ជាក់ទៀតថា ដ្បិតថានឿយហត់ តែលោកស្រីសប្បាយចិត្ត ស្របពេលដែលរយៈពេល5ឆ្នាំកន្លងមកនេះ លោកស្រីក៏ទទួលជោគជ័យគួរឱ្យកត់សម្គាល់ផងដែរនៅក្នុងវិស័យសម្អាងការ ទើបធ្វើឱ្យអាជីវកម្មរបស់អ្នកស្រីកាន់តែមានការប្រកួតប្រជែង ហើយឈានដល់ការចូលរួមក្នុងកម្មវិធីនេះ។ អ្នកស្រីក៏បានថ្លែងការកោតសរសើរចំពោះបេក្ខនារី Miss Grand ទាំង28រូប ដែលមានការសហការយ៉ាងល្អជាមួយនឹងសម្អាងការ ជាពិសេសរាល់ការណាត់ម៉ោងពេលវាស់កាត់សម្លៀកបំពាក់ដែលធ្វើឱ្យក្រុមការងារសម្អាងការរបស់អ្នកស្រីមានភាពងាយស្រួលក្នុងការកែរច្នៃឈុតទាំងនេះ។