បញ្ញា សិដ្ឋ លេងម៉ូដសក់អស់ទាស់ លើឆាកខារ៉ាបាវ

0

ក្នុងការបកស្រាយបទចម្រៀងបើកឆាកនៅប៉ុស្តិ៍លេខ៥ ក្នុងកម្មវិធីបន្តផ្ទាល់”Carabao TV5 Spark Concert” កាលពីថ្ងៃទី១២ សីហា តារាចម្រៀង លោក បញ្ញា សិដ្ឋ ត្រូវគេឃើញលេងម៉ូដសក់យ៉ាងប្លែកភ្នែក ខណៈ ដែលលោកក៍បានបកស្រាយបទចម្រៀងញាក់ៗកន្ត្រាក់អារម្មណ៍យ៉ាងរស់រវើកផង។ ក្នុងនោះលោកក៍បានបង្កើតចម្ងល់តាមរយៈការបកស្រាយបទចម្រៀងចប់ ហើយបានប្រកាសផ្ញើបទចម្រៀងអោយលោក ចាន់ សម័យ នាពេលនោះ។

លោក បញ្ញា សិដ្ឋ បានថ្លែងបញ្ជាក់នៅក្រោយវេទិកាថា ហេតុផលដែលលោកសម្រេចចិត្តផ្ញើបទចម្រៀងក្រោយច្រៀងចប់ ជូនលោក ចាន់ សម័យ គឺដោយសារតែលោកធ្លាប់បានលើកយកបទចម្រៀងរបស់តារាចម្រៀងនោះមកច្រៀង និងមានអារម្មណ៍សង្វេគចិត្តយ៉ាងខ្លាំង នៅពេលដែលបានដំណឹងថា លោក ចាន់ សម័យ ធ្លាក់ខ្លួនអត់ផ្ទះសម្បែង គ្មានអ្នកហៅច្រៀង និងធ្លាក់ដល់ថ្នាក់ក្រហៅលែងឮ។ លោកថាខ្លួនលើកយកបទចម្រៀងរបស់លោក ចាន់ សម័យ មកច្រៀង ដើម្បីអោយមានការចាប់អារម្មណ៍ពីក្រុមផលិតករ អោយមានការផ្ដល់ឱកាសអោយលោកបានឡើងឆាកម្ដងទៀត និងដើម្បីជួយអោយលោកមានទីផ្សារសិល្បៈជាថ្មី។

លោកថាតន្ត្រី ខារ៉ាប៉ាវ ប៉ុស្តិ៍លេខ៥ មិនមែនជាឆាកទីមួយដែលលោកលើកយកបទចម្រៀងរបស់ លោក ចាន់ សម័យ មកច្រៀង និងបានប្រកាសផ្ញើបទនេះជូនលោក ដើម្បីអោយមានការនឹករលឹកដល់លោក ចាន់ សម័យនោះទេ ពោលគឺឆាកតន្ត្រីផ្សេងៗ ក៍លោកបានធ្វើបែបនេះផងដែរ ដើម្បីអោយមានការចាប់អារម្មណ៍ ចំពោះលោក ចាន់ សម័យ បាន។ ដោយឡែកសម្រាប់ការលេងខ្លួនជាមួយនឹងម៉ូដសក់វិញ លោកថាចេះតែរកនឹកអោយប្លែក ដោយមិនដឹងថាម៉ូដអីម៉ូដអីនោះទេ ប៉ុន្តែសំខាន់គឺលោកចង់អោយអ្នកទស្សនា មិនសាំភ្នែកនៅពេលឃើញលោកឡើងឆាកម្ដងៗ។