មិនខុសពីផលិតករដែលមានឆន្ទៈមួយចំនួន អ្នកនាង ព្រំ រដ្ឋា ដែលត្រូវគេស្គាល់ថាជាអតីតពិធីការិនី និងជាតារាសម្ដែងលេចធ្លោរដែលបានវិវត្តន៍ខ្លួនក្លាយជាម្ចាស់ផលិតកម្មPr Production និងមានស្នាដៃក្នុងការផលិតរឿងភាគរាប់មិនអស់ ក៏បានប្រកាសអោយដឹងថាអ្នកនាងមិនត្រូវការផលចំណេញពីវិស័យមួយនេះដែរ។ អ៊ីចឹងហើយទើបអ្នកនាងស្ទុះស្ទារ និងតស៊ូជាមួយភាពយន្តរហូតមក ដោយអ្នកនាងបញ្ជាក់ថាបើយកដើមទុនទៅវិនិយោគលើវិស័យមួយផ្សេង គឺប្រហែលចំណេញជាងនេះឆ្ងាយណាស់។
អ្នកនាង ព្រំ រដ្ឋា និយាយថា អ្នកនាងសម្រេចចិត្តបោះទុនបើកផលិតកម្ម PR Production គឺដោយសារតែអ្នកនាងស្រឡាញ់វិស័យសិល្បៈ និងចង់រួមចំណែកកសាងស្នាដៃនៅក្នុងវិស័យមួយនេះ ទើបអ្នកនាងលះបង់ទាំងស្រុងនូវការងារ និងមុខតំណែងរបស់ខ្លួន បូករួមទាំងពេលវេលាសម្រាប់គ្រួសារផង វាយស៊ប់តែក្នុងការផលិត។ ជាក់ស្ដែងអ្នកនាងមិនមែនគ្រាន់តែជាផលិតករតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកដឹកនាំសម្ដែង ជាអ្នកទទួលខុសត្រូវ និងជាអ្នកនិពន្ធសាច់រឿងដោយខ្លួនឯងផងដែរ ដោយអ្នកនាងប្រកាសថាគ្រប់សង្វាក់ផលិតកម្មដែលអាចលេចចេញជាភាពយន្តមួយបាន គឺមិនមានចំណុចណាដែលអ្នកនាងមិនប្រើសមត្ថភាពដោយផ្ទាល់។ អ្នកនាងបានទទួលជោគជ័យក្នុងការផលិតភាពយន្តភាគអោយ ទូរទស្សន៍My TV CTN និង បាយ័ន ច្រើនរឿងមកហើយ ដោយភាពយន្តដែលមានការគាំទ្រខ្លាំងគឺរឿង«សម្បថនិស្ស័យ»។ ដោយឡែកនៅក្នុងពេលនេះ ភាពយន្តរឿង «សម្ពាយបុណ្យ»ដែលបានដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍បាយ័ន ក៏កំពុងទទួលបានការគាំទ្រខ្លាំងក្លាផងដែរ ដោយអ្នកនាងបញ្ជាក់ថាភាពយន្តមួយរឿងនេះ គឺអ្នកនាងយកចិត្ត និងបេះដូងមកផលិត ដោយមិនបានគិតពីផលចំណេញទេ ទើបផលិតបានល្អដូចដែលបានឃើញ។ អ្នកនាងថាវិស័យភាពយន្តខ្មែរ បើអ្នកចង់បានផលចំណេញ ហើយខ្វះឆន្ទៈ គឺមិនអាចធ្វើរឿងមួយបានល្អ និងត្រូវចិត្តមហាជនបានទេ ដោយសារតែដើមទុនក្នុងការផលិតរបស់ភាពយន្តខ្មែរនៅមានកម្រិត ហើយតម្លៃដែលទទួលបានពីខាងទូរទស្សន៍ក្នុងមួយភាគៗក៏មិនមែនជាតម្លៃកើបចំណេញ។
យ៉ាងណាមិញ អ្នកនាងនៅតែមានឆន្ទៈតស៊ូក្នុងវិស័យមួយនេះ ដោយក្រោយបញ្ចប់ការផលិតរឿង«សម្ពាយបុណ្យ» ដែលកំពុងដំណើរការនៅលើកញ្ចក់ទូរទស្សន៍បាយ័ននាពេលនេះ អ្នកនាងក៏សម្រុកផលិតភាពយន្តភាគរឿង«ភរិយាឥតខាន់ស្លា»ផងដែរ។
អ្នកនាងថ្លែងថា បើខ្វះការស្រឡាញ់ ហើយខ្វះឆន្ទៈ ប្រហែលជាអ្នកនាងយកទុនដែលចំណាយច្រើនទៅៗ យកទៅផលិតរឿងនោះឡើយ ដោយសារតែដើមទុនទម្រាំអាចឈរជើងក្នុងការងារនេះបានគឺចំណាយមិនធម្មតា។ យ៉ាងណាមិញ អ្នកនាងសប្បាយចិត្ត ដោយសារតែរាល់ការផលិតដែលលេចចេញផ្លែផ្កា គឺទទួលបានការគាំទ្រ ជាពិសេសគឺរឿង«សម្បថនិស្ស័យ» និងរឿង«សម្ពាយបុណ្យ» ដែលកំពុងទាក់ទាញលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍បាយ័នក្នុងពេលនេះ។ យ៉ាងណាមិញ អ្នកនាងថាអ្វីដែលខ្លួនទទួលបានផ្លែផ្កាមកដល់ពេលនេះ ក៏ដោយសារតែមានការសហការរវាងក្រុមផលិត និងតួសម្ដែងទាំងអស់ផងដែរ ដោយមិនអាចមិនមានចំណែកអ្នកណាមួយនោះឡើយ។
អ្នកនាងថាសម្រាប់ការងារគឺហត់ស្ទើរមិនមានពេលវេលានោះទេ ប៉ុន្តែបណ្ដាលមកពីអ្នកនាងមើលឃើញពីស្នាមញញឹម និងមើលឃើញពីការគាំទ្រទើបអ្នកនាងត្រូវតែបន្តឆ្ពោះទៅមុខ ដោយក្រៅពីមិនបានបន្ថយសកម្មភាព គឺបានបង្កើនក្រុមផលិត ដើម្បីផលិតភាពយន្តម្ដង២រឿងៗអោយខាងទូរទស្សន៍នោះផង៕