អាណិតណាស់! ទោះដើរបានក៏ សួស សងវាចារ បញ្ចេញសំឡេងងច្រៀងមិនកើត

0

ក្នុងជំនួបដោយផ្ទាល់នៅគេហដ្ឋានរបស់លោកនៅម្ដុំទល់មុខព្រលានយន្តហោះភ្នំពេញ ក្នុងពេលពិធីការិនីអ្នកនាង គង់ ចាន់រ៉ែន យកថវិកាសប្បុរសជនទៅប្រគល់អោយ២០០ដុល្លារ តារាចម្រៀងលោក សួស សងវាចារ ត្រូវបានគេឃើញបានផ្លាស់ប្ដូរពិការភាពរបស់លោកបាត់អស់ជាច្រើន។ រាងកាយដែលធ្លាប់តែកម្រើកមិនបាន បែរជាអាចដើរបាន ឈរបាន និងកម្រើកដៃទាំងសងខាងបានវិញហើយ ប៉ុន្តែជំងឺដាច់សរសៃឈាមខួរក្បាល នៅតែមិនអាចធ្វើអោយតារាចម្រៀងរូបអាចបញ្ចេញសំឡេងច្រៀងបាន។

លោក សួស សងវាចារ បានអះអាងថា ស្ថានភាពរបស់លោកនៅក្នុងពេលនេះ កាន់តែប្រសើរជាងមុនឆ្ងាយណាស់ បន្ទាប់ពីលោកទទួលការព្យាបាលលើផ្នែកចលនា និងបានលេបថ្នាំទៀងទាត់។ លោកកាន់តែសប្បាយចិត្តដែលអាចកម្រើកដៃ និងជើងដែលធ្លាប់តែពិបាកអោយមានចលនាជាថ្មី ដោយថែមទាំងដើរបាន ដែលជានោះគឺជាស្ថានភាពក្នុងក្ដីស្រម៉ៃរបស់លោកបានផង។

លោកថា ស្ថានភាពជំងឺរបស់លោកបើមានលទ្ធភាពធ្វើចលនាទៀងទាត់ជាប្រចាំគឺច្បាស់ណាស់ថានឹងអាចដើរបាន ឬដូចដើម ប៉ុន្តែបណ្ដាលមកពីលោកមានតែផ្ទះរស់នៅហ៊ឺហារ ហើយគ្មានលុយព្យាបាល ទើបបានតែប៉ុណ្ណឹង។ លោកថាស្ថានភាពពិការរបស់លោកនឹងល្អឆាប់ៗ ប៉ុន្តែសម្រាប់សំឡេងគឺលោកមិនអាចច្រៀងបាននោះទេ មកទល់នឹងពេលល្អប្រសើរនេះ។ លោកថាខ្លួនសាកល្បង ហាត់ច្រៀង និងបញ្ចេញសំឡេងច្រើនលើកមកហើយ ប៉ុន្តែអណ្ដាតរបស់លោករលាស់មិនកើតតែម្ដង ដោយសារតែអណ្ដាតរឹងៗ ហើយសំខាន់បំផុតគឺលោកបញ្ជាអោយអណ្ដាត និងបំពង់ករ បញ្ចេញសំលេងច្រៀងមិនកើត។

លោកថាស្ថានភាពរាល់ថ្ងៃបានត្រឹមតែនិយាយបានដូចដើមប៉ុណ្ណោះ ប៉ុន្តែបើឈានដល់ការរលាស់អណ្ដាតបកស្រាយបទចម្រៀង គឺច្រៀងអត់កើតទាំងស្រុង ទើបលោកមានការសោកស្ដាយ។

លោកសួស សងវាចារបញ្ជាក់ថា ខួរក្បាលរបស់លោកអត់អាចបញ្ជាមាត់ អណ្ដាត និងផ្លូវដង្ហើមបានទេ ដែលធ្វើឡើងមានការភ័យបារម្ភប្រសិនបើលោកស្រាប់តែមិនអាចច្រៀងកើតបែបនេះជារហូតតទៅ។ យ៉ាងណាមិញ លោកថាខ្លួនសង្ឃឹមដល់ថ្ងៃណាមួយ ដែលស្ថានភាពពិបាកបានល្អជាងនេះ គឺពិតជាអាចអោយលោកច្រៀងកើត ម្ដងទៀត៕