ព្រំ រដ្ឋា ដើរតាមគន្លង តារាល្បីៗក្រៅប្រទេស

0

ខណៈដែលភាពយន្តរឿង«សម្ពាយបុណ្យ» កំពុងដំណើរការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍បាយ័ន ហើយទទួលបានការចាប់អារម្មណ៍ អ្នកនាង ព្រំ រដ្ឋា ដែលត្រូវគេស្គាល់ថាជាអតីតពិធីការិនី និងជាអតីតតារាសម្ដែងល្បីល្បាញតែម្នាក់ ដែលបានវិវត្តន៍ខ្លួនក្លាយជាផលិតករយ៉ាងជោគជ័យនាពេលចុងក្រោយបានអះអាងថា អ្នកនាងនឹងបញ្ចេញស្នាដៃផលិតភាពយន្តអោយកាន់តែខ្លាំងបន្ថែមទៀត ដោយក្រៅពីបន្ថែមក្រុមផលិតដល់ទៅ២ក្រុមហើយ ក៏នឹងមានគម្រោងពង្រឹងការបញ្ចេញស្នាដៃភាពយន្តអោយកាន់តែមានគុណភាព ដើម្បីអោយសមនឹងកេរ្តិ៍ឈ្មោះរបស់អ្នកនាងដែលធ្លាប់បានសាងនៅក្នុងវិស័យសម្ដែង និងពិធីករ។ អ្នកនាងត្រូវគេអះអាងថា កំពុងដើរតាមគន្លងតារាល្បីៗក្រៅប្រទេស រួមមានតារាថៃ នាងចម និងអ្នកនាងអែនជេលីណាជូលី ជាដើម ដោយសារតែអ្នកនាងក្ដាប់តំណែងជាផលិតករឆ្នើមក្នុងវិស័យផលិតកុន ក្រោយល្បីល្បាញខាងផ្នែកសម្ដែង។

អ្នកនាង ព្រំ រដ្ឋា ម្ចាស់ផលិតកម្មPR Production បានអះអាងថា ចាប់តាំងពីអ្នកនាងក្លាយខ្លួនជាផលិតករ អ្នកនាងបានរំលេចស្នាដៃក្នុងការផលិតភាពយន្តភាគច្រើនជាច្រើនមកហើយ ដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ My TV CTN និង បាយ័ន ខណៈដែលភាពយន្តរបស់អ្នកនាង គឺរឿង«សម្បថនិស្ស័យ» និងរឿង«សម្ពាយបុណ្យ» ដែលកំពុងចាក់ផ្សាយនៅទូរទស្សន៍បាយ័ននៅដើមខែសីហានេះ ទទួលបានគាំទ្រខ្លាំងក្លា។ ក្នុងនោះភាពយន្តរឿង«ភរិយាឥតខាន់ស្លា» ក៏ត្រូវបានអ្នកនាងសម្ងំផលិតយ៉ាងសស្រាក់សស្រាំផងដែរ ដើម្បីពង្រឹងគុណភាព និងលើកកម្ពស់ភាពយន្តខ្មែរ។ យ៉ាងណាមិញ អ្នកនាងនៅតែមិនទាន់ប្រកាសថានឹងឈប់សម្ដែង ឬឈប់ធ្វើសកម្មភាពក្នុងការថតម៉ូត នៅឡើយទេ ដោយគា្រន់តែអ្នកនាងនឹងស៊ប់លលើការផលិតភាពយន្តដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍អោយបានកាន់តែច្រើន និងប្រកបដោយគុណភាព បើទោះជាអ្នកនាងមិនមែនផុសចេញដំបូងបំផុតក្នុងអាជីពជាផលិតករ។ អ្នកនាងរាល់ស្នាដៃដែលខ្លួនបានផលិត គឺជាសុទ្ធសឹងជាការនិពន្ធសាច់រឿងដោយផ្ទាល់ដៃ ដោយសារតែអ្នកនាងគិតគ្រប់ចំណុចទាំងប្លង់ដែលត្រូវបង្កើត ដោយមិនគ្រាន់តែបង្កើតដើម្បីអោយគ្រប់នាទី។ អ្នកនាងថាសាច់រឿងដែលអ្នកនាងទិញមក ច្រើនតែបង្កើតឈុតឆាកដើម្បីបំពេញនាទីក្នុងពេលដាក់បញ្ចាំង ទើបអ្នកនាងសម្រេចចិត្តនិពន្ធសាច់រឿងដោយខ្លួនឯង ហើយសិក្សាបន្ថែមពីលើការផលិតភាពយន្ត មុនពេលអ្នកនាងអាចធ្វើអោយផលិតកម្មPR របស់ខ្លួនទទួលបានជោគជ័យ នាពេលនេះ។ យ៉ាងណាមិញ អ្នកនាងថាអ្វីដែលខ្លួនប្រឹងធ្វើ មិនមែនដើម្បីមានបាននោះទេ គឺដោយសារតែការស្រឡាញ់ និងចង់ចូលរួមលើកស្ទួយវិស័យផលិតភាពយន្តខ្មែរ អោយទទួលបានជោគជ័យប៉ុណ្ណោះ។

មិនខុសពីការលើកឡើង អ្នកនាងបានបង្ហោះនៅលើហ្វេសប៊ុកមុននេះថា«ព្រោះតែការស្រលាញ់ យល់អធ្យាស្រ័យរវាងគ្នានិងគ្នា… ធ្វើឲ្យពួកយើងមិនចង់បែកគ្នា«ខ្សែភាពយន្តភាពរឿង សំពាយបុណ្យ កំពុងដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍បាយ័ន… ក៏ប៉ុន្តែពួកយើងគឺត្រូវបានបញ្ចប់បេសកកម្មមួយនេះ ដោយជោគជ័យ… នាងខ្ញុំពិតជាសូមអរគុណច្រើនចំពោះសិល្បៈករសិល្បៈការីនី… គ្រប់រូបដែលបានចូលរួមសំដែងនៅក្នុងរឿង«សំពាយបុណ្យ»ជាពិសេស គឺការសហការណ៍គ្នាជាមួយ និងក្រុមការងារ PR production… បានបញ្ចប់ការងារដោយជោគជ័យ… បន្សល់ទុកឲ្យគ្នានូវស្នាមញញឹមដែលមិនអាចបំភ្លេចបាន… ដែលពួកយើងបានរួមសុខទុក្ខជាមួយគ្នា… ខិតខំធ្វើការមួយនេះមិនខ្លាចនឿយហត់… ទាំងយប់ទាំងថ្ងៃ… រហូតទទួលបានសមិទ្ធផលមួយដើម្បីបម្រើអារម្មណ៍ទស្សនិកជន…នាងខ្ញុំពិតជាសប្បាយចិត្តណាស់ ពេលបានឃើញស្នាមញញឹមរបស់បងប្អូនដែលកំពុងបំពេញការងារគ្មានពាក្យថាហត់… នាងខ្ញុំសូមជូនពរបងប្អូនទាំងអស់គ្នាជួបតែសេចក្ដីសុខសំណាងល្អ… ជោគជ័យគ្រប់ភារកិច្ច… ស្រលាញ់និងពេញចិត្តរួមការងារ ជាមួយអ្នកទាំងអស់គ្នា… អរគុណចំពោះការស្រលាញ់របស់អ្នកទាំងអស់គ្នា ដែលជាសរសៃរឈាមរបស់ ភី.អ.ប្រូដាក់សិន???»។

អ្នកនាងព្រំ រដ្ឋា បញ្ជាក់ថា ខ្លួននឹងបន្តការងារជាមួយវិស័យភាពយន្តអោយកាន់តែខ្លាំង តែអ្នកនាងនឹងផ្ដោតជាពិសេសតែលើភាពយន្តភាគប៉ុណ្ណោះ ដោយមិនទាន់គិតដល់ការប្រកួតប្រជែងលើការផលិតភាពយន្តសម្រាប់រោងកុនឡើយ៕