កាលពីយប់ថ្ងៃទី៤ សីហា ក្រុមការងារផលិតរឿង«ជញ្ជីងជីវិត»ដែលជាភាពយន្តភាគប្រចាំនៅប៉ុស្ដិ៍លេខ៥ បានធ្វើពិធីជប់លៀងដូចសព្វដង ដើម្បីអបអរសាទរភាពយន្តមួយនេះថតបញ្ចប់ទាំងស្រុង និងត្រៀមដាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍នោះ។
នៅក្នុងពិធីជប់លៀងដែលបានធ្វើឡើងនៅក្នុងភោជនីយដ្ឋានទន្លេបាសាក់២នេះ គេនៅតែឃើញវត្តមានតារាកុះករចូលរួមជប់លៀង បើទោះជាក្នុងថ្ងៃនោះជាពេលវេលាដែលតារាភាគច្រើនជាប់រវល់ដកឃ្លាមិនរួច។
លោក ហួង តារាមុនី ប្រធានផលិតកម្មវិធីប្រចាំប៉ុស្ដិ៍លេខ៥ បានថ្លែងបញ្ជាក់ថា អោយក្រុមការងារផលិតកុរបស់ផលិតករថៃ ដែលជាក្រុមផ្ដាច់មុខប្រចាំនៅប៉ុស្ដិ៍លេខ៥ថតភាពយន្តចប់មួយរឿងៗ ឬយ៉ាងច្រើន២រឿង គឺប៉ុស្ដិ៍លេខ៥ តែចំណាយថវិកា និងពេលវេលារៀបចំពិធីជប់លៀង ដើម្បីជួបជុំក្រុមការងារផលិតរឿង ផលិតករនៅក្នុងផលិតកម្មផ្សេងដែលជាអ្នកផលិតរឿងអោយប៉ុស្ដិ៍លេខ៥និងតារាសិល្បៈតែម្ដង ដើម្បីអោយគ្រប់ផ្នែកដែលពាក់ព័ន្ធទាំងនោះកាន់តែស្និទ្ធស្នាលគ្នា និងមានទំនាក់ទំនងគ្នា។ យ៉ាងណាមិញ ប្រសិនបើតារាសម្ដែង និងផលិតករមានការងាររវល់ខ្លាំង ក៏អាចជុំលៀងរាល់ការបញ្ចប់រឿង២រឿង ដើម្បីកុំអោយខាតពេល និងដើម្បី កុំអោយរំខានការងាររបស់តារាសិល្បៈ និងបុគ្គលិកគ្រប់ផ្នែកញឹកញាប់។
ជាក់ស្ដែងក្នុងពិធីជប់លៀងដែលបានធ្វើឡើងកាលពីថ្ងៃទី៤ សីហានោះ គឺជាពិធីអបអរការថតបញ្ចប់២រឿងចូលគ្នា ដោយលោកអះអាងថា ភាពយន្តរឿង«ជញ្ជីងជីវិត»គឺជារឿងដែលចំណាយពេលថតច្រើននៅខេត្តព្រះសីហនុ ដោយភាពយន្តនេះទើបតែបញ្ចប់ការថតក្ដៅៗដោយក្រុមផលិតករថៃ។
លោក ហួង តារាមុនី បន្តថាតារាដែលបានចូលរួមក្នុងពិធីជប់លៀងដែលទើបបញ្ចប់ថ្មីៗនោះ មិនមែនសុទ្ធតែជាតារាដែលបានសម្ដែងក្នុងភាពយន្តដែលបានថតបញ្ចប់នោះទេ ដោយសារតែតារាដែលជាតួអង្គនៅក្នុងភាពយន្តដែលបានថតបញ្ចប់ក៏មានការមមាញឹកមិនអាចមកបាន។
លោកថាកម្មវិធីទាំងមូលមានការចូលរួមពីតារាដែលជាភ្ញៀវកិត្តិយស និងភាគច្រើនជាក្រុមការងារនៅប៉ុស្ដិ៍លេខ៥តែម្ដង ដោយលោកក៏សម្ដែងអារម្មណ៍សោកស្ដាយផងដែរ ដែលជ្រើសថ្ងៃជប់លៀងពេលណាក៏មិនអាចអោយតារាទាំងអស់មកចូលរួមបានជុំគ្នាបាន៕