តារា៣ដួង បង្ហាញឆន្ទៈប្រមូលការគាំទ្រ ក្នុងព្រឹត្តិការណ៍ធំនៅកូរ៉េ

0

នៅចុងសប្ដាហ៍នេះ តារាសាន់ដេច្រើនដួង នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌ធំ២នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយថ្ងៃសៅរ៍ទី៤ សីហាជាការប្រគុំតន្ត្រីសប្បុរសធម៌ទ្រង់ទ្រាយធំនៅទីក្រុងក្វាងជូធំ និងថ្ងៃអាទិត្យទី៥ សីហា ប្រគំតន្ត្រីសប្បុរសធម៌ទ្រង់ទ្រាយធំនៅទីក្រុងអាន់សាន់។ ក្នុងចំណោមតារាល្បីៗច្រើនដួង ដែលនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៏នោះ តារាប្រុសស្រី៣ដួងត្រូវគេមើលឃើញថានឹងទាក់ទាញបានគាំទ្រខ្លាំងក្លាជាងគេ ស្របគ្នាដែលអ្នកទាំង៣ក៏មានឆន្ទៈ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងស្រុកដែលមានទាំងសម្រស់ និងបទចម្រៀងត្រូវចិត្តមហាជនភាគច្រើនផង។

កញ្ញា សុខ ពិសី នាងគឺជាតារាស្រីល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេតែម្នាក់ ដែលបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីប្រចាំនេះ២លើកជាប់គ្នា ក្នុងពេលដែលការរៀបចំឡើងកាលពីឆ្នាំមុន នាងទទួលបានការគាំទ្រយ៉ាងលើសលប់មិនធម្មតា។ ផ្នែកលើកេរ្តិ៍ឈ្មោះបោះសំឡេង បទចម្រៀងផ្ទុះៗក្នុងស្រុក និង រូបសម្រស់ នាងត្រូវបានគេមើលឃើញថានឹងក្រសោបបានការគាំទ្រលើលប់ពីការបង្ហាញខ្លួនលើកនេះ ខណៈដែលនាងក៏បានប្រកាសថានឹងធ្វើអោយពលករនៅក្នុងប្រទេសកូរ៉េពេញចិត្តនឹងនាងថែមទៀត ដើម្បីដណ្ដើមយកប្រជាប្រិយភាពក្រៅស្រុកអោយកាន់តែទូលំទូលាយ។

តារាចម្រៀងវ័យក្មេង នាយចឺម ក៏ជាតារាសាន់ដេមួយរូប ដែលធ្លាប់បានចេញទៅច្រៀងក្នុងព្រឹត្តិការណ៍នេះកាលពីឆ្នាំមុនដែរ តែអ្នករៀបចំប្រាប់ការបង្ហាញខ្លួនលើកនេះរបស់លោក នឹងខ្លាំងជាងមុន ដោយសារតែលោកកាន់តែល្បីក្នុងស្រុកខុសកាលពីឆ្នាំមុនស្រាប់។ លោកត្រូវបានគេអះអាងថាមានការពេញនិយមទាំងកំប្លែង និងទឹកដមសំលេង ទើបការបង្ហាញខ្លួនលើកនេះ អាចប្រមូលបានហ្វេនក្រៅស្រុកមិនចាញ់ក្នុងស្រុកឡើយ។

ជ័យ សុវ៉ាត ដ្បិតថាទើបតែមានឱកាសចេញទៅសម្ដែងនៅក្នុងប្រទេសកូរ៉េជាលើកដំបូង ប៉ុន្តែតារាវ័យក្មេងរូបនេះក៏រំពឹងថាបានទទួលការគាំទ្រមិនធម្មតានោះដែរ ជាពិសេសគឺប្រាក់ធីបពីពលករកូរ៉េដែលចូលទៅសុំថតរូបដោយផ្ទាល់តែម្ដង ដោយសារតែលោកត្រូវបានអ្នកក្រៅស្រុកស្គាល់ច្រើនហើយ តាំងពីក្នុងកម្មវិធីផ្កាយរះក្នុងសួនជំនាន់ទី១។ យ៉ាងណាមិញ តារាដែលមានវត្តមានផ្សេងទៀត ក៏សុទ្ធតែបានត្រៀមខ្លួនដើម្បីក្រសោមយកការគាំទ្រអោយខ្លាំងមិនខុសគ្នាផងដែរ ជាពិសេស លោកខាន់ជេមស៍ និងកញ្ញា វិរៈនិច្ច ដែលជាតារាល្បីល្បាញប្រចាំផលិតកម្ម៕