កាលពីថ្ងៃទី១ សីហា តារាសម្ដែងជើងចាស់ អ្នកនាង បូនីតា ដាដេណា បានបង្ហាញមុខគួរអោយភ្ញាក់ផ្អើល អមដោយការបើកសម្ពោធភាពយន្តថ្មីសន្លាង ដែលអ្នកនាងបានសម្ដែងជាតួឯក បន្ទាប់ពីអ្នកនាងត្រូវគេដឹងថាមានស្វាមីជាសេដ្ឋីអារ៉ាប់ និងបានដកខ្លួនពីសិល្បៈអស់រយៈពេលជាង៧ឆ្នាំរួចមកហើយ។ យ៉ាងណាមិញ អ្នកនាងថាការសម្ដែងដែលបានបង្ហាញនេះ នឹងក្លាយជាស្នាដៃលើកចុងក្រោយដែលអ្នកនាងសម្រេចចិត្តបង្ហាញខ្លួនក្នុងការសម្ដែងហើយ ខណៈដែលអ្នកនាងប្រកាសថាខ្លួនមានហេតុផលច្រើន ដែលជំរុញអោយអ្នកនាងត្រូវតែឃ្លាតឆ្ងាយពីការសម្ដែង បើទោះជាអ្នកនាងនៅបន្តផលិតភាពយន្តប្រកួតប្រជែងក្នុងភាពយន្ត។
អ្នកនាង បូនីតា ដាដេណា បានថ្លែងក្នុងពិធីសម្ពោធរឿង«ម្ចាស់ទាយាទ»ក្រោមការរៀបចំរបស់ផលិតកម្មមហាហង្សថា ភាពយន្តដែលអ្នកនាងសម្រេចចិត្តដាក់បញ្ចាំងជាផ្លូវការគ្រប់រោង នៅថ្ងៃទី២ សីហានេះ អ្នកនាងសម្ងំផលិតប្រមាណជា២បីឆ្នាំមកហើយ ប៉ុន្តែបណ្ដាលមកពីអ្នកនាងត្រូវបំពេញការងារក្នុងការផលិតមួយរឿងនេះស្ទើរតែម្នាក់ឯងសុទ្ធសាធ ទើបអ្នកនាងចំណាយច្រើនគួរសម។ អ្នកនាងថាមួយរឿងនេះ ខុសពីស្នាដៃមុនៗដែលអ្នកនាងធ្លាប់បានផលិតមុនៗឆ្ងាយៗណាស់ ដោយសារតែភាពយន្តនេះ ទាំងការនិពន្ធសាច់រឿងក៏អ្នកនាងជាអ្នកនិពន្ធ ការដឹកភាពយន្តក៏អ្នកនាងជាអ្នកដឹកផ្ទាល់ ហើយអ្នកនាងក៏ត្រូវកាត់តដោយផ្ទាល់ជាមួយនឹងអ្នកជំនាញ ទើបធ្វើអោយភាពយន្តមួយនេះ មានសាច់រឿងល្អ និងមានប្លង់ល្អ ដែលអ្នកនាងប្រកាសថាជាស្នាដៃមានគុណភាពគ្រប់គ្រាន់។ អ្នកនាងថាមួយរឿងនេះ អ្នកនាងបោះទុនទាំងថវិកា ស្នាដៃ និងកម្លាំង ដោយសារតែអ្នកនាងចង់បង្ហាញអោយអ្នកគាំទ្រដឹងថាស្នាដៃចុងក្រោយដែលអ្នកនាងបានសម្ដែងមានភាពឥតខ្ចោះ។ អ្នកនាងពោលថា តាមតែខ្លួនរវល់នឹងមុខជំនួញ និងមានស្វាមីជាសេដ្ឋីក្រៅស្រុកហួងហែងមិនអោយប្រឡូកសិល្បៈ ប្រហែលជាអ្នកនាងមិនចំណាយផលិតភាពយន្តរឿង«ម្ចាស់ទាយាទ» និងមិនដល់ថ្នាក់សម្ដែងដោយខ្លួនឯងទេ ប៉ុន្តែបណ្ដាលមកពីស្រឡាញ់សាច់រឿងដែលបានតាក់តែងនេះខ្លាំងពេក ទើបអ្នកនាងចំណាយពេលសម្ដែងដោយផ្ទាល់ និងបានប្រកាសថានេះជាស្នាដៃចុងក្រោយ ដោយទោះអ្នកនាងនៅបន្តផលិតភាពយន្តសម្រាប់រឿងក្រោយ ក៏នឹងមិនសម្ដែងដោយខ្លួនឯងទៀតដែរ។
ក្នុងភាពយន្តថ្មីនេះ អ្នកនាងបានសម្ដែងជាតួអង្គធ្មប់កាចសាហាវ ដោយក្រៅពីលងបន្លាចតួអង្គផ្សេងៗ ក៏ខ្វេះ និង ស៊ីពោះវៀនមនុស្ស ដូចគ្នានឹងរឿងដែលអ្នកនាងធ្លាប់បានសម្ដែងជាតួអាបកន្លងមក ទើបអ្នកនាងរំពឹងថាភាពយន្តនេះ នឹងដក់ជាប់អារម្មណ៍មហាជនមុនពេលអ្នកនាងសម្រេចចិត្តឈប់សម្ដែង។ យ៉ាងណាមិញ អ្នកនាងថាប្រសិនបើក្នុងពេលក្រោយៗ មានសាច់រឿងណាដែលអ្នកនាងយល់ថាស័ក្ដសម អ្នកនាងក៏នឹងសម្ដែងម្ដងទៀតផងដែរ ដោយគ្រាន់តែអាចថានឹងពិបាកកើតឡើងក្រោយសម្រេចចិត្តថាឈប់។
នៅក្នុងពិធីសម្ពោធរឿងដែលជាស្នាដៃសម្ដែងចុងក្រោយរបស់អ្នកនាងនោះ គេឃើញមានវត្តមានតារាចម្រៀង តារាសម្ដែង និងផលិតករចាស់ៗជាច្រើនចូលរួម ដោយអ្នកនាងបូនីតា ដាដេណា ប្រកាសថាទោះជាភាពយន្តនេះជោគជ័យ ឬមិនជោគជ័យ ក៏អ្នកនាងនៅតែបន្តផលិតស្នាដៃក្រោយៗ ដើម្បីអោយតារាជំនាន់ក្រោយបានបង្ហាញសមត្ថភាព។
ខាងក្រោមនេះ ជាទិដ្ឋភាពសម្ពោធរឿង«ម្ចាស់ទាយាទ»របស់អ្នកនាងបូនីតា ដាដេណា ដែលប្រកាសលក់សំបុត្រជាផ្លូវការគ្រប់រោងភាពយន្ត ចាប់ពីថ្ងៃទី២ សីហានេះ៖