កាលពីថ្ងៃទី២ ឧសភា ឆ្នាំ២០១៨មុននេះ ភាពយន្តរឿង «ចង្វាក់បេះដូង» ដែលជាស្នាដៃថ្មីមួយរបស់កូនខ្មែរ ត្រូវបានប្រកាសដាក់បញ្ចាំងជាផ្លូវការហើយ ដោយគ្រោងដាក់បញ្ចាំងនៅថ្ងៃទី០៣ ខែឧសភា តទៅគ្រប់រោង ទាំងនៅភ្នំពេញ និងខេត្តសៀមរាប។
នេះជាស្នាដៃថ្មីរបស់ផលិតករខ្មែរ ដោយមានការអះអាងថាផ្ទៃរឿងទាំងមូលមានភាពទាក់ទាញមិនធម្មតា។
យោងតាមការប្រកាសអោយដឹង ភាពយន្តមួយនេះ នឹងដាក់បញ្ចាំងលក់សំបុត្រចាប់ពីថ្ងៃទី៣ ឧសភា នេះតទៅ នៅគ្រប់រោងសំខាន់ៗរួមមាន Major, Legend, Prime, Ekphnom ខេត្តបាត់ដំបង…..និងរោងកុនទំនើបនៅខេត្តសៀមរាប ដោយសាច់រឿងត្រូវបានរំលេចពីតារាស្រីឈ្មោះ អ្នកនាងនីតជាកូនស្រី ក្នុងត្រកូលអភិជនមួយ ហើយនាងជាស្រីកាចឆ្នាស់ ធ្វើអ្វីៗតាមតែចិត្តខ្លួនឯង ដោយនាងគឺជាតួអង្គដែលបង្កប់នូវបញ្ហាប្រទាក់ក្រឡាគ្នា និងបង្កើតបានជាសាច់រឿងតាំងពីដើមរហូតដល់ចប់។
ខ្លឹមសារសំខាន់នៅក្នុងរឿង«ចង្វាក់បេះដូង»នេះ គឹបង្ហាញពីការបាត់បង់របស់តួស្រី នូវទំនាក់ទំនងមិត្តភាព ជាពិសេសគឺមនុស្សជាទីស្រឡាញ់ ដោយសារតែចរឹតកាចឆ្នាស់របស់នាង ដែលសាច់រឿងនេះក៏ឆ្លុះបញ្ចាំងទាំងស្រុងពីការទំនាស់បញ្ហានៅក្នុងផ្ទះរបស់តួអង្គ ដែលមិនខុសពីអប់រំអោយមនុស្សក្នុងសង្គម ចេះយល់ពីបញ្ហា និងដំណោះស្រាយដែលបានកើតឡើង។ តួអង្គសំខាន់នេះ នៅក្នុងថ្ងៃមួយ ក៏បានជួបនឹងតួអង្គប្រុសឈ្មោះរិទ្ធដោយចៃដន្យ ហើយពេលវេលាតែត្រឹមមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ក៏ធ្វើអោយនាងទទួលយកក្ដីស្រឡាញ់របស់តួប្រុស ដោយបានក្រៅពីមានទំនាក់ទំនងស្នេហា ក៏បានទាំងធ្វើអោយនាងផ្លាស់ប្ដូរក្លាយជានារីដែលគួរអោស្រយឡាញ់។
ភាពយន្តនេះ ត្រូវបានប្រកាសថាសហការផលិតដោយក្រុមហ៊ុនធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយក្នុងពេលដ៏ខ្លីនឹងក៏នឹងមានភាពយន្តជារបៀបមនោសញ្ចេតនា កំសត់ និងកំប្លុកកំប្លែក ដើម្បីវាយលុកទីផ្សារក្នុងពេលបន្តបន្ទាប់ផងដែរ។ កញ្ញា ខៀវ លីលី លោក គឹម ដារ៉ា ( DJ mike) លោកជួប ច័ន្ទកក្កដា ហៅ កញ្ញារ៉ូលីន និង លោក លី មករា គឺជាតួអង្គដ៏សំខាន់ក្នុងភាពយន្តរឿង«ចង្វាក់បេះដូង»នេះ ខណៈដែលភាពយន្តទាំងមូលក៏ជាស្នាដៃដឹកនាំដោយ លោក អ៊ុ ច័ន្ទប៉ូលី ដែលជាផលិតករល្បីឈ្មោះ។