មកអង្កេត MV ប្រុសស្រឡាញ់ប្រុស ង៉ែត សុភ័ក្រ្ត ក្រោយការរិះគន់

0

មុនពេលផលិតជា MV ផ្លូវការ លោក ង៉ែត សុភ័ក្រ្ត ដែលជាម្ចាស់បទ«បែកគ្នាទៅ បងចេកទេ»បានរងនូវការរិះគន់យ៉ាងខ្លាំង ដោយសារតែបទចម្រៀងដែលលោកយកមកផលិតច្រៀង គឺជាបទដែលបកប្រែពីបទថៃ និងជាបទដែលត្រូវគេចោទថាបានបំផុសអោយមានភាពស្រើបស្រាលនូវស្នេហាភេទដូចគ្នាព្រោះតែលោកបង្ហាញឈុតស្នេហាលើគ្រែរវាងប្រុស និងប្រុស ក្នុងពេលទើបនឹងថត។ ប៉ុន្តែក្រោយការបញ្ចេញជាវិដេអូឃ្លីប គេកត់សម្គាល់ថាបទចម្រៀងមួយបទនេះរបស់លោកមានការគាំទ្រច្រើនគួរសម បើទោះជាទឹកដមសំឡេងរបស់លោកនៅមានកម្រិត។ មកទល់ពេលនេះ បទចម្រៀងរបស់លោកទាក់ទាញអ្នកចូលទស្សនាបានច្រើននៅលើយូធូប ខណៈដែលសំឡេងរិះគន់ជុំវិញការលើកឡើងពីភាពស្រើបស្រាលរឿងស្នេហាប្រុសនឹងប្រុសក៏ត្រូវបន្ថយកំដៅ ដោយសារតែMV ដែលលោកសម្រេចយកផ្លូវការមិនមានបញ្ចូលឈុតលើគ្រែនោះច្រើនដូចគ្នានឹងពេលទម្លាយវីដេអូក្នុងពេលចេញថត។

យ៉ាងណាមិញ បទចម្រៀងរបស់លោកនៅតែមានការវាយប្រហារពីសំណាក់អ្នកមិនចង់អោយមានការចម្លងបទរបស់ប្រទេសជិតខាងយកមកប្រើ ខណៈដែលមនុស្សមួយចំនួនយល់ថានឹងក្លាយជាអាម៉ាស់ បើបទនេះមានការគាំទ្រច្រើនជាងនេះ ហើយត្រូវបានលោកង៉ែត សុភ័ក្រ្ត ផលិតសាច់រឿងអោយត្រូវនឹងទំនុកច្រៀង ដោយរំលេចពីស្នេហាភេទទី៣ដែលក្នុងសង្គមខ្មែរ នៅមិនទាន់ទទួលយក។

លោកង៉ែត សុភ័ក្រ្ត និយាយថា លោករីករាយក្នុងការទទួលយកនូវការរិះគន់ ប៉ុន្តែលោកថាហេតុផលដែលលោកផលិតបទនេះ ដោយជ្រើសយកសាច់ភ្លេងថៃ គឺបណ្ដាលមកពីលោកនិពន្ធទំនុកច្រៀងលេងៗ ហើយស្រាប់តែពេលបង្ហោះនៅលើហ្វេសប៊ុកក៏មានអ្នកគាំទ្រច្រើន ទើបលោកសម្រេចចិត្តចេញថតជាMV តែម្ដង។

លោកបានទាំងរំពឹងថាសំឡេងរិះគន់ ដែលបានវាយប្រហារចំពោះបទចម្រៀងរបស់លោក ទាំងការលើកឡើងថាជាបទចម្លងពីថៃ និងថាចម្រៀងមួយបទនោះបំផុសពីស្នេហាភេទដូចគ្នា នឹងជួយអោយលោកទទួលបានការចាប់អារម្មណ៍តាមគោលដៅដែលខ្លួនចង់បាននោះផង។

លោកប្រកាសថាក្រោយសន្ទុះគាំទ្រមួយបទនេះ លោកនឹងផលិតជាOriginal Song ផ្ទាល់ខ្លួន ដោយលោកបានរៀបចំជើងព្រួលរៀបរយអស់ហើយ៕