សូ ស្រណោះ ប្រកាសផែនការ ក្រោយតស៊ូមតិនៅថ្ងៃបានសម្រេច

0

មុនចាកចេញពីកម្ពុជាទៅធ្វើគណកម្មការក្នុងការប្រកួតព្យាណូធំមួយដែលរៀបចំដោយគណកម្មការជប៉ុន នៅក្នុងប្រទេសថៃ លោក សូ ស្រណោះ ដែលត្រូវគេស្គាល់ថាជាបណ្ឌិត្យព្យាណូល្បីឈ្មោះនៅកម្ពុជា បានអះអាងថា លោកនឹងតស៊ូមតិអោយព្រឹត្តិការណ៍មួយនេះ ទទួលយកកូនខ្មែរអោយបានចូលប្រកួតផ្នែកព្យាណូនៅឆ្នាំក្រោយ ទើបលោកសប្បាយចិត្តនៅពេលដែលការតស៊ូមតិនោះ ស្រាប់តែទទួលបានជោគជ័យ។

អ្វីគេលោកបង្ហើបបន្ថែមទៀតនោះ គឺលោកនឹងរៀបផែនការពីចម្ងាយតែម្ដង ដើម្បីជួយអោយកូនខ្មែរលើកពាននៅក្នុងព្រឹត្តិការណ៍នេះ នៅពេលលោកចេញមុខបញ្ជូនទៅប្រកួត។

លោក សូ ស្រណោះ បានថ្លែងបញ្ជាក់ក្រោយចុះពីលើយន្តហោះកាលពីល្ងាចថ្ងៃទី២៥ កក្កដា ថា លោកសប្បាយចិត្តយ៉ាងខ្លាំងដែលក្រោយការស្នើអោយគណកម្មការក្នុងព្រឹត្តិការណ៍នេះ បើកឱកាសអោយបេក្ខជនបេក្ខនារីមកពីប្រទេសផ្សេង ដែលរួមទាំងកម្ពុជាបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះនៅឆ្នាំក្រោយ ហើយភាគីខាងគណកម្មការយល់ព្រម។

លោកថាការប្រកួតដែលបានធ្វើឡើងនៅក្នុងប្រទេសថៃ ដែលបានអញ្ជើញលោកអោយធ្វើជាគណកម្មការ ដ្បិតថាជាការរៀបចំរបស់ប្រទេសជប៉ុន ប៉ុន្តែការប្រកួតមួយនោះអនុញ្ញាតិអោយតែជនជាតិថៃ ធ្វើការប្រកួតប្រជែងប៉ុណ្ណោះ ទើបលោកត្រូវតែតស៊ូមតិ ដើម្បីអោយកូនខ្មែរដែលមានជំនាញព្យាណូ មានឱកាសបានបង្ហាញសមត្ថភាពសម្រាប់ឆ្នាំក្រោយ។ ផ្អែកតាមការព្រមព្រៀង លោកថាបើទោះជា ការប្រកួតព្យាណូមួយនោះត្រូវបានធ្វើឡើងនៅក្នុងប្រទេសថៃដដែលនៅឆ្នាំក្រោយ ប៉ុន្តែនឹងប្ដូរពីការប្រកួតតែជនជាតិថៃសុទ្ធសាធ មកជាការប្រកួតជាលក្ខណៈអាស៊ានវិញ ដែលការរៀបចំនោះ នឹងធ្វើអោយកូនខ្មែរដែលមានបានសិក្សាផ្នែកព្យាណូមានលទ្ធភាពបានចូលប្រកួត ដើម្បីបង្អួតផ្នែកអន្តរជាតិតែម្ដង។

លោកសូ ស្រណោះ បន្តថា ជាមួយនឹងការព្រមព្រៀងនេះ លោកនឹងយកវិញ្ញាសារសំខាន់ៗ ដែលត្រូវបានគេប្រើដើម្បីដាក់ពិន្ទុក្នុងការប្រកួត យកមកបង្វឹកកូនសិស្សសរបស់លោកពីចម្ងាយ ដោយលោករំពឹងថានឹងមានអ្នកជំនាញច្បាស់លាស់ដែលបានហ្វឹកហាត់ច្រើនជាង៣ឆ្នាំជាមួយលោក យ៉ាងហោច៦នាក់មានលទ្ធភាពគ្រប់គ្រាន់ធ្វើការប្រកួតប្រជែង។

លោកថាខ្លួននឹងបើកវគ្គបណ្ដុះបណ្ដាលបន្ថែមលើចំណុចពិសេសពាក់ព័ន្ធនឹងការប្រកួតប្រជែងដើម្បីអោយសិស្សដែលរៀនព្យាណូច្បាស់លាស់ លើវិញ្ញាសារប្រកួតប្រជែង ទើបលោកយល់ថាកូនខ្មែរដែលលោកត្រៀមបណ្ដុះពីចម្ងាយតាំងពីពេលខាងមុខនេះទៅ នឹងមានអ្នកមានសមត្ថភាពដណ្ដើមបានពានមាស ឬចំណាត់ថ្នាក់លេខ១លើឆាកអន្តរជាតិ លើកមុខមាត់ជាតិ។ លោកប្រកាសថានឹងដឹកនាំកូនសិស្សរបស់ខ្លួន ដែលមានសមត្ថភាពគ្រប់គ្រាន់ទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍នោះឆ្នាំក្រោយ ដោយរំពឹងថាក្រសែភ្នែកអន្តរជាតិកាន់តែច្រើននឹងស្គាល់ពីគុណភាពវិស័យព្យាណូនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here