បញ្ញា សិទ្ធិ និង លោកជំទាវ ញ៉ែម មរកត បង្ហោះសារឆ្អែតចិត្ត ក្រោយនាយក TVFB ត្រូវចាប់ខ្លួន

0

ខណៈដែលតារាសិល្បៈ និងមហាជនមួយចំនួនបង្ហោះសារអាណិតអាសូរ និង អំពាវនាវអោយប្រព័ន្ធច្បាប់មានការយោគយល់ ដល់លោក សុវណ្ណ រិទ្ធី អគ្គនាយកសារព័ត៌មាន TVFB ពាក់ព័ន្ធនឹងការបង្ហោះសំណេរដែលមានខ្លឹមសារញុះញង់ ធ្វើអោយមហាជនមានការភាន់ច្រលំថា រដ្ឋាភិបាលគ្មានការទទួលខុសត្រូវចំពោះពលរដ្ឋដែលមានការក្រៅប្រព័ន្ធ ដែលរងផលពិបាកពីជម្ងឺកូវីត១៩នោះ គេស្រាប់តែឃើញអ្នកមានកេរ្តិ៍ឈ្មោះនៅក្នុងសង្គម២រូប បង្ហោះសារសាទរចំពោះលទ្ធផលដែល លោក សុវណ្ណ រិទ្ធី កំពុងទទួលនៅក្នុងពេលនេះ គួរអោយចាប់អារម្មណ៍។ សាររបស់អ្នកទាំងពីរ សុទ្ធតែបានបង្ហាញពីអារម្មណ៍ឆ្អែតចិត្ត ដែលខ្លួនបានទទួលក្នុងអំឡុងពេលមុន ដែលមនុស្សខ្លះទើបតែបានដឹង។

លោកជំទាវ ញ៉ែម មរកត អនរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយសសមាគមតន្ត្រីជនពិការកម្ពុជា បានសរសេរនៅលើហ្វេសប៊ុកថា”សូមគោរពអរគុណឯកឧត្តមរដ្ឋមន្រ្តីក្រសួងព៍តមានដែលលុបចោលប្រព័ន្ធផ្សព្វផ្សាយចោលម្សៀតបំពុលសង្គម។ ទន្ទឹមនេះក៍នៅមានព៍តមានខ្វះវិជ្ជាជីវះ១ចំនួនទៀតដើម្បីលុយនាំគ្នាបង្ហោះព៍តមានមិនពិត ប្រឌិតរឿងឲ្យល្បី។ល។ អានព័ត៌មានសឹងស៊ីសាច់ហុតឈាម តាំងខ្លួនជាតុលាការដូចសត្រូវជាមួយគេពីកាលណា នៅពេលម្ចាស់គេតម្រូវឲ្យកែវាសំងំឈឹង ក្រុមព៍តមានឆ្គួតៗបែបនេះ សូមឯកឧត្តមរដ្ឋមន្រ្តីមេត្តាមានវិធានកាណ៍ផង”។ ការលើកឡើងរបស់លោកជំទាវ គឺបន្ទាប់ពីគេដឹងថា កាលពីមួយរយៈមុន ក្នុងពេលកូនប្រុសរបស់លោកជំទាវផ្ទុះរឿងហិង្សាជាមួយភាគីម្ខាងទៀត គឺមានស្ថាប័នមួយចំនួនបានផ្សាយ ដែលកាលនោះលោកជំទាវចោទថា បានផ្សាយបំផ្លើសបន្ថែមទម្ងន់ទោសខុសពីការពិត ដោយលោកជំទាវបានទាំងប្រកាសថា ជាព័ត៌មានសរសេរដោយបម្រើអោយផលប្រយោជន៍ភាគីម្ខាងទៀត ហើយនៅពេលលោកជំទាវព្យាយាមផ្ដល់ការពន្យល់បកស្រាយ គឺមិនមានការសរសររបកស្រាយទាល់តែសោះ។ គេមិនដឹងថា តើក្នុងពេលបណ្ដាញសារព័ត៌មានក្នុងស្រុកសរសេរដែលលោកជំទាវចោទថាបំភ្លៃនោះ មានស្ថាប័ន TVFB នៅក្នុងនោះដែរ ឬ យ៉ាងណាទេ ប៉ុន្តែយោងតាមសំណេរ គឺបង្ហាញថា លោកជំទាវឆ្អែតចិត្តនឹងស្ថាប័នផ្សព្វផ្សាយដែលលោកជំទាវអះអាងថាបានផ្សាយបំពុលសង្គមនោះ។

ងាកទៅមើលហ្វេសប៊ុករបស់តារាសម្ដែងល្បីល្បាញលោក បញ្ញា សិទ្ធិ វិញ ក៏បានបង្ហោះផងដែរ បង្ហាញថាលោកឆ្អែតចិត្ត នឹងការចុះផ្សាយកន្លងមករបស់ TVFB ក្នុងពេលលោកមានរឿងអាស្រូវ។ លោកបានសរសេរថា”កម្មពារមានពិតមែន អ្នកបានផ្សាយពីខ្ញុំ និងវ៉ៃប្រហារខ្ញុំ ឥលូវបានទទួលលទ្ធផលហើយ បាបកម្មមានពិតមែន អត់មានជាតិក្រោយទេ វាសនាមនុស្សមើលមិនឃើញ ចូលរួមសោកស្ដាយផង”។ ការបង្ហោះនេះ បើទោះជាលោកមិនបញ្ជាក់ឈ្មោះ លោក សុវណ្ណ រិទ្ធី ប៉ុន្តែខ្លឹមសារគឺសំដៅទៅលើអគ្គនាយករូបនេះទាំងស្រុង ដោយសារតែក្នុងពេលលោកផ្ទុះជម្លោះជាមួយអ្នកមានស្ដុកម្នាក់ គេឃើញស្ថាប័ន TFVB ក៏បានផ្សាយមិនល្អពីលោកផងដែរ ខណៈដែលលោក បញ្ញា សិទ្ធិ អះអាងថា នៅពេលអាក្រក់ពីខ្លួនផ្សាយយ៉ាងសាហាវ ប៉ុន្តែនៅពេលលោកស្នើសុំការបកស្រាយ គឺគ្មានការកែតម្រូវ។ យ៉ាងណាមិញបើក្រឡេកទៅមើលបណ្ដាញសង្គមទាំងមូល ក៏មានការបង្ហោះអាណិតអាសូរ និង ស្នើអោយមានការផ្ដល់ឱកាសអោយលោក សុវណ្ណ រិទ្ធី ផងដែរ៕


LEAVE A REPLY

Please enter your comment!
Please enter your name here