ប្រធានសមាគមគ្រឿងសម្អាងកម្ពុជា អំពាវនាវអោយយកចិត្តទុកដាក់លើក្រុមតាស៊ីក្លូ និងចាស់ៗសុំទាន

0

បន្ទាប់ពីបានចូលរួមបរិច្ចាគចំណីចំណុកជាច្រើនជូនដល់ក្រុមតាស៊ីក្លូ និងយាយៗនៅតាមចិញ្ចើមផ្លូវ នៅក្បែរជញ្ជាំងវត្តកោះ កាលពីថ្ងៃទី៥ មេសា ឆ្នាំ២០២០ លោក ស៊ឹម មាស ប្រធានសមាគមគ្រឿងសម្អាងកម្ពុជា នៅតែបន្តទទូចអោយមានការយកចិត្តទុកដាក់ចំពោះក្រុមទុរគតជនដែលជាក្រុមអ្នកធាក់ស៊ីក្លូ និងក្រុមអ្នកសុំទានដេកតាមចិញ្ចើមផ្លូវអោយបានច្រើន ដោយលោកបញ្ជាក់ថា ក្រុមមនុស្សទាំងនេះភាគច្រើន គឺខ្វះការយកចិត្តទុកដាក់។ លោកក៏នៅតែប្រកាន់ជំហរចូលរួមនូវរាល់សកម្មភាពសប្បុរសធម៌ទាំងឡាយ ជាពិសេសជាមួយនឹងក្រុមអ្នកតាមចិញ្ចើមផ្លូវ។

លោក ស៊ឹម មាស ដែលជាអគ្គនាយកផលិតផល FARMASI ផង បានលើកឡើងថា លោកពិតជារំភើបចិត្តយ៉ាងខ្លាំង ដែលក្រុមអ្នកធាក់ស៊ីក្លូ និង អ្នកសុំទាន ទទួលបានការយកចិត្តទុកដាក់ពីសប្បុរសជនមួយចំនួន ខណៈពេលដែលជំងឺកូវីត ស្ទើរតែធ្វើអោយពួកគាត់ដាច់បាយ ព្រោះគ្មានអ្នកជិះ គ្មានអ្នកដាក់ទាន។ យ៉ាងណាមិញលោកនៅតែមើលឃើញថា ការយកចិត្តទុកដាក់នោះ នៅមិនទាន់ល្អប្រសើរ បន្ទាប់ពីលោក និង ក្រុមការងារបានសួរដោយផ្ទាល់នៅក្នុងថ្ងៃនោះ ហើយត្រូវបានពួកគាត់ប្រាប់ថា ចង់ទៅស្រុកក៏ពិបាក ហើយតស៊ូនៅភ្នំពេញក្រែងធាក់ស៊ីក្លូ ឬ សទានគេបានខ្លះ ក៏ស្ទើរតែរកមិនបាន ដោយសារតែកូវីតធ្វើអោយមនុស្សខ្លាចមនុស្ស។ លោកថាសប្បាយចិត្តដែលក្នុងថ្ងៃនោះ លោក និង ក្រុមសប្បុរសជនបានចែកចំណីចំណុក និងលុយកាក់តាមការរៃគ្នា ហើយក្រឡេកទៅមើលពួកគាត់រំភើបចិត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here