អស្ចារ្យណាស់! នូ សុផេន ម្នាក់ឯង ធ្វើឲ្យតារា៤រូប លើកពានក្នុងពេលតែមួយ

0

មកទល់ពេលនេះ ការប្រកួតឈុតបុរាណរបស់«គ្រួសារតារាកម្ពុជា»កាលពីថ្ងៃទី៩ កក្កដា ត្រូវបានគេកត់សម្គាល់ថាបានជួយអោយតារា៧រូប ទទួលបានកិត្តិយសយ៉ាងខ្លាំង ដោយសារតែអ្នកទាំង៧បានក្លាយជាម្ចាស់ពានតារាលេចធ្លោប្រចាំឆ្នាំ ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងតារាជើងចាស់ជើងថ្មីដល់ទៅជាង៣០០នាក់។ ក្នុងចំណោមម្ចាស់ពានទាំងអស់ គេចាប់អារម្មណ៍លើមម្ចាស់ពានចំនួន៤ ដោយសារតែអ្នកទាំង៤គ្រងឈុតរបស់អ្នកកែច្នៃតែម្នាក់ គឺ លោកនូ សុផេន ជាអ្នកស្រាវជ្រាវ និងជាអ្នកច្នៃឈុតបុរាណល្បីឈ្មោះម្នាក់។

លោក នូ សុផេន អនុប្រធាននាយកដ្ឋានផលិតកម្មវិធីប្រចាំទូរទស្សន៍អប្សរា ដែលត្រូវគេស្គាល់ថាមានជំនាញខាង ស្រាវជ្រាវ និង ជាអ្នកច្នៃម៉ូដបុរាណផង បានអះអាងថា មុនការប្រកួតចាប់ផ្ដើម យ៉ាងហោច១០រូបរបស់«គ្រួសារតារាកម្ពុជា» បានទាក់ទងដោយផ្ទាល់ ស្នើអោយលោកជួយច្នៃឈុតបុរាណ ដើម្បីអោយពួកគេបានចូលរួមប្រកួតនៅក្នុងកម្មវិធី។ តារាដែលចូលរួមប្រកួតរហូតជិត១០រូប បានស្លៀកឈុតដែលលោកកែច្នៃទៅប្រកួតក្នុងព្រឹត្តិការណ៍នោះ ដោយលោកមិននឹកស្មានថាឈុតរបស់លោករហូតដល់ទៅ៤ឈុត បានទទួលបានពានក្នុងចំណោម៧ពាននាយប់នោះទេ។

លោកសម្ដែងការភ្ញាក់ផ្អើលដែលឈុតព្រះនាងឥន្ទ្រទេវី របស់កញ្ញាប៊េប៊ី ឈុតស្រីស្នំនៅសម័យអង្គររបស់អ្នកនាងម៉ៅ ស៊ីណាត ឈុតព្រះបាទសុរិយវរ្ម័នទី២ ដែលជាស្ដេចកសាងប្រាសាទអង្គររបស់ លោករុន ណាកូ និង ឈុតកងទាហាននៅសម័យអង្គររបស់លោក ស៊ិន សុធារិទ្ធ ត្រូវបានគណកម្មការផ្ដល់ពិន្ទុអោយលើកពាន ខណៈដែលលោកយល់ថាមិនគួរសោះ ដោយសារតែក្នុងពិធីនោះ ត្រូវបានចូលរួមបញ្ចេញស្នាដៃដោយផ្ដល់ឈុតអោយតារាៗមួយចំនួនខ្ចីស្លៀកយកទៅប្រកួតដែរ។ លោកនៅតែយល់ហេតុផល ដែលនាំអោយឈុតរបស់ខ្លួនដល់ទៅ៤បានក្លាយជាម្ចាស់ពាន គឺដោយសារតែលោកជ្រើសតារាដែលគ្រងឈុតទាំងនោះបានត្រូវទម្រង់មុខ និងដងខ្លួន ទើបធ្វើអោយឈុតទាំង៤ក្រោយពេលស្លៀកប្រកួតមានភាពលេចធ្លោ។

លោកថាខ្លួនចំណាយពេលវេលាស្រាវជ្រាវ កែច្នៃ និងថវិកាដើម្បីចាត់ចែង មិនស្ដាយកម្លាំងទេនៅពេលស្នាដៃដែលខំប្រឹងប្រែងទទួលបានការទទួលស្គាល់តាមរយៈការប្រកួតប្រជែងស្នាដៃបែបនេះ។ លោកថាការគ្រងឈុតបុរាណ បើទោះជាឈុតទាំងនោះមានភាពទាក់ទាញ តែបើការជ្រើសតារាមិនសមនឹងរូបសម្រស់ នោះភាពលេចធ្លោក៏មិនមាននោះដែរ ទើបលោកយល់ថាហេតុផលដែលឈុតរបស់លោកដល់ទៅ៤បានលើកពាន គឺដោយសារតែរាងរៅ និងមុខមាត់របស់អ្នកគ្រងត្រូវនឹងឈុតដែលលោកបានច្នៃ៕