តារាកំប្លែង នាយប៉ោយ ដែលអ្នកសិល្បៈខ្លះហៅថា នាយកំប៉ោយ ចៅលោកតា បានទទួលមរណភាពគួរអោយរន្ធត់ កាលពីរសៀលថ្ងៃទី២៥ មីនា ឆ្នាំ២០២០ មុននេះ ដោយសារតែលោកមានជម្ងឺប្រចាំកាយធ្វើទុក្ខ។ លោកទទួលមរណភាពក្នុងវ័យ២៣ឆ្នាំ ខណៈដែលពិធីបុណ្យសពរបស់លោក ក៏ត្រូវបានគេអះអាងថា នឹងអាចគ្រាន់តែធ្វើឡើងដើម្បីបង្គ្រប់កិច្ចប៉ុណ្ណោះ ព្រោះតែជីវភាពក្រីក្រ។
លោក ខេង រតនៈ ហៅនាយ ព្រែក តារាកំប្លែងកូនប្រុសយាយយ៉យ ដែលជាអ្នកប្រកាសរ៉ៃអង្គាសប្រាក់ចូលបុណ្យប៉ោយ បានថ្លែងប្រាប់”ផ្ទះតារា” ថា តារាកំប្លែងរូបនេះ មានជម្ងឺខូចក្រលានធ្វើទុក្ខប្រមាណជាង១ឆ្នាំមកហើយ ទើបក្នុងមួយរយៈចុងក្រោយ លោកទទួលកំប្លែងខ្លះ មិនទទួលកំប្លែងខ្លះ។ លោកថា នាយប៉ោយ មានជីវភាពក្រខ្សត់ណាស់នៅម្ដុំភ្នំបាសិត ហើយដោយសារតែការអាណិតអាសូរ ទើបតារាដែលស្គាល់រាប់អានចតែអូសអោយបានកំប្លែង ដោយមិនឈឺធ្ងន់នាយប៉ោតបានកំប្លែងក្នុងកម្មវិធីកំប្លែងៗរបស់ទូរទស្សន៍យ័ន ហើយក៏មានទីផ្សារខ្លះ។ យ៉ាងណាមិញលោករកបានមិនគ្រប់ភាពខ្វះខាតទេ ទើបនៅពេលជម្ងឺធ្វើទុក្ខគឺអត់មានលុយចូលពេទ្យ។ ជាក់ស្ដែងមិនពេលទទួលមរណភាព នាយប៉ោតបានប្រាប់លោកថា ចេញទៅព្យាបាលដោយថ្នាំខ្មែរ នៅខេត្តព្រះវិហារមួយរយៈ ប៉ុន្តែបាត់មុខលោកតែប៉ុន្មាថ្ងៃក៏មានដំណឹងទទួលមរណភាពតែម្ដង។
នាយព្រែក បន្តថា បុណ្យសពនាយកំប៉ោយ ត្រូវបានគ្រួសារប្រកាសថាគ្រាន់តែធ្វើបង្គ្រប់កិច្វប៉ុណ្ណោះ ដោយសារតែគ្រួសារលោកក្រ។ អ៊ីចឹងហើយទើបលោក ចេះតែស្វះស្វែងរកជំនួយ ក្រែងបានថវិកាខ្លះអោយគ្រួសារនាយប៉ោយ បានធ្វើបុណ្យសពអោយបានសមរម្យនៅបាសិត។










