ភាពយន្តខ្នាតធំ ស្នាដៃគ្រូតាក្រមាមាស និង ស្ដេចនំដូណាត់ ត្រៀមចេញផ្លូវការ

0

នៅទីបំផុតស្នាដៃភាពរបស់លោកគ្រូតាក្រមាមាស សាន គឹមស៊ាន ដែលត្រូវបានមហាជនទាំងក្នុងស្រុក និងក្រៅស្រុកទទួលស្គាល់ថាជាអ្នកត្រួសត្រាយផ្លូវឱ្យ សិល្បៈក្បាច់គុនល្បុក្កតោបានរស់ឡើងវិញនោះ បានលេចចេញជារូបរាងហើយ ដោយមានការរំពឹងថា នឹងទទួលបានការគាំទ្រខ្ពស់ នៅពេលដាក់បញ្ចាំងក្នុងរោងកុន។ ភាពយន្ត«ព្រលឹងល្បុក្កតោ»នេះ ក៏ត្រូវបានប្រកាសមានការចូលរួមសម្ដែងដោយអ្នកជំនាញក្បាច់គុនល្បុក្កតោដល់រាប់រយនាក់យ៉ាងកម្រ ដែលមិនខុសពីការចងក្រងក្បាច់គុនទាំងមូលអោយពិភពលោកបានស្គាល់ផងដែរ។

តាមប្រសាសន៍របស់លោកគ្រូ សាន គឹមសាន ដែលជាអ្នកតំឡើងសាច់រឿង ប្រាប់ដល់បណ្តាញសារព័ត៌មានថា ខែ្សភាពយន្តរឿង”ព្រលឹងល្បុក្កតោ”នេះ គឺជាវ៉ៃតប់ គុនបុរាណខ្មែរបែបរស់រវើក។ ភាពយន្តនេះ ចំណាយពេលផលិតជិត២ឆ្នាំ និងទឹកប្រាក់ជាង១០ម៉ឺនដុល្លារ ទម្រាំសម្រេចបានជាសមិទ្ធិផលជូនដល់ទស្សនិកជន។

លោកគ្រូ សាន គឹមស៊ាន បន្តលើកឡើងថា ក្នុងនាមលោកជាស្ថាបនិកល្បុក្កតោ លោកចង់បង្ហាញនូវប្រវត្តិនៃក្បាច់គុន នេះដែលមានចំណុចខ្លាំងពូកែៗរបស់ដូនតា កាលពី១០០ ទៅ២០០ឆ្នាំមុន យកមកលាតត្រដាង ទើបលោកពុះពារតំឡើងរឿងនេះឡើង។ ភាពយន្តនេះស្តែងឱ្យឃើញនូវជីវភាព និងទិដ្ឋភាពរបស់ពលរដ្ឋខ្មែរនាសម័យនោះ អមដោយការរំលេចក្បាច់គុនដើម្បីសុខភាព និង ការពារខ្លួន។ សាច់រឿងក៏ជួយអប់រំកូនចៅជំនាន់ក្រោយ ឱ្យចេះស្រឡាញ់គាំទ្រវប្បធម៌គុណបុរាណខ្មែរ និងបន្តអភិរក្ស ហើយអភិវឌ្ឍ ឱ្យគង់វង្សយូរ អង្វែងដល់ខ្មែរជំនាន់ក្រោយផងដែរ។

គួរបញ្ជាក់ដែរថា ភាពយន្តរឿង«ព្រលឹងល្បុក្កតោ» ត្រូវបានឧបត្ថម្ភការផលិត ដោយឯកឧត្តម «តឹក ង៉ូយ» ដែលសាធារណជនមួយ ចំនួហៅលោកថា«
ស្តេចនំដូណាត់» ដោយសារតែលោកមានសាវតាជាអាជីវករដើមកំណើតខ្មែរដំបូង ដែលនាំពលរ្ឋខ្មែរនៅអាមេរិក បើកហាងលក់នំដូណាត់ តាមរូបមន្តជោគជ័យរបស់ឯកឧត្តម ខណៈដែលអាជីវកម្មទាំងនោះ ក៏ទទួលជោគជ័យតាំងពីបណ្តាឆ្នាំ១៩៨០ ដល់បច្ចុប្បន្ន។ ឯកឧត្តមបានគូសបញ្ជាក់ថា វិភាគទានរបស់លោក គ្រាន់តែមានបំណងចង់ជួយឱ្យក្បាច់គុនល្បុក្កតោខ្មែរកាន់តែល្បី និង សុសសាយ ទាំងក្នុងស្រុក និងក្រៅស្រុក ប៉ុណ្ណោះ។ អ្វីដែលសំខាន់ គឺឯកឧត្តមចង់អោយស្នាដៃនេះ ដក់ជាប់ក្នុងផ្នត់គំនិតរបស់មហាជនខ្មែរ ជាពិសេសអ្នកស្រលាញ់ និងគាំទ្រក្បាច់គុ នខ្មែរ។

ភាពយន្តនេះ នឹងធ្វើសន្និសីទកាសែត និង ដាក់បញ្ចងជូនដៃគូព័ត៌មាន នៅថ្ងៃទី១៦ ខែមីនា ក្នុងឆ្នាំ២០២០នេះ និង បញ្ចាំងផ្លូវការជូនទស្សនិកជន ចាប់ពីថ្ងៃទី៣០ខែមេសា ឆ្នាំ២០២០ នេះតទៅ នៅគ្រប់រោងកុន។

យោងតាមការបញ្ជាក់ ភាពយន្តនេះ ឆ្លុះបញ្ចាំងពីភូមិដាច់ស្រយាល១កន្លែង ដែលប្រជារាស្ត្រតែងត្រូវក្រុមចោរ «តោកំណាច» យាយី​ និងកាប់សម្លាប់ ប្លន់យកទ្រព្យ សម្បត្តិ។ ក្រោយពីលោកគ្រូតា «ស៊ាន» ចុះពីលើភ្នំ ឃើញទ្រព្យសម្បត្តិត្រូវបាត់បង់អស់ ភូមិក៏ត្រូវដុតចោលទៀត ប្រពន្ធគាត់ក៏ត្រូវសម្លាប់ ដោយបន្សល់នូវកូនប្រុសម្នាក់ ស្រីម្នាក់។ ក្រោយមកពួកគេក៏បានកសាងភូមិដ្ឋានថ្មី ដោយ បានទទួលការបង្ហាត់ក្បាច់គុណល្បុក្កតោពីលោកគ្រូតា ជាពិសេសយុវជន និងយុវនារីក្នុងភូមិដែលនៅរួចរស់។ ច្រើនឆ្នាំកន្លងផុតមក ពេលកូនគាត់ពេញវ័យ បានស្រឡាញ់កូនស្រីសេដ្ឋីចិត្តធម៌ម្នាក់។ តែភូមិក៏ត្រូវរងការឆក់ប្លន់ម្តងទៀត ពីក្រុមចោរ «តោកំណាច»នោះ។ លើកនេះអ្នកភូមិរួមគ្នាប្រើក្បាច់គុណដែលខ្លួនចេះ ដើម្បីការពារភូមិ និងបើករបាំង មេចោរ អាថ៌កំបាំងម្នាក់នោះ។ ដូច្នេះហើយទើបក្បាច់គុនដ៏រស់រវើកក៏ត្រូវបានរំលេចក្នុងផ្ទៃរឿងទាំងមូល។

LEAVE A REPLY

Please enter your comment!
Please enter your name here